Monday, June 28, 2010

បុរស​ជនជាតិ​បារាំង​បើករថយន្ត​បុក​ម៉ូតូ​របួស​បាក់ជើង ២​នាក់​

CEN
ភ្នំពេញ: បុរស​ជនជាតិ​បារាំង​ម្នាក់ បាន​បើករថយន្ត​ម៉ាក Ford របស់​ក្រសួង​កសិកម្ម​ បុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ផ្លូវខ្វែង​បណ្តាល​ឲ្យ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​របួស​បាក់ជើង និង​ស្ត្រី​ម្នាក់​ទៀត​របួសស្រាល ។​

​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាង​លើក​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ០០ និង ៣០ នាទីអធ្រាត្រ​ ថ្ងៃ​ទី ២៥ មិថុនា នៅ​ចំណុច​មហាវិថី​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ ១៣៦ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ។​

​ ​ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក Ford ពណ៌​ស​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​រដ្ឋ ១៧.២.០៣៥៧ ជា​កម្មសិទ្ធិ​របស់​ក្រសួង​កសិកម្ម បើកបរ​ដោយ​ឈ្មោះ Stephane Boulakia ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​ទីប្រឹក្សា​ក្រសួង​កសិកម្ម ស្នាក់​នៅផ្ទះ​លេខ ៤២ ផ្លូវ​៤៨៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ទ្រី ឌី​ម៉ង់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក របួស​បាក់​ជើង​ស្តាំ បើកបរ​ម៉ូតូ​ម៉ាក Step ពណ៌​ស ស្លាក​លេខ កំពត 1A 8328 ។ អ្នករួមដំណើរ​ទី ១​ឈ្មោះ អន ស្រី​ពេជ្រ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ របួស​បាក់ជើង​ស្តាំ និង​ទី​២ ឈ្មោះ ឌឹ​ម បុប្ផា ភេទ​ស្រី អាយុ ១៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ជាមួយគ្នារបួសស្រាល ។​

​ប៉ូលិស​បន្តថា មុន​កើតហេតុ​ម៉ូតូ​បើក​តាមផ្លូវ ១៣៦ ពី​លិច​ទៅ​កើត​ឆ្លងផ្លូវ​ព្រះ​នរោត្តម ស្រាប់តែ​រថយន្ត​បើក​យ៉ាង​លឿន​តាមផ្លូវ​ព្រះ​នរោត្តម​ពី​ត្បូង​ទៅ​ជើង​បុក​ ចំ​ទទឹង​ម៉ូតូ​បណ្តាល​ឲ្យ​ម៉ូតូ​ប៉ើង​ខ្ទាត​ដូច​ស្លឹកកណ្តប របួស​បាក់ជើង ២​នាក់ និង​ស្រាល​ម្នាក់ ។ រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ដល់​ម្តុំ​ផ្សារ​ចាស់ ទើប​សមត្ថកិច្ច​ចាប់បាន ។ បច្ចុប្បន្ន​យានយន្ត​ទាំង ២​រក្សាទុក​នៅ​សង់​ត្រាល់ រីឯ​ជនរងគ្រោះ​ទាំង ៣​នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ៕

No comments: