ដោយ : សូរិយា
ពោធិ៍សាត់: មនុស្ស ២ នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរមួយ កាលពីវេលាម៉ោង ៣ និង ១៥ នាទីទៀបភ្លឺឆ្លងចូលថ្ងៃទី ១៦ មិថុនា ២០១០ លើបណ្តោយថ្នល់ជាតិលេខ៥ ត្រង់ចំណុចភូមិក្រាំងនំ ឃុំអូរសណ្តាន់ ស្រុកក្រគររវាងរថយន្ត និងម៉ូតូ ។
លោក ង៉ាន់ វ៉ាន់មី ប្រធានផ្នែកចរាចរជើងគោក ប៉ូលិសខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នោះ មានឈ្មោះ ងួន ដារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិស្ថានីយ សង្កាត់ស្វាយអាត់ និងម្នាក់ទៀតឈ្មោះ វិន នូតុលា អាយុ ២០ ឆ្នាំ ភេទប្រុស ជាជនជាតិវៀតណាម រស់នៅភូមិពាលញែកទីពីរ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ដូចគ្នា ។ ជនរងគ្រោះទាំងពីរជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរី 05 ឌុបគ្នា ជិះពីលិចទៅកើត ។ ចំណែករថយន្តម៉ាកហ៊ីយានដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A 1302 បើកពីកើតទៅលិច ក្នុងទិសទៅបញ្ច្រាសទិសគ្នា ។ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្ទាប់ពីហេតុការណ៍កើតឡើង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា យុវជនរងគ្រោះទាំង ២ នាក់ ខាងលើ បានបើកម៉ូតូយ៉ាងលឿន ក្នុងភាពស្រវឹងស្រាជោកជាំ ។ ប្រភពបន្តថា ពេលបើកម៉ូតូមកដល់ចំណុចកើតហេតុ ជនរងគ្រោះទាំងពីរ ក៏បើកម៉ូតូវ៉ារថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នា តែក្នុងខណៈនោះ ក៏មានរថយន្តហ៊ីយានដាយខាងលើបើកមកពីមុខ ក៏វ៉ាក់គ្នាទាំងសងខាងមិនអាចបញ្ជាយានជំនិះរបស់ខ្លួនបាន ក៏បុកគ្នាទាំងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរស្លាប់ៗភ្លាម ។
ប៉ូលិសបានអូសយករថយន្ត និងម៉ូតូជនរងគ្រោះមកទុកនៅការិយាល័យចរាចរជើងគោកស្នងការដ្ឋាន ប៉ូលិស ខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយពេលក្រោយ ៕
អានបន្ថែម
No comments:
Post a Comment