Friday, April 2, 2010

កម្ពុជាខាតបង់រហូតដល់ទៅ២៤៨លានដុល្លាដោយគ្រោះថ្នាក់ចរាចរណ៌

ដោយមានកិច្ចសហការជាមួយមហាវិទ្យាល័យហាស្សែល(Hasselt Univerty) នៃ ប្រទេសបែលហ្សិក អង្គការជនពិការអន្តរជាតិបែលហ្សិក បានរៀបចំធ្វើការសិក្សាមួយទៅលើផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចនិងការខាតបង់នានាដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ។
ការសិក្សាបានចាប់ផ្ដើមពីចុងឆ្នាំ២០០៩រហូតដល់ដើមឆ្នាំ២០១០ ដោយប្រមូលទិន្នន័យពីស្ថាប័នពាក់ពន្ធ័មួយចំនួនដូចជាវិទ្យាស្ថានជាតិស្ថិតិ សាលារាជធានីភ្នំពេញ មន្ទីរពេទ្យសាធារណៈ ក្រុមហ៊ុនធានារ៉ាប់រង ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ បូកផ្សំនិងការធ្វើអង្កេតផ្ទាល់ទៅលើបុគ្គលរងគ្រោះ ឬសមាជិកក្នុងគ្រួសាររបស់គេ ចំនួន២៣៩នាក់ ដែលមានទីលំនៅ នៅទីក្រុងភ្នំពេញ ខេត្តតាកែវ និងនៅខេត្តសៀមរាប។ ការសិក្សានេះបានអនុវត្តនូវ វិធីសាស្រ្តគណនាដែលត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ។
លទ្ធផលនៃការសិក្សា បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០០៩ បានបណ្ដាលឲ្យកម្ពុជារងការខាតបង់រហូតដល់ទៅ២៤៨លានដុល្លា ។ ក្រៅពីនេះ ក៏បានបង្ហាញនូវតម្លៃខាតបង់ជាមធ្យម(គិតជាដុល្លា)ចំពោះទ្រព្យសម្បត្តិ ការឈឺចាប់ ការចាយវាយសម្រាកព្យាបាល។ល។
ជាមួយគ្នានោះដែររបាយការណ៍ប្រចាំឆ្នាំ២០០៩នៃប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានឲ្យដឹងថាៈ
ជាមធ្យម ក្នុងមួយថ្ងៃមានមនុស្សស្លាប់៤‚៧នាក់ និងរងរបួសប្រមាណ៦០នាក់ផ្សេងទៀតនៅលើដងផ្លូវនៃប្រទេសកម្ពុជា។ នេះយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០០៩នៃប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាដែលកើតចេញពីកិច្ចសហការរវាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងអង្គការជនពិការអន្តរជាតិបែលហ្សិក (HIB)។ របាយការណ៍បានឲ្យដឹងថាក្នុងឆ្នាំ កន្លងទៅនេះ មានជនរងគ្រោះថ្នាក់ សរុបចំនួន២១ ៥១៩នាក់ដែលកើតឡើងពីគ្រោះថ្នាក់ចំនួន១២ ៥៣៨ករណី ។ ក្នុងចំណោមជន រងគ្រោះទាំងនោះមាន១ ៧១៧នាក់បានបាត់បង់ជិវិត ហើយ ៧ ០២២នាក់រងរបួសធ្ងន់ ។ បើធ្វើការ ប្រៀបធៀបទៅនឹងឆ្នាំ២០០៨កន្លងទៅ ឃើញថាចំនួនជនរងគ្រោះមានការថយចុះ១៧% ប៉ុន្តែចំនួនអ្នកបាត់បង់ជីវិតបែរជាមានការកើនឡើងចំនួន៤% ទៅវិញ។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង១៦៦%ហើយចំនួនអ្នកស្លាប់បានកើនឡើងស្ទើរតែទ្វេដង។ នៅពេលជាមួយគ្នានេះចំនួនប្រជាពលរដ្ឋសរុបបានកើនឡើងត្រឹមតែ៦% ហើយចំនួនយានយន្តចុះបញ្ជីបានកើនឡើង១៤២%។ អត្រាស្លាប់ក្នុងយានយន្ត១០ ០០០គ្រឿងដែលបានចុះបញ្ជី បានថយចុះពី១៥‚១នាក់ ក្នុងឆ្នាំ២០០៨ មកត្រឹម១២‚៣នាក់ ក្នុងឆ្នាំ២០០៩ ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះនៅមានកម្រឹតស្ទើរតែទ្វេដងច្រើនជាងគោលដៅដែលបានកំណត់នៅក្នុងផែនការរបស់ADB-ASEAN (ត្រឹម៧នាក់ក្នុងយានយន្ត១០០០០គ្រឿង)។
របាយការណ៍នេះបង្ហាញថា ក្នុងចំណោមអ្នករងរបួសក្បាលសរុប មាន៧៨% ជាអ្នកប្រើប្រាស់ម៉ូតូ។
ជាង៩០%នៃមូលហេតុបង្កឲ្យមានគ្រោះថ្នាក់គឺបណ្ដាលមកពីកំហុសរបស់មនុស្ស ដែលមានជាអាទិ៍ការបើកបរហួសល្បឿនកំណត់ បើកបរក្នុងពេលស្រវឹង ការវ៉ាជែងមិនត្រឹមត្រូវជាដើម ។

No comments: