Saturday, April 10, 2010

ស្ពាន​ថ្មី​ចាប់​ផ្ដើម​មាន​គ្រោះ​ថ្នាក់​ចរាចរ​ នៅ​ពេល​មាន​ផ្លូវ​កៅ​ស៊ូ​ល្អ

កម្ពុជាថ្មី
បាត់​ដំបង ៖ ជន​រងគ្រោះ​ម្នាក់​​ត្រូវ​បាន​បែក​មុខ​ដោយ​កន្លែង ព្រម​ទាំង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ ពេទ្យ​ភ្លាម​ៗ ដើម្បី​សង្រ្គោះ​ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ម៉ូតូ​និង ​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​រួច​មក។

ករណី​នេះ​បាន​កើត​ឡើង កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៨​ ខែ​មេសា ឆ្នាំ​២០១០​ វេលា​ម៉ោង ១៦​​នៅ​ចំណុច​ក្បាល​ស្ពាន​វត្ត​គរ ត្រើយ​ខាង​កើត ស្ថិត​ក្នុង​ក្រុម​ទី​៨​ ភូមិ​វត្ត​តាមឹម​ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ប្រជាពលរដ្ឋ​ ដែល​ចោម​រោម​មើល​នៅ​ទី​នោះ បាន​និយាយ​ថា ដំបូង​គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ​​ធុន C125 ពាក់​ស្លាក​លេខ 1AB 0676 បើក​បរ​ពី​ត្បូង​ទៅ​ជើង ដោយ​ឈ្មោះ ឆោម គង្គារ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​អូរខ្ជាយ ឃុំ​វត្ត​តាមឹម ស្រុក​សង្កែ​បច្ចុប្បន្ន​ស្នាក់​នៅ​វត្ត​​​៤​មុខ ដោយ​មាន​ឌុប​ព្រះ​សង្ឃ​ចំនួន​២​អង្គ​ផង។​ លុះ​ទៅ​ដល់​ក្បាល​ស្ពាន​ដែល​ជា​ចំណុច​កើត​ហេតុ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក Fresh ពណ៌ខៀវ បើក​បរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ពី​កើត​ទៅ​លិច​បើកបរ​ដោយ​ឈ្មោះ ហ៊ួត ភេទប្រុស អាយុ​ប្រហែល ជាង​២០​ឆ្នាំ រស់​នៅ​ភូមិ​វត្ត​តាមឹម ​ឃុំ​អូរ​ដំបង​១​ស្រុក​សងែ្ក ដោយ​ល្បឿន​លឿន​រៀង​ខ្លួន ក៏​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​រយះ​មុខ​ជា​ច្រើន​កន្លែង ព្រម​ទាំង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ ដោយ​ឡែក​ភាគី ម្ខាង​ទៀត គ្រាន់​តែ​របួស​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ជា​សំណាង​ល្អ​ដែល​ព្រះ​សង្ឃ​ទាំង​២​អង្គ ពុំ​មាន​របួស ធ្ងន់​ធ្ងរ​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ ​ទី​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​វត្ត​គរ​នោះ ទើប​នឹង​ធ្វើ​ថ្មី ចំណែក​ផ្លូវ​ក៏ ស្រួល​បើក​បរ ហេតុ​នេះ​ហើយ​ទើប​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ កើត​ឡើង​គឺ​ដោយ​សារ​តែ​អ្នក​បើក បរ​មួយ​ចំនួន​មិន​ព្រម​គោរព​ច្បាប់​ចរាចរ​​ ព្រម​ទាំង​មិន​បាន​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើក​បរ​ទៅ​ដល់​ចំណុច​ផ្លូវ​ខ្វែង​ បែប​នេះ៕

អាន​បន្ថែម

No comments: