កម្ពុជាថ្មី
ភ្នំពេញ ៖ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក ដោយមាន ប្រសាសន៍ថា យើងត្រូវនាំគ្នាគោរពឱ្យសមនឹងពាក្យស្លោកដែលថា «យើងគោរពច្បាប់ចរាចរណ៍ដើម្បីទាំងអស់ គ្នា ហើយទាំងអស់គ្នាដើម្បីគោរពច្បាប់ ចរាចរណ៍» ហើយក៏ត្រូវនាំគ្នាធ្វើអនាម័យផងដែរ ។
នៅក្នុងពិធីសម្ពោធ ស្ពានអាកាសក្បាលថ្នល់ នៅរាជធានីភ្នំពេញលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃ២៤ មិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំសូមអំពាវនាវចំពោះអ្នកបើកបរទាំងអស់សូមមេត្តាគោរពជីវិត ខ្លួនឯង ស្រឡាញ់ជីវិតខ្លួនឯង ។ សម្តេចតេជោថ្លែងថា នៅពេលដែលមានគ្រោះថ្នាក់ចរាចរកើតឡើងជួន កាលមិនមែនអ្នកដែលត្រូវបុកនោះសុទ្ធតែស្លាប់នោះទេ ប៉ុន្តែជួនកាលគឺអ្នកបុកគេទេដែលស្លាប់នោះ តែក្នុងករណីមិនដល់ ថ្នាក់ស្លាប់ក៏យើងជាអ្នកបង្កត្រូវមានទោសជាប់ពន្ធនាគារ ឬក៏ត្រូវទទួលនូវការផាកពិន័យដែរ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សូមប្រជាពលរដ្ឋទាំងអស់រួមគ្នាធ្វើអនាម័យ ព្រោះបើយើងធ្វើចរាចរមានសណ្តាប់ធ្នាប់ បូកទៅដោយគ្មានសម្រាមពាសវាល ពាសកាលនៅតាមដងផ្លូវ នៅតាមសួនច្បារនោះហើយគឺជាភាពស៊ីវិល័យរបស់ជាតិសាសន៍ ដែលគេសម្លឹងឃើញនោះ ។ សម្តេចថ្លែងថា ប្រាកដណាស់ យើងមានផ្លូវ ស្ពានជាច្រើននៅរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក ប៉ុន្តែយើងក៏កំពុងប្រឈមមុខនឹងភាពកកស្ទះចរាចរណ៍ផងដែរ ដែល បង្កឡើងដោយការមិនគោរពច្បាប់ចរាចរណ៍ និង កំណើនយានយន្តដ៏ច្រើនសន្ធឹកសន្ធាប់ ។ សម្តេចតេជោបានកត់សម្គាល់ថា ការមិនគោរពច្បាប់ចរាចរណ៍ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និង ភាពគ្មានសណ្តាប់ធ្នាប់នៅលើដងវិថីនានា ក្នុងពេលបច្ចុប្បន្ននេះបានបង្កឱ្យមានភាពកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍ ហើយក៏កំពុងក្លាយជាជំងឺមួយនៅក្នុងសង្គមយើងផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំយល់ថាភាពកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍មិនអាចដោះស្រាយបាន ដោយគ្រាន់តែយើងស្ថាបនាផ្លូវ ស្ពាន ធ្វើគំនូសផ្លាកចរាចរណ៍ ដាក់របាំងកណ្តាលទ្រូងផ្លាក និងការដាក់ប៉ូលីសចរាចរ ប្រចាំតាមដងវិថីប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ពីសំណាក់អ្នកធ្វើ ដំណើរទាំងអស់ផងដែរ ។
សម្តេចតេជោថ្លែងថា កម្លាំងនគរបាលចរាចរណ៍ពិតជាមិនអាចគ្រប់គ្រងបានចំពោះស្ថានភាព ធ្ងន់ធ្ងរនូវភាពអនាធិបតេយ្យ និងការមិនគោរពច្បាប់ចរាចរណ៍បានទេ នៅខណៈពេលដែលអ្នកដំណើរមិនខ្លាច ឬមិនគោរពការបញ្ជាចរាចរណ៍ របស់កំលាំងនគរបាលនោះ ។ សម្តេចថ្លែងបន្តថា កម្លាំងនគរបាលចរាចរណ៍ត្រូវបន្តបំពេញតួនាទីរបស់ខ្លួនល្អ គោរពច្បាប់ជាធំ ហើយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ចៀសវាងការប្រើប្រាស់តួនាទី ភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុម របស់ខ្លួន ។ ខ្ញុំសូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមរួមគ្នាលើកដំឡើងកិត្តិយសជាតិតាមរយៈ ការគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់បំផុត ចំណែកកងកម្លាំងនគរបាលចរាចរណ៍ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ វិជ្ជាជីវៈ បម្រើសាធារណជនដោយពិតប្រាកដ ។
យោងតាមរបាយការណ៍របស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញឱ្យដឹងថា ស្ពានអាកាសដែលស្ថិតនៅ ពីលើគល់ស្ពានព្រះមុនីវង្សចាស់ និងស្ពានព្រះមុនីវង្សថ្មីធ្វើអំពីបេតុងអាម៉េ មានបណ្តោយប្រវែង ៣០៨ ម៉ែត្រ ទទឹង១៤,២ ម៉ែត្រកម្ពស់ ៥,២០ ម៉ែត្រ និងចំណាយថវិកាអស់ ៦,៤៤០,២១៦ ដុល្លារអាមេរិក ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំយល់ថា ស្ពានអាកាសនេះនឹងជួយលើកតម្កើងមុខមាត់របស់រាជធានីភ្នំពេញ ដែលជាបេះដូង ជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ហើយជាមួយគ្នានេះ ថែមទាំងបានក្លាយជាចំណុចចាប់ផ្តើមសម្រាប់ឈានឆ្ពោះទៅការស្ថាបនា ស្ពានអាកាសនៅទីកន្លែងដទៃទៀតរបស់រាជធានីភ្នំពេញ និង ខេត្ត ក្រុងនានា ក្នុងខណៈពេលដែលប្រទេសជាតិ កាន់តែមានការរីកចម្រើន និងមានសេដ្ឋកិច្ចឈានហក់ឡើងជារៀលរាល់ឆ្នាំនោះ ។ សម្តេចតេជោថ្លែងថា ជាមួយនឹង ស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ការរីកចម្រើននៃសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានកន្លងមក កម្ពុជា មានតម្រូវការចាំបាច់នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបាន គ្របដណ្តប់នៅទូទាំងប្រទេស និងមានភាពទំនើបទាន់សម័យកាល នៃសេចក្តីត្រូវការចាំបាច់ក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ដូចជាការកសាងស្ពានអាកាស ស្ពានក្រោមដី ស្ថានីយ៍ ចំណតរបស់អ្នកដំណើរ និងអយស្ម័យយានជាដើម ។ សម្តេចមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពិតមែនតែហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានពង្រីក និងកែលម្អគួរឱ្យកត់សម្គាល់ និងគួរជាទីមោទនៈក៏ពិតមែន ប៉ុន្តែយើងមិនបញ្ឈប់សកម្មភាពរបស់យើងត្រឹមប៉ុណ្ណឹងទេ ពោលគឺយើងត្រូវខិតខំប្រឹងប្រែងស្ថាបនា ជួសជុល កែលម្អបន្ថែមទៀត ទាំងនៅទីតាំងចាស់ និងនៅទីទាំងថ្មី ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំយល់ឃើញថា យើងត្រូវខិតខំបំពេញការងាររបស់យើងឱ្យមានប្រសិទ្ធភាព មានការគ្រប់គ្រងល្អ ស្វែងរកប្រភពចំណូលឱ្យបានច្រើនសម្រាប់ចំណាយវិនិយោគសាធារណៈ ដែលជួយគាំទ្រការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច និង អនុវត្តគម្រោងអភិវឌ្ឍនានា ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពិសេសនៅតំបន់ដែលមានសក្តានុពលលូតលាស់ដូចជារាជធានីភ្នំពេញ ខេត្ត ក្រុងជាដើម គឺជាអាទិភាពមួយដ៏សំខាន់សម្រាប់សម្រេចបាននូវចក្ខុវិស័យខាងលើ ដែលទាមទារឱ្យយើងមានការប្តេជ្ញាចិត្តខ្ពស់ មានការទទួលខុសត្រូវខ្ពស់ និងមានសមត្ថភាពគ្រប់គ្រាន់ ។
សម្តេចតេជោថ្លែងថា ខ្ញុំដឹងច្បាស់ណាស់ថា យើងនៅមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងខណៈពេលដែលសង្គមយើងកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ហើយតម្រូវការធ្វើដំណើរ និងដឹកជញ្ជូនកំពុងមានកំណើនយ៉ាងខ្លាំងដែរ ។ ស្ថិតក្នុងស្ថានភាពនេះ ប្រសិនបើយើងមិនជំរុញដល់ការស្ថាបនា ការជួសជុល ការពង្រីក និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្លូវស្ពានទេ នោះយើងមិនអាចនឹងដោះស្រាយបានពីបញ្ហាកកស្ទះចរាចរណ៍ សមាហរណកម្មផ្ទៃក្នុងនៅតំបន់នេះ និងជុំវិញនេះនឹងមិនអាចសម្រេចបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និងសមភាពនៃការបែងចែក ផ្លែផ្កានៃកំណើនបានទេ ៕
ពត៌មានផ្សេងទៀត
User:Thinns/sandbox
-
← Previous revision Revision as of 12:02, 22 December 2024
Line 1: Line 1:
this is my sandbox
this is my sandbox
{{Short description|Indian Telugu jour...
31 minutes ago
No comments:
Post a Comment