Wednesday, April 7, 2010

រថយន្ត ​កែ​ច្នៃ​ត​កន្ទុ​យ​ដឹក​ស្រូវ​ ​ក្រឡាប់ ​លើឡិ​ច​ស៊ីស


ខ្មែរស្ថាបនា


កន្លងមកសម្តេចតេជោ ហ៊ុន សែន តែងផ្តល់អនុសាសន៍ និង ដាក់បញ្ជាយ៉ាងតឹងរ៉ឹង ដោយមិនអនុ ញ្ញាតឲ្យមានរថយន្តតកន្ទុយតទ្រុង ខ្ពស់ និង ដឹកលើសចំណុះទម្ងន់ផ្ទុកបើកបរលើដងផ្លូវសាធារណៈឡើយ ប៉ុន្តែជារឿយៗក្រុមហ៊ុន និង ឈ្មួញ ក្បាលរឹងមួយចំនួន នៅតែមិនគោរពហើយថែមទាំងបង្កគ្រោះថ្នាក់ តាមដងផ្លូវហើយមានជើងកាងអន្តរាគមន៍ឆ្វេចឆ្វាចធ្វើឲ្យប៉ូលិសពិបាកធ្វើការថែមទៀត ។

ជាក់ស្តែងកាលពីវេលាម៉ោង ៧ និង ៣០ យប់ថ្ងៃទី ០៣ មេសា ឆ្នាំ២០១០ នៅលើផ្លូវជាតិ 8A ចំណុចភូមិក្រចាប់ ជើងឃុំព្រែក តាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរថយន្តកែច្នៃ តកន្ទុយ ដឹកស្រូវខ្ពស់ហួសហេតុពាក់ស្លាកលេខ Kia បណ្តោះអាសន្ន 38 11 ផុតកំណត់ថ្ងៃទី ១៨.១២.២០០៩ បានក្រឡាប់ផ្ងារជើងពារលើឡិចស៊ីស កិនកង់ ៣ គ្រឿង និង ម៉ូតូ ១ គ្រឿង ដែលគេចតចោលតែពុំ បណ្តាលឲ្យមានអ្នករងរបួសទេ ។

លោក ដាំ ដន​ អធិការរងស្រុកខ្សាច់ កណ្តាលទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បានប្រាប់ ឲ្យដឹងនៅថ្ងៃទី ៤ ខែមេសា ថា រថយន្តបង្កហេតុបើកបរដោយឈ្មោះ អាំ យូ អាយុ ៣៥ ឆ្នាំ នៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បើកលើផ្លូវជាតិ លេខ៨A ព្រោះចាប់ហ្រ្វាំង ប្រថុច ញ៉ុចពេក ។

លោកគ្រួស លឹមហ៊ាន ប្រធានផ្នែកសណ្តាប់ធ្នាប់ ស្រុក និង លោក ចាប សុខ អូនមន្រ្តីប៉ូលិស ចរាចរ ដែលបានចុះផ្ទាល់នៅកន្លែងកើត ហេតុបាននិយាយថា អ្នកបើកបរមិនមានការទទួលខុសត្រូវដឹក ទំនិញសំពីងសំពោង ហួសចំណុះ មិនគោរពតាមបទបញ្ជាសម្តេច តេជោទេ ហើយមានអង្គរក្ស មកកាងអន្តរាគមន៍ ឆ្វេចឆ្វាច ធ្វើឲ្យប៉ូលិស ពិបាក ធ្វើការថែមទៀត ។

ទាំងលោក ដាំ ដន អធិការរង និង លោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលស្រុកខ្សាច់ កណ្តាល សុទ្ធតែបានអំពាវនាវដល់អ្នកបើកបរ អ្នកធ្វើដំណើរពិសេស នៅរដូវ បុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរនេះ គួរតែគោរពតាមច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ ខ្ជួន ហើយត្រូវប្រុងប្រយ័ត្នដើម្បីកាត់ បន្ថយ គ្រោះថ្នាក់ ជាយថាហេតុ ។

No comments: