កោះឯករាជ្យ
ខេត្ដពោធិ៍សាត់ ៖ រថយន្ដពីរគ្រឿង បានបុកគ្នាលាន់ដូចរន្ទះរួចហើយខ្ទាតទៅប៉ះម៉ូតូ២គ្រឿងទៀត បណ្ដាលឱ្យមនុស្ស៤នាក់ រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ដោយ សារគេចរទេះដឹកទឹកកក ។ គ្រោះថ្នាក់ដ៏រន្ធត់ នេះបានកើតឡើងកាលពីវេលាម៉ោង៤និង ២២នាទីទៀបភ្លឺ ថ្ងៃទី២ ឧសភា ២០១០ លើ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើត ស្ពានស្វាយដូនកែវ ចំងាយ២០០ម៉ែត្រ ស្ថិត នៅក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ។លោកង៉ាន វ៉ាន់នី មន្ដ្រីប៉ូលិសចរាចរផ្លូវ គោកខេត្ដឱ្យដឹងថា រថយន្ដបង្កគ្រោះថ្នាក់ទី១ ម៉ាកកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២G-៨១៣៥ និងរថយន្ដទី២ ប្រភេទ បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២N-១០៤៩ ។ មុនពេលកើតហេតុ គេឃើញរថយន្ដ កាមរី ពណ៌សំបកឪឡឹក ធ្វើដំណើរពីលិចទៅ កើត ឯរថយន្ដបាឡែនមកពីកើតទៅលិច បញ្ច្រាសទិសគ្នា ។
លុះទៅដល់ចំណុចខាង លើនាវេលាម៉ោង៤និង២២នាទីទៀបភ្លឺនោះ រថយន្ដពណ៌សំបកឪឡឹក បានគេចរទេះដឹក ទឹកកកមកខាងឆ្វេងដៃ ប៉ុន្ដែមិនផុតក៏បុក បញ្ឆិតបន្ដិចធ្លាក់ទឹកកកបែកពេញថ្នល់ជ្រុល ចង្កូតហួសគំនូសទ្រូងផ្លូវទៅបុករថយន្ដ បាឡែន ដែលកំពុងធ្វើដំណើរបញ្ច្រាសទិស គ្នាលាន់ដូចរន្ទះ ហើយរថយន្ដបាឡែននោះ បានខ្ទាតវិលគូទទៅប៉ះអ្នកអង្គុយលើម៉ូតូ២ គ្រឿង ដែលឈប់ទន្ទឹមគ្នានៅខាងត្បូងផ្លូវ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុង ហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឱ្យ មនុស្ស៤នាក់ រងរបួសធ្ងន់ គឺ១-ឈ្មោះហួន ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ នៅខេត្ដបន្ទាយ មានជ័យ ជិះក្នុងរថយន្ដពណ៌សំបកឪឡឹក ២-ឈ្មោះហេង សុដន ភេទប្រុស អាយុ៤០ឆ្នាំ នៅខេត្ដបាត់ដំបង ជាអ្នកបើករថយន្ដពណ៌ សំបកឪឡឹក ៣-ឈ្មោះស ថាច ភេទស្រី អាយុ៤៤ឆ្នាំ នៅភ្នំពេញ ជិះក្នុងរថយន្ដ បាឡែន និង៤-ឈ្មោះភូ អ៊ឹម ភេទស្រី អាយុ ៤៧ឆ្នាំ នៅឃុំស្វាយដូនកែវ ជាម្ចាស់ម៉ូតូ និង ម្នាក់ទៀតរបួសស្រាលឈ្មោះឃាន ស្រីទូច ភេទស្រី អាយុ២១ឆ្នាំ នៅឃុំស្វាយដូនកែវ ជាម្ចាស់ម៉ូតូ។
អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ EMERGENCY ខេត្ដបាត់ដំបង ឯរថយន្ដបង្កគ្រោះថ្នាក់ដែល ខូចខ្ទេចមុខទាំងពីរគ្រឿងបានស្ទូចដឹកយក មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដ ពោធិ៍សាត់ ដើម្បីដោះស្រាយ ។លោកវរសេនីយ៍ត្រី រស់ ចំរើន ប្រធាន ការិយាល័យនគរបាលចរាចរផ្លូវគោកខេត្ដឱ្យ ដឹងថា រថយន្ដពណ៌សំបកឪឡឹកជាអ្នកខុស ទាំងស្រុង ព្រោះបើកលឿនគេចពីរទេះដឹក ទឹកកកឆ្លងគំនូសផ្លូវមកបុករថយន្ដបាឡែន ដែលកំពុងបើកខាងស្ដាំដៃត្រឹមត្រូវ ប៉ុន្ដែ រថយន្ដពណ៌សំបកឪឡឹកនោះមានប័ណ្ណ ក្រុមហ៊ុនធានារ៉ាប់រងដែលយើងនឹងធ្វើការ ដោះស្រាយទៅតាមច្បាប់ ។
No comments:
Post a Comment