Friday, June 4, 2010

ប៉ូលិស​ចរាចរ​ស្រវឹង​ភ្លេច​ច្បាប់ ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ដួល​សន្លប់

កោះសន្តិភាព
កោះឯករាជ្យ

ខេត្ដបាត់ដំបង ៖ ការ​បើកបរ​ពេលស្រវឹង​ត្រូវ​បាន​ហាម​ដាច់ខាត​ដោយ​ច្បាប់ ស្ដី​ពី​ចរាចរណ៍ ហើយ​ច្បាប់​នេះ​ទៀត ក៏​ត្រូវបាន​អនុវត្ដ​ដោយ​មន្ដ្រី​នគរបាល​ចរាចរ​ដែរ ។ ផ្ទុយ​ទៅ​វិញ មន្ដ្រី​នគរបាល​ចរាចរ​ក្រុង​បាត់ដំបង​មួយ​រូប ទំនង​ភ្លេចខ្លួន គាត់​បាន​ផឹកស៊ី​ស្រវឹង​ជោកជាំ រួច​ជិះ​ម៉ូតូ​ដួល​ពីរ​បី​ត្រឡប់ម្នាក់ឯង​រហូត​ដល់​សន្លប់​បាត់​មាត់​ឈឹង​ ឈាមជោក​ពេញ​ខ្លួន ថែម​ទាំង​មិន​ពាក់មួក​សុវត្ថិភាព​ទៀត ។ សាក្សី​ដែល​បាន​ជួយ​សង្គ្រោះ និយាយ​ថា មន្ដ្រី​នគរបាល​ចរាចរ​រូប​នេះ​ជិះ ម៉ូតូ​ដួល​ខ្លួនឯង​លើ​ផ្លូវ​ក្រួស​ក្រហម​ក្នុងភូមិអូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២ មិថុនា ដោយ​គ្មាន​អ្នក​ណា​ពញាក់​គាត់​ទេ​។

មន្ដ្រី​ចរាចរ​ដែល​ផឹក​ស្រវឹង​រហូត​ភ្លេច បំរាម​នេះ​ត្រូវ​គេ​ប្រាប់​ថា ឈ្មោះ​កុសល ជា មន្ដ្រី​នគរបាល​ក្រុង​បាត់ដំបង ។ បុរសចំណាស់​ម្នាក់​ដែល​ឃើញ​សកម្មភាព​មន្ដ្រី នគរបាល​នេះ​ដួល​ផ្ទាល់​ភ្នែក​និយាយ​ថា គាត់បានឃើញ​មន្ដ្រី​នគរបាល​នោះ​ជិះ​ម៉ូតូ​យ៉ាងលឿន ប៉ុន្ដែ​ភ្លាម​នោះ​ស្រាប់តែ​ដួល​ប្រាវ ។ លុះ​ពេល​គាត់​ស្ទុះ​ទៅ​មើលស្រាប់តែ​ឃើញ នគរបាល​ចរាចរ​ម្នាក់​នោះ​ដួល​សន្លប់​ស្ដូក មាន​ឈាម​ជោក​ដោយ​បែក​មុខ​បែក​មាត់ ហើយ​ធុំក្លិន​ស្រា​ទៀត​ផង ។ គាត់​និយាយ​ថា មន្ដ្រី​នគរបាល​នេះ​ស្រវឹង និង​ជិះ​ម៉ូតូ​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព​ទៀត ។ បើពិនិត្យ​ស្នាម​ដួល គឺ​ម៉ូតូ​គាត់​អូស​ប្រហែល​១០ ម៉ែត្រ​ជិះ​ដួល​ម្នាក់ឯង​គ្មាន​អ្នក​ណា​ប៉ះ​គាត់ទេ ។

ទោះបីជា​បែប​ណា ក្រោយ​ពី​កើតហេតុបន្ដិច ត្រូវ​បាន​គេ​ទាក់ទង​ទៅ​ការិយាល័យ នគរបាល​ចរាចរ​ខេត្ដ ដើម្បី​យក​រថយន្ដ​មក ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ មន្ដ្រី​នគរបាល​ចរាចរ​ខេត្ដ​និយាយ​ថា គេ​បាន​បញ្ជូននគរបាល​ភ្លេច​ច្បាប់​រូប​នេះ​ទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដបាត់ដំបង ។ សមត្ថកិច្ច​បាន​ប្រាប់​ថា បើ​ពិនិត្យ​លើ​មុខ របួស​មិនសូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ប៉ុន្ដែ​បុរស​នេះ សន្លប់​ធំ ដោយសារ​ជាតិ​អាកុល​ក្នុង​ខ្លួន​ច្រើន លើសលប់​ពេក ។ ការ​ប្រព្រឹត្ដិ​របស់​មន្ដ្រី នគរបាល​ចរាចរ​រូប​នេះ​បាន​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ ប្រជាពលរដ្ឋ ដែល​គាត់​ជា មន្ដ្រី​នគរបាល​ចរាចរ​តែង​ដាស់តឿន​គេ​កុំឱ្យបើកបរ​ពេល​ស្រវឹង ហើយ​ត្រូវ​ពាក់មួកសុវត្ថិភាព​តែ​ខ្លួន​គាត់​បែរជា​មិន​គោរព​ទៅវិញ ។

ដកស្រង់ពី

No comments: