បាត់ដំបង ៖ រថយន្តបង្កដែលជារថយន្តទំនើបមួយគ្រឿង បានបុកបង្គោលភ្លើងរហូតដល់បាក់ នឹងផ្ទុះពោងទាំងពីរ បន្ទាប់ពីបានបុកកង់និងម៉ូតូរួចហើយព្យាយាមបើករត់គេច។
បង្គោលភ្លើងមួយដើមត្រូវបានបាក់រលំកាត់ ផ្លូវ បន្ទាប់ពីត្រូវបានរថយន្តទំនើបមួយគ្រឿងបុក យ៉ាងពេញទំហឹង កាលពីព្រលប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១០ នៅចំណុចក្បែរបឹងតាម៉ុក ស្ថិតក្នុង ភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំកាលពីវេលាម៉ោង ១៧ និង១០នាទី។
មន្រ្តីនគរបាលចរាចរមួយរូបបានបញ្ជាក់ថា អ្នកបើកបររថយន្តនេះទំនងជាផឹកស៊ីនៅក្នុងស្រុក ឯកភ្នំ រួចក៏ធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង។ លុះមកដល់ចំណុចផ្សារព្រែកក្រូច ក៏បានប៉ះទៅលើ អ្នកជិះកង់បណ្ដាលឲ្យដួល នៅពេលនោះរថយន្តក៏បានរេចង្កូតទៅឆ្វេង ហើយក៏បុកទៅលើបង្គោល នោះបាក់រលំកាត់ទទឹងផ្លូវតែម្ដង ចំណែកអ្នកបើកបរបានសន្លប់នៅក្នុងរថយន្តនោះតែម្ដង ថែមទាំង ផ្ទុះពោងទាំង២ផង។
រថយន្តបង្កនោះបើកបរដោយឈ្មោះកុល សិលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ជិះរថយន្តម៉ាករេហ្វរ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A6769 ។ នៅ ពេលដែលសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ ដើម្បីស្ទូចរថយន្តនោះ គេសង្កេតឃើញតែអ្នកបើកបរ សន្លប់ក្នុងរថយន្តម្នាក់ឯងប៉ុណ្ណោះ។ តែដោយឡែកនៅត្រង់កញ្ចក់រថយន្តដែលបែកនោះមានជាប់ សក់នារីផងដែរ។
ចំណែកតម្លៃខ្សែ និងបង្គោលភ្លើង ត្រូវបានកំណត់តម្លៃដោយក្រុមហ៊ុនឯកជនដែលជាវដុំពី អគ្គិសនី ព្រោះគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទៅតាមទ្រង់ទ្រាយដែលខូចខាតក្នុងករណីជាក់ស្ដែង។ រហូតដល់ពេលនេះអ្នកបើកបរពុំទាន់ចូលខ្លួនទៅការិយាល័យចរាចរដើម្បី ដោះស្រាយទេ៕
No comments:
Post a Comment