Tuesday, March 16, 2010

ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​គ្នា​ដួល​ត្រូវ​រថយន្ដ​កិន​ស្លាប់​លើ​កំណាត់​ មហាវិថី​ព្រះ​នរោត្ដម

កោះសន្តិភាព​​​ Narin
រាជធានីភ្នំពេញ ៖ និស្សិតពេទ្យម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែតរយៈពេលមួយម៉ោង ក្រោយពីនិស្សិតនោះជិះម៉ូតូហើយប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលកណ្ដាលថ្នល់ ហើយត្រូវរថយន្ដកិនពីលើ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើកំណាត់មហាវិថីព្រះនរោត្ដម ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១០ ។
ជនរងគ្រោះក្នុងឧបទ្ទវហេតុខាងលើឈ្មោះឯក រ៉ាឌី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង មកភ្នំពេញ ស្នាក់នៅជាមួយបងប្អូន។ សាក្សីនៅកន្លែងកើតហេតុបានឱ្យសមត្ថកិច្ចដឹងថា គេឃើញយុវជនម្នាក់នេះជិះម៉ូតូម្នាក់ឯងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AF 1662 លើមហាវិថីព្រះ នរោត្ដមឆ្ពោះទៅរមណីយដ្ឋានវត្ដភ្នំ លុះមកដល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ស្រាប់តែម៉ូតូបានប៉ះនឹងដៃចង្កូតម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរ ស្របទិសគ្នាបណ្ដាលឱ្យម៉ូតូយុវជននោះដួលកណ្ដាលថ្នល់ ។ ខណៈពេលម៉ូតូដួលនោះ គេឃើញយុវជនរងគ្រោះដេកដួលលើថ្នល់ក្នុងចំណែកផ្លូវរថយន្ដ ស្របពេលនោះដែរ ក៏មានរថយន្ដមួយគ្រឿងមិនចាំម៉ាក បើកមកពីក្រោយបានកិនយុវជនរូបនេះបណ្ដាលឱ្យប្រកាច់ត្រដរខ្យល់ ព្រមទាំងមានឈាមហូរតាមមាត់ផង។ទាំងភាគីម៉ូតូម្ខាងទៀត ក៏ដូចជារថយន្ដដែលកិនយុវជននោះ បាននាំគ្នាបើកគេចខ្លួនទៅបាត់អស់ ដោយបន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ លុះបន្ដិចក្រោយមក ទើបឃើញរថយន្ដសង្គ្រោះមកដឹកយុវជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត។គ្រូពេទ្យបានឱ្យដឹងថា ដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង៣និង៤០នាទីរសៀលនាថ្ងៃដដែល ហើយត្រូវបានក្រុមគ្រួសារដឹកតាមរថយន្ដយកទៅធ្វើបុណ្យនៅឯស្រុកអូរ រាំងឪ ខេត្ដកំពង់ចាម ។នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនិយាយថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៨លើក បណ្ដាលឱ្យស្លាប់ចំនួន២នាក់ របួសធ្ងន់៩នាក់ របួស ស្រាលចំនួន៥នាក់ ។មូលហេតុបណ្ដាលមកពីបើកបរហូបគ្រឿងស្រវឹងចំនួន១ លើកបើកប្រជែងគ្នាមួយលើក បើកមិនគោរពសិទ្ធិអាទិភាពចំនួន២លើក បើកមិនប្រកាន់ស្ដាំ មួយលើក និងបើកបរធ្វេសប្រហែសចំនួន២លើក ។ ការបើកបរគ្រប់ពេលត្រូវតែប្រុង ប្រយ័ត្ន ។

No comments: