Sunday, January 31, 2010

បត់​ម៉ូតូ​ចូល​ផ្ទះ​បុក​ម៉ូតូ​មួយទៀត​ស្លាប់​ម្នាក់​

ដោយ : សុ​ពិសិដ្ឋ
Ken news
ភ្នំពេញ: ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ​បាន​បើក​បត់​ឆ្វេង​មិន​ប្រយ័ត្ន ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ធ្វើដំណើរ​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​គ្រូបង្រៀន​ស្លាប់​ភ្លាមៗ រីឯ​អ្នក​បង្ករបួស​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ ។​
​ ​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី យប់​ថ្ងៃ​ទី ២៧ មករា នេះ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៥៥៦ ផ្លូវ​៣៧១ ក្រុម​១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​ ​ប៉ូលិស​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ ដែល​ដួល​បោក​ក្បាល​ស្លាប់​ឈ្មោះ ចាន់ សង្វា​រ អាយុ ៣៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ស្នាក់​នៅផ្ទះ​លេខ ១៤២C ផ្លូវ​១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។ ជនរងគ្រោះ​រូប​នេះ បើក​ម៉ូតូ​ម៉ាក HONDA CUB ជ្រុង C70 ពណ៌​ទឹកសមុទ្រ ស្លាក​លេខ ផ ០៧៤២ ភព​១ ។​

​ ​ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ រ៉ូ អាយុ ៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១១៦ ក្រុម​១ ភូមិ​ក្បាល​ទំនប់ ផ្លូវ​៣៧១ ក្បែរ​កន្លែងកើតហេតុ ។ គាត់​បើក​ម៉ូតូ​ម៉ាក HONDA CUB ជ្រុង ពណ៌ទឹកប៊ិច C90 ស្លាក​លេខ ភ្នំពេញ 1C 7246 រងរបួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​ ​សាក្សី​ឃើញ​ហេតុការណ៍ បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា មុន​កើតហេតុ​ម៉ូតូ CUB ពណ៌​ទឹកសមុទ្រ បើក​តាមផ្លូវ ៣៧១ ពី​លិច​ទៅ​កើត ប៉ុន្តែ​ម្ចាស់​ម៉ូតូ​ពុំបាន​ពាក់មួក​សុវត្ថិភាព​ទេ ដោយ​គាត់ដាក់​មួកក្នុង​កន្ត្រក​ម៉ូតូ ។ លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​ម៉ូតូ CUB ពណ៌​ទឹកប៊ិច ធ្វើដំណើរ​ច្រាស​ទិស​មក​ដល់​ចំណុច​ខាងលើ​ក៏​បត់​ឆ្វេង បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឲ្យ​ជនរងគ្រោះ​ទាំង ២​នាក់ ដួល​បោក​ក្បាល​លើ​ថ្នល់​ទាំងអស់គ្នា​តែម្តង ។ ដោយឡែក​អ្នកបើក​ម៉ូតូ CUB ពណ៌​ទឹកសមុទ្រ បោក​ក្បាល​ពីក្រោយ បែក​ឈាម​ស្លាប់​ភ្លាមៗ ដោយ​ជើង​គាត់​គង​លើ​ម៉ូតូ ។​

​ ​ក្នុងករណីនេះ​ប៉ូលិស​បាន​រកឃើញ​កាត​ជនរងគ្រោះ ហើយ​ទំនាក់ទំនង​ដល់​ក្រុមគ្រួសារ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​យប់ ។ រីឯ​ម៉ូតូ​ទាំង​២ រក្សារ​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិសខណ្ឌ​មានជ័យ ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

No comments: