CEN
ដោយ : សេរី
ភ្នំពេញ: លោក ព្រាប ចន្ទ័វិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការបាននិយាយឲ្យដឹងកាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០១០ថា ស្លាកលេខ PRESS ដែលគេបានយកទៅបំពាក់យានយន្តផ្សេងៗ ជាពិសេសម៉ូតូ មិនមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុងតែអនុវត្តសព្វថ្ងៃនេះទេ ។ ស្លាកលេខ PRESS គេសរសេរដោយខ្លួនគេ ។ ឯស្លាកឈ្មោះវត្តនេះ ឬវត្តនោះក៏នៅមានគេយកទៅបំពាក់រថយន្តដែរ ។ អ្នកប្រើប្រាស់ស្លាកលេខបែបនេះ ខុសច្បាប់ធ្ងន់ធ្ងរណាស់ ។
លោក ហេង ចាន់ធារី ប្រធានការិយាលយ័នគរបាលចរាចរជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១០ នេះដែរថា យានយន្តគ្មានស្លាកលេខ ឬពាក់ស្លាកលេខផ្សេងៗពេលនេះ ឃើញមានតិចតួចណាស់ បើប្រៀបធៀបទៅនឹងមុនពេលមានការត្រួតពិនិត្យតឹងរឹង លើការអនុវត្តច្បាប់ចរាចរណ៍នោះ ។ តែចំពោះម៉ូតូពាក់ស្លាកលេខ PRESS ឃើញនៅមានចំនួនច្រើន ។ យានយន្តប្រើប្រាស់ស្លាកលេខ PRESS នេះគេធ្លាប់បានជូនដំណឹងអោយឈប់ប្រើយូរហើយ ។
ប្រភពខាងលើបានបន្តទៀតថា ស្លាកលេខ PRESS ម្ចាស់យានយន្តគេសរសេរដាក់ខ្លួនឯង ជាស្លាកមិនមានចែងនៅក្នុងច្បាប់ទេ ។ អ្នកប្រើប្រាស់ស្លាកលេខ PRESS សព្វថ្ងៃនេះ បើគិតពីផ្លូវច្បាប់ គឺមានទោសស្មើនឹងអ្នកប្រើប្រាស់ស្លាកលេខក្លែងក្លាយ ។ កន្លងទៅនេះនគរបាលចរាចរនៅតាមគោលដៅ ក្នុងទីក្រុងភ្នំពេញបានឃាត់ម៉ូតូ ដែលប្រើប្រាស់ស្លាកលេខ PRESS ឲ្យដោះ ហើយឲ្យទៅដាក់ស្លាកលេខស្របច្បាប់នៅពេលឃាត់ម្តងៗ ម្ចាស់ម៉ូតូពាក់ស្លាកលេខ PRESS តែងមានបង្កនូវបញ្ហាជាច្រើនជាមួយនឹងសមត្ថកិច្ច ។
លោក ហេង ចាន់ធារី ក៏បាននិយាយដោយទទួលស្គាល់ផងដែរថា រថយន្តឯកជនពាក់ស្លាកលេខខេមរៈភូមិន្ទ ដែលបានស្ងប់ស្ងប់មួយរយៈនោះ ឥឡូវឃើញពាក់ព្រោងព្រាត់ឡើងវិញហើយ ។ បញ្ហានេះខាងនគរបាលចរាចរមិនមានសិទ្ធគាត់រថយន្តទាំងនោះទេ តែបានជួបពិភាក្សាជាមួយខាងអាវុធហត្ថ រួចហើយតែគេចាប់ផ្តើមអនុវត្តការត្រួតពិនិត្យរថយន្តឯកជន ពាក់ស្លាកខេមរៈភូមិន្ទឡើងវិញនៅពេលណានោះមិនទាន់ដឹងទេ ។
ពាក់ពន្ធ័ទៅនឹងយានយន្តប្រើប្រាស់ស្លាកលេខ PRESS នេះលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានរំលឹកដល់អ្នកសារព័ត៌មាន ឲ្យឈប់ប្រើប្រាស់ស្លាកលេខនេះហើយ ក៏បានប្រកាសប្រាប់ដល់សមត្ថកិច្ច ឲ្យធ្វើការត្រួតពិនិត្យយានយន្តណា ដែលនៅបន្តប្រើប្រាស់ស្លាកលេខ PRESS នេះទៅតាមច្បាប់ ។
តាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលស្ថិតនៅជាធរមានត្រង់មានត្រា ៧៧ ចែងថា ជនណាបានប្រើប្រាស់បណ្ណ័បើកបរ បណ្ណ័សម្គាល់យាន ស្លាកលេខសម្គាល់យាន ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថា ជាវត្ថុក្លែងក្លាយ និងជនក្លែងបណ្ណ័បើកបរ បណ្ណ័សម្គាល់យាន ឬលិខិតអនុញ្ញាតផ្សេងៗ ដើម្បីចរាចរយានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ ឬនិងផ្តន្ទាទោសពិនយ័ជាប្រាក់ពី ៤ លានរៀលដល់ ១០ លានរៀល ៕
អានបន្ថែម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment