កំពង់ឆ្នាំង ៖ នៅម៉ោង ៦និង៥០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១០ នៅចំណុចលើផ្លូវជាតិ លេខ៥ ផ្លូវកោងមុខសាលាបំពេញវិជ្ជាខេត្ត ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មាន ករណីគ្រោះថ្នាក់មួយបានកើតឡើង បណ្ដាលឲ្យមនុស្ស២នាក់រងរបួសស្រាល។
សមត្ថកិច្ច នគរបាល ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថាម៉ោងខាងលើ រថយន្តម៉ាកកូរ៉េ ១គ្រឿង ដឹកស្រាបៀរឲ្យក្រុមហ៊ុន ANCHOR ពាក់ស្លាកលេខ ច៩០៧៨ ភព២ បានបើកពីត្បូងមកជើងមកដល់ចំណុចខាងលើ ជាផ្លូវ កោង ក៏របើកទ្វារចំហៀងខាងស្ដាំរបស់រថយន្ត ធ្លាក់ស្រាបៀរជាង៥០កេះ មកលើផ្លូវជាតិ បណ្ដាល ឲ្យប៉ះអ្នកជិះកង់ម្នាក់ និងអ្នកជិះម៉ូតូម្នាក់រងរបួសស្រាល។
អ្នក បើកបររថយន្តនោះឈ្មោះម៉ក់ សំអុល អាយុ២២ឆ្នាំ ភេទប្រុស រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ធ្វើការក្នុងក្រុមហ៊ុនស្រាបៀរ ANCHOR ។ ជនរងគ្រោះទី១ឈ្មោះ នូ សុបូរ៉ានី អាយុ១១ឆ្នាំ ភេទស្រីជិះកង់ជាសិស្សសាលា ត្រូវបានគេសំរុះសំរួលសងលុយចំនួន១០ម៉ឺនរៀល។ ឯ ជនរងគ្រោះទី២ឈ្មោះ តូច យ៉េន អាយុ៤២ឆ្នាំ ភេទប្រុស ជិះម៉ូតូ មិនទាន់ចូលខ្លួនមកដោះស្រាយទេ កំពុងព្យាបាលរបួស។ ករណីគ្រោះថ្នាក់នោះ សមត្ថកិច្ចនិយាយថា មកពីអ្នកបើកបររថយន្តប្រហែស ភ្លេចចាក់សោរទ្វារចំហៀងរថយន្ត ទើបពេលបើកដល់ផ្លូវកោងបត់ទ្វារចំហៀងរបស់រថយន្តរអិលរបើកឡើង ហើយកេះស្រាបៀរក៏រអិលធ្លាក់មកប៉ះចំអ្នកកំពុងធ្វើដំណើរតាមដង ផ្លូវតែម្ដង។
រថយន្ត ត្រូវសមត្ថកិច្ចឃាត់ទុកក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយជាមួយជនរងគ្រោះ៕
No comments:
Post a Comment