Wednesday, January 27, 2010

បើកឡាន​ងោក​រេ​ចង្កូត​បុក​ឡាន​ដទៃ របួស​មនុស្ស ១៣​នាក់​

ដោយ : កងមាស
កំពង់ចាម: ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​បាន​បើកបរ​រថយន្ត​ទាំង​ងងុយដេក ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​ចំនួន ២ គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាល​ឱ្យ​អ្នកធ្វើដំណើរ​ចំនួន ១៣ នាក់​រងរបួស ។​

គ្រោះថ្នាក់​ចរាចរ​នេះ កើតមាន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ខាង​មុខ​មណ្ឌល​សុខភាព​ដូន​ធី ស្ថិតក្នុង​ភូមិ​ដូន​ធី ឃុំ​ដូធី ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ថ្ងៃទី​១៨ ខែ​មករា ។​

មន្ត្រី​អាវុធហត្ថ​ស្រុក​ចម្ការលើ​បានឱ្យដឹងថា បន្ទាប់​ពី​ហេតុការណ៍​រថយន្ត និង​រថយន្ត​បុក​គ្នា​នេះ រថយន្ត​សាមុយ​របស់​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម និង​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​៧​ដេ ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែល​របួសធ្ងន់​ចំនួន ៦​នាក់ និង​អ្នក​របួសស្រាល​ចំនួន ៧​នាក់​ទៀត​មក​កាន់​មន្ទីរពេទ្យ ៧​ដេ និង​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ។ ជាមួយ​នោះ​ខាង​ប៉ូលិស​ស្រុក​ចម្ការ លើ​បាន​ឃាត់ខ្លួន​បុរស​ជា​អ្នកបើកបរ​ម្នាក់​ឈ្មោះ វ៉េ​ត រដ្ឋា អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ក្រុង​កំពង់ចាម ដែលជា​អ្នក​បើ​រថយន្ត​ម៉ាក​តូ​យូ​តា កាមរី សេរី​-៩៥ ពណ៌​ស្លែ ដែល​បាន​បើក​ទៅ​បុក​ជាមួយនឹង​រថយន្ត ម៉ាក​តូ​យូ​តា​កាមរី​ពណ៌​ស្ករ​សេរី​-៩៨ រួច​ខ្ទាត​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​តូ​យូ​តា​មួយ​បាំង​កន្លះ​ពណ៌​ស​ដឹក​ អ្នកដំណើរ​ចំនួន ១៦​នាក់ ដែល​កំពុង​បើកបរ​ស្រប ទិស​គ្នា​ពី​ខាង​ស្រុក​ចម្ការលើ យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកជិះ​លើ​រថយន្ត​តូ​យូ​តា​ពណ៌​ស ចំនួន ១២​នាក់ បាន​រងរបួស​ស្រាល និង​ធ្ងន់ ហើយ​ព្រូឡាន​រថយន្ត​កាមរី​ពណ៌​ស្លែ​ម្នាក់​បាន​រងរបួស​ធ្ងន់ ។​

ចំណែក​រថយន្ត​កាមរី​ពណ៌​ស្លែ និង​មួយ​បាំង​កន្លះ​ពណ៌​ស​បាន​ខូចខាត​ទាំងស្រុង ។ រីឯ​រថយន្ត​កាមរី​ពណ៌​ស្ករ​វិញ​បាន​ខូចខាត​ចំហៀង​ខាងឆ្វេង ។ ប៉ុន្តែ​សំណាងល្អ​អ្នកជិះ​ក្នុង​រថយន្ត​នោះ​ចំនួន ២​នាក់ គ្មាន​គ្រោះថ្នាក់ ។ ជាមួយ​នោះ​ខាង​ប៉ូលិស​បាន​បញ្ជូន​រថយន្ត​ទាំង ៣ គ្រឿង ទៅ​រក្សាទុក​ដើម្បី​ចាត់​តាមច្បាប់ ៕

No comments: