Sunday, March 21, 2010

មួយយប់គ្រោះថ្នាក់ចរាចរណ៌២លើក ស្លាប់ម្នាក់ របួស ៣នាក់

CEN News

ភ្នំពេញ: នាយប់ថ្ងៃទី ១៩ មីនា កន្លងទៅនេះ នៅរាជធានីភ្នំពេញ យ៉ាងហោចមានករណីគ្រោះថ្នាក់ចរាចរកើតឡើង ២លើក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣នាក់ ទៀតរបួស ដោយមូលហេតុអ្នកបើកបរស្រវឹងស្រា និងបើកបរខ្វះការប្រុងប្រយ័ត្ន ។

* ករណីទី១: នៅវេលាម៉ោង ៧ និង ៤០ នាទី យប់ថ្ងៃទី ១៩ មីនា នេះនៅចំណុចផ្លូវបេតុង មុខរោងចក្រកាត់ដេរវ៉នរិច ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌដង្កោ មានករណីរថយន្ត Land Cruiser មួយគ្រឿង បើកបុកម៉ូតូចតស្ងៀម បណ្តាលឲ្យរបួសបុរសម្នាក់ ហើយរថយន្តព្យាយាមបើករត់ ទៅបុកកម្មការិនី ២នាក់ ទៀតរងរបួសធ្ងន់ និងមធ្យម ។
ប៉ូលិសខណ្ឌដង្កោ បានឲ្យដឹងថា រថយន្តបង្កម៉ាក Land Cruiser ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2F 2497 បើកបរដោយក្មេងប្រុសជំទង់ម្នាក់ ដែលគេឃើញទំនងស្រវឹងស្រា ហើយរត់គេចបាត់ ។ ចំណែកជនរងគ្រោះឈ្មោះ គឹម ធឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ របួសបាក់ជើងស្តាំ បើកបរម៉ូតូសង់កូរ៉េ ពណ៌ស្លាទុំ ស្លាកលេខ កែប 1A 1652 ខូចខ្ទេចដោយសាររថយន្តបើកអូសចម្ងាយ ១០០ម៉ែត្រ ។ កម្មការិនី ២នាក់ ដែលរងរបួសឈ្មោះ ភិន សុភាព អាយុ ១៧ឆ្នាំ និងឈ្មោះ រី សារ៉ា អាយុ ១៨ឆ្នាំ ។ ជនរងគ្រោះទាំង ៣នាក់ កំពុងព្យាបាលនៅពេទ្យឯកជន ។
សាក្សី បានបំភ្លឺប្រាប់ប៉ូលិសថា មុនកើតហេតុគេឃើញរថយន្តបង្កបើកតាមផ្លូវបេតុង កាត់តាមមុខផ្ទះលោក ទូច ណារ៉ុថ ស្នងការប៉ូលិសក្រុង រួចបត់ទៅជើងយ៉ាងលឿន ។ លុះដល់មុខរោងចក្រកាត់ដេរវ៉នរិច ក៏បុកម៉ូតូកំពុងចតស្ងៀមចាំម៉ូយ បណ្តាលឲ្យជនរងគ្រោះបើងដូចស្លឹកកណ្តប បាក់ជើងស្តាំ ហើយម៉ូតូអូសពីក្រោម បែកផ្កាភ្លើងពេញថ្នល់ ចម្ងាយប្រមាណ ១០០ម៉ែត្រ ក៏ឡើងលើចិញ្ចើមថ្នល់បុកកម្មការិនី ២នាក់ ទៀតកំពុងឈរទិញបាយម្ហូប បណ្តាលឲ្យរងរបួសធ្ងន់ និងមធ្យម ។ រថយន្តបានជ្រុលបុកបង្គោលសំយ៉ាបផ្ទះគេបាក់ទើបឈប់ ហើយអ្នកបើកបរវ័យក្មេងបានព្យាយាមរត់បាត់ ។

រថយន្ត និងម៉ូតូរក្សាទុកនៅខណ្ឌដង្កោដោះស្រាយទៅតាមច្បាប់ ។
* ករណីទី២: វេលាម៉ោង ១១ និង ៤៤០ នាទីយប់ថ្ងៃដដែល នៅមុខទីបញ្ជាការប៉េអឹមក្រុងភ្នំពេញ ផ្លូវចោមចៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានករណីរថយន្តធំមួយគ្រឿង បើកចេញពីទីបញ្ជាការបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តជ្រុលបុកផ្ទះល្វែងខូចអស់ ៣ ល្វែងថែមទៀត ។

ប៉ូលិស ខណ្ឌមានជ័យបានឲ្យដឹងថា រថយន្តបង្កម៉ាក HINO ពណ៌លឿង ស្លាកលេខភ្នំពេញ 3A 7505 អ្នកបើកបររត់បាត់ ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ូ បាន ភេទប្រុស អាយុ ៥០ ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ ៣៦៤ ភូមដំណាក់ធំ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ទឹកប៊ិច ស្លាកលេខ 1578 ភព1 ។

ប៉ូលិស បានឲ្យដឹងថា មុនកើតហេតុរថយន្តបានបើកចេញពីទីបញ្ជាការប៉េអឹមក្រុង ហើយជ្រុលបុកម៉ូតូកំពុងធ្វើដំណើរតាមផ្លូវចោមចៅពីកើតទៅលិច បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ រថយន្តបានជ្រុលចង្កូតបុកផ្ទះល្វែងនៅខាងមុខខូចខាតអស់ ៣ ល្វែងថែមទៀត ។ ឃើញហេតុការណ៍មិនស្រួលអ្នកបើកបររត់បាត់ ។ រថយន្តនិងម៉ូតូរក្សាទុកនៅខណ្ឌ ។ សពតម្កល់នៅវត្តស្ទឹងមានជ័យ ។

គួរ រំលឹកដែរថា កាលពីយប់ថ្ងៃទី ១៨ មីនានៅក្រុងភ្នំពេញ ក៏មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ២ លើក បណ្តាលឲ្យមនុស្ស ៤ នាក់ រងរបួសធ្ងន់ គឺទីមួយម៉ូតូ និងម៉ូតូបុកគ្នា នៅផ្លូវចោមចៅ ខណ្ឌដង្កោ បណ្តាលឲ្យបុរស ២ នាក់ របួសធ្ងន់ដេកពេទ្យចន្ទ្រា និងទីពីរ ម៉ូតូ និងម៉ូតូបុកគ្នា ជិតស្តុបកម្ពុជាវៀតណាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណា្តលឲ្យរបួសធ្ងន់ម្នាក់ ស្រាល់ម្នាក់ ដេកពេទ្យកាល់ម៉ែត ។
ទោះបីអាជ្ញាធររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងណាគេសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរនៅតែកើតមានឡើងស្ទើររាល់ថ្ងៃ ៕

No comments: