Wednesday, July 7, 2010

រយៈពេល​៦​ខែ​នៃ ឆ្នាំ​២០១០​នេះ​ទូទាំងប្រទេស មាន​មនុស្ស​ស្លាប់ ង​របួស​ជាង ៦ ពាន់​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

លោក ព្រាប ចន្ទ័​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ​បាន​និយាយ​ឲ្យដឹង កាលពី ថៃ្ង​ទី​៧ កក្កដា ឆ្នាំ​២០១០​ថា នៅក្នុង​រយៈពេល ៦ ខែ​ឆ្នាំ​២០១០ នេះ នៅ​ទូទាំង​ប្រទេស​កើតមាន​គ្រោះថ្នាក់​ចរាចរ​ចំនួន ៣.០៤០ លើក​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ៩៣១ នាក់ របួសធ្ងន់​ចំនួន ២.៨៥៣ នាក់ របួសស្រាល ២.៥៦២ នាក់ ។ ចំនួន​គ្រោះថ្នាក់​កើនឡើង ៧ ភាគរយ​ជនរងគ្រោះ​ដល់​ស្លាប់​ថយចុះ ០.៣២ ភាគរយ របួសធ្ងន់​កើនឡើង ៧ ភាគរយ របួសស្រាល​ថយចុះ ១៤ ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០០៩ ។​

​ ​ប្រភព​ខាងលើ​បានអោយដឹង​ទៀត​ថា ចំនួន​យានយន្ត​ដែល​ចូលរួម​នៅ​ក្នុង​គ្រោះថ្នាក់ ហើយ​មាន​ការខូចខាត​មាន​ម៉ូតូ ៣.៣១៥ គ្រឿង រថយន្ត​តូច ១.០២១ គ្រឿង រថយន្ត​ធំ ២៧១ គ្រឿង យាន​ផ្សេងៗ ៣០២ គ្រឿង និង​អ្នក​ថ្មើជើង​ចំនួន ៤២១ នាក់ ។ ម៉ូតូ​ដែល​ខូចខាត​បាន​ថយចុះ ៦ ភាគរយ រថយន្ត​តូច​កើនឡើង ៥ ភាគរយ រថយន្ត​ធំ​ថយចុះ​១៤​ភាគរយ យាន​ផ្សេងៗ​កើនឡើង ៣៩ ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០០៩ ។​

​ ​ក្នុង​រយៈពេល​៦ ខែ​ឆ្នាំ​២០០៩ នៅ​ទូទាំង​ប្រទេស​កើតមាន​គ្រោះថ្នាក់​ចរាចរ​ចំនួន ៣.២៥៧ លើក បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ៩៣៤ នាក់ របួសធ្ងន់​ចំនួន​២.៦៦៩​នាក់ របួសស្រាល​២.៩៨៦​នាក់ ។ ចំនួន​យានយន្ត​ដែល​ចូលរួម​នៅ​ក្នុង​គ្រោះថ្នាក់ ហើយ​មាន​ការខូចខាត មាន​ម៉ូតូ ៣.៥២០​គ្រឿង រថយន្ត​តូច​៩៧៥​គ្រឿង រថយន្ត​ធំ​៣១៥​គ្រឿង យាន​ផ្សេងៗ ២១៧​គ្រឿង និង​អ្នក​ថ្មើជើង​ចំនួន ៤២៣ នាក់ ។​

​ ​តាម​ការកត់ត្រា​របស់​ក្រសួង​សាធារណការ​បាន​បង្ហាញឲ្យឃើញថា គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​សម្គាល់​ឃើញថា មាន​ការកើនឡើង​ចាប់ពី​ឆ្នាំ​២០០០ មក​ដោយ​នៅ​ក្នុង​ឆ្នាំ​២០០០ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន​២.៩៥១​លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​៤០១​នាក់ ។ ឆ្នាំ​២០០១ គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​២.៦៩៩ លើក​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ៤៥៩ នាក់ ។ ឆ្នាំ​២០០២ គ្រោះថ្នាក់​ចរាចរ​កើតមាន​ឡើង​ចំនួន ៣.៣៣៥ លើក បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ៥៣៥ នាក់ ។ នៅក្នុង​ឆ្នាំ​២០០៣ កើតមាន​ចំនួន​៣.៧៦០ លើក​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨២៤ នាក់ ។ ឆ្នាំ​២០០៤​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ៤.២៥៥ លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​១.០៤២​នាក់ ។ ឆ្នាំ​២០០៥​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន​៣.៩៥៧​លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​៩០៤​នាក់ ។ ឆ្នាំ​២០០៦​មាន​គ្រោះថ្នាក់​កើតឡើង​ចំនួន​៤៩២៧​លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស ចំនួន​១.១៥៧​នាក់ ។ ឆ្នាំ​២០០៧ មាន​គ្រោះថ្នាក់​កើតឡើង​ចំនួន​៩.៤៤៩ លើក​បណ្តាលឲ្យ​មនុស្ស​ស្លាប់​មនុស្ស​ចំនួន ១.៥៤៥ នាក់ ។ ឆ្នាំ​២០០៨​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ៦.២១៤ លើក បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន ១.៥៧២​នាក់ និង​នៅក្នុង​ឆ្នាំ​២០០៩ គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​មាន​ចំនួន ៦,០២១ លើក បាន​សម្លាប់​មនុស្ស​អស់​ចំនួន ១,៦៥៤ នាក់ របួសធ្ងន់​៥,០៣៧ នាក់​របួសស្រាល​៥,២៧៣ នាក់ ៕

No comments: