Wednesday, March 24, 2010

បើករថយន្ត​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់ និង​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ ប៉ូលិស​ឃាត់ខ្លួន​មនុស្ស ៣ នាក់​

ដោយ : ចក្រី CEN News
កំពត: មនុស្ស​បីនាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ​២០១០ ព្រោះតែ​ពាក់ព័ន្ធ​នឹង​ករណី​បើករថយន្ត​បុក អ្នកជិះ​ម៉ូតូ​ម្នាក់​បណ្តាលឱ្យ​ស្លាប់​នៅលើ​ដង​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិ​ប្រផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស និង​ការផ្តល់​សក្ខីកម្ម​ក្លែងក្លាយ ។

សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង ៧ និង ១០ នាទី​យប់ ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១០ មាន​ករណី​គ្រោះថ្នាក់​ចរាចណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ទួរីស​បុក​ម៉ូតូ​មួយគ្រឿង ពេល​បើកបរ​ច្រាស់ទិស​គ្នា​លើ​ផ្លូវជាតិ​លេខ​៣១ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ប្រផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ហើយ​រថយន្ត​បាន​បើក​គេច​បាត់ ។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ គង់ តែ​ន ភេទ​ប្រុស អាយុ ៦២​ឆ្នាំ ទីលំនៅ​ភូមិ​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ជា​មេឃុំ​ត្រពាំង​សាលា​ខាងលិច ។ ទោះបី​រថយន្ត​គេច​បាត់​ក្តី តែ​តាមរយៈ​ភិនភាគ និង​ស្លាក​លេខ សមត្ថកិច្ច​បាន​ស្វែងរក​ឃើញ​ពេល​កំពុង​ជួសជុល​ក្នុង​យានដ្ឋាន​មួយ​ស្ថិតនៅ​ ស្រុក​កំពង់ត្រាច ។ ជាមួយនឹង​ការឃាត់ខ្លួន​អ្នកបើកបរ និង​រថយន្ត សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​ព្រម​ទាំង​ម្ចាស់​យានដ្ឋាន​ ជួសជុល​ផងដែរ ដែល​បាន​ផ្ដល់​សក្ខីកម្ម​ក្លែងក្លាយ​ពេល​សមត្ថកិច្ច​ចុះ​តាមដាន​ធ្វើ​ការងារ ​នេះ ។

លោក​វរសេនីយ៍ឯក អ៊ឹម ឈូ​ន ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់​បានឱ្យដឹងថា ជន សង្ស័យ​ទាំង​បី​នាក់​ដែល​ប៉ូលិស​ឃាត់ខ្លួន​រួមមាន​: ទី ១. ផុក ជ័យ ជា​ម្ចាស់​រថយន្ត ,​ទី​២. ប៉ុក ទូច ជា​អ្នកបើកប​ររ​ថយ​ន្ក​បង្ក​គ្រោះថ្នាក់ ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ទី ៣. ជូ ឃុយ អាយុ ៣៥​ឆ្នាំ ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត នៅ​ភូមិ​កំពង់ត្រាច​ទី​ពីរ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។ លោក​ស្នងការរង​បញ្ជាក់​ឱ្យដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​ដល់​ការឃាត់ខ្លួន បុរស​ពីរ​នាក់​មិនមែន​ជា​អ្នកបើកបរ នោះ​ដោយសារ​មុន​ពេល​អ្នក​បើក​បរសារ​ភាព ពួកគេ​បាន​ភូតភរ​សមត្ថកិច្ច​ថា រថយន្ត​មួយ គ្រឿង​ម៉ាក​អ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​កណ្តាល 2A 0058 ( រថយន្ត​បង្ក ) នេះ​ចូល​មក​ជួសជុល​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា មិនមែន​ក្រោយ​ថ្ងៃទី​២០ ខែ​មីនា ដែល​មាន​ករណី​បុក​មនុស្ស​ស្លាប់​នោះ​ទេ ។ ព្រោះតែ​ការចូលរួម​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​នេះហើយ ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​អ្នក​ទាំងនោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ​ទៅ​សាលា ដំបូង​ចាត់ការ​តាម​នីតិវិធី ៕

No comments: