Wednesday, July 21, 2010

រថយន្ត​បុក​រ៉ឺម៉ក​ម៉ូតូ ស្លាប់​ម្នាក់​របួស​ម្នាក់​

CEN news
កំពត: បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ស្ត្រី​ម្នាក់​រងរបួស​ដោយ​បាក់ដៃ​ស្តាំ​បណ្តាលមកពី​រថយន្ត​ដឹក​កាក ស្រា​បៀ​របុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ពេញទំហឹង លើ​ផ្លូវលំ​ក្រួស​ក្រហម ស្ថិតនៅ​ភូមិ​អង្គរជ័យ​ទី​១ ឃុំ​ដំណាក់​កន្តួត​ខាងត្បូង ស្រុក​កំពង់ត្រាច កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១០ ។ អ្នកបើកបរ​រថយន្ត​បង្កហេតុ​រត់គេចខ្លួន​បាត់​ភ្លាមៗ​ក្រោយ​កើតហេតុ ។​

​ ​តាម​សំដី​អ្នក​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង មាន​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ពី​ទិស​ខាងជើង​ដោយ​ពុំ​មាន​ដឹក​មនុស្ស ឬ​ផ្ទុក​សម្ភារៈ​អ្វី​ទេ ។ ស្របពេលនោះ ក៏​មាន​រថយន្ត​កូរេ​មួយគ្រឿង​បើបរ​បញ្ច្រាសទិស​គ្នា ហើយ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​រ៉ឺម៉ក​ម៉ូតូ​ត្រឡប់​ក្បាល​ទៅ​ក្រោយ​វិញ រួច​ធ្លាក់​ចិញ្ចើម​ផ្លូវ​ទាំងអស់គ្នា ។ ក្រោយ​កើតហេតុ​អ្នកភូមិ​បាន​រត់​សំដៅ​ទៅ​កន្លែង​គ្រោះថ្នាក់ ស្រាប់តែ​ឃើញ​បុរស​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ និង ស្ត្រី​ម្នាក់​ជា​ភាគី​ខាង​រថយន្ត​រងរបួស ដោយ​បុរស​រូប​នោះ​របួស​ធ្ងន់ធ្ងរ​បំផុត​ទើប​ប្រញាប់ប្រញាល់​ហៅ​រថយន្ត​នាំយក ​ទៅ​សង្គ្រោះ តែ​ប្រហែល​មួយ​ម៉ោង​ក្រោយមក​ឮដំណឹង​ថា បុរស​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ស្លាប់បាត់​ទៅ​ហើយ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ ។​

​ ​លោក គិត តារា អធិការរង​ស្រុក​កំពង់ត្រាច ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​បាន​រៀបរាប់​ឱ្យដឹងថា បុរសរងគ្រោះ​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ទឹម អឿន អាយុ ៤៩​ឆ្នាំ ទីលំនៅ​ភូមិ​អង្គរជ័យ​ទី​១ ឃុំ​ដំណាក់​កន្តួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ ចំណែក​ស្ត្រី​ភាគី​ខាង​រថយន្ត​រងរបួស​បាក់ដៃ​ស្តាំ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​នោះ ឈ្មោះ ពៅ ភឿន អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រាន​ទុំ ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ។ រីឯ​អ្នកបើកបរ​រថយន្ត​សមត្ថកិច្ច​មិន​បានដឹង​ឈ្មោះ និង អាសយដ្ឋាន​នោះទេ តែ​នៅក្នុង​រថយន្ត​បាន​បន្សល់​ទុក​ប័ណ្ណបើកបរ​មួយ​សន្លឹក​ជា​របស់​ឈ្មោះ ណុន ខឿន ទីលំនៅ​ភូមិ​អូរ​ភឿង ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ លោក​អធិការរង​បន្តទៀតថា រថយន្ត​បង្កហេតុ​ម៉ាក​អ៊ី​យ៉ាន់​ដាយ ពណ៌​ស ចំណុះ ១ តោន ពាក់​ស្លាក​លេខ ក្រ​.​ព្រះសីហនុ 2A 2478 ជា​រថយន្ត​ដឹក​កាក​ស្រា​បៀ​រ ៕

No comments: