Saturday, March 20, 2010

ក្មេង​ទំនើង​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ថ្នល់​ភ្លាត់​ ស្នៀត​ដួល​បែក​មុខ


កម្ពុជាថ្មី










កំពង់ឆ្នាំង ៖ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១០ វេលា​ម៉ោង​១៧​ នៅ​ចំណុច​រង្វង់​មូល​ស្តាត ចាស់ ក្នុង​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេរ ក្រុង​កំពង់​ឆ្នាំង មាន​ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរ ដោយ​ខ្លួន​ឯង​មួយ បង្ក​ឡើង​ដោយ ឈ្មោះ សុខ លីកុសល ភេទ​ប្រុស អាយុ​​១៦​ឆ្នាំ ជា​សិស្ស រស់​នៅ​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង បណ្ដាល​ឲ្យ​របួស​បែក​មុខ ឈាម​ហូរ​ពេញ​ខ្លួន។

សាក្សី ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ក្មេង​ ទំនើង​ម្នាក់​បើក​ម៉ូតូ C125 ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កំពង់​ឆ្នាំង 1A 7344 បើកបរ​ពី​ត្បូង​មក​ជើង ជាមួយ​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹក​សមុទ្រ ពាក់​ផ្លាក លេខ ក1179 ក.ឆ១។ មុន​ពេល​កើត​ហេតុ​ម៉ូតូC125 បាន​បើក​ជ្រែ​លេង​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​រូប​ភាព​ឲ្យ​គេ​ស្ញប់ស្ញែង តែ​ចៃដន្យ​ភ្លាត់​ស្នៀត​ក៏​ដួល​ខ្លួន​ឯង​បែក​ចិញ្ចើម​ខាង​ស្ដាំ ហូរ​ឈាម​ស្រោច​ខ្លួន​​សន្លប់​មួយ​​សន្ទុះ​​ធំ។ បន្ទាប់​មក​មិត្ត​ភក្ដិ​របស់​គេ​ជិះ​ម៉ូតូ​គុប ក៏​ឈប់​ម៉ូតូ ជួយ​លើក​មិត្តភក្ដិ​រងគ្រោះ​នោះ​យក​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត តែ​ពេល​គេ​ដឹង​ខ្លួន​វិញ អ្នក​រងគ្រោះ​នោះ​ចចេស​មិន​ព្រម​ទៅ​ពេទ្យ​ទេ ក៏​ស្ទុះ​មក​លើក​ម៉ូតូ​បញ្ឆេះ​បំណង​គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​មក​ទាន់​ឃាត់​ម៉ូតូ​ជាប់​ យក​ទៅ​រក្សា​ទុក​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង ដើម្បី​អប់រំ​ដល់​អ្នក​បើកបរ​ទំនើង​រូប​នេះ៕

No comments: