កោះសន្តិភាពដោយ ៖ កោះឯករាជ្យ
ខេត្ដសៀមរាប ៖ យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់ក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុតរវាង រថយន្ដកូរ៉ូឡា និងរថយន្ដស៊ីទែនដឹកប្រេង លើកំណាត់ផ្លូវជាតិលេខ៦ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៥ កក្កដា នៅចំណុចភូមិរកាកំបុត ឃុំត្រញំងធំ ស្រុកប្រាសាទបាគង ។ អ្នកដែលរងគ្រោះទាំង៦នាក់នេះ គឺជាអាណិកជនខ្មែររស់នៅប្រទេសបារាំង និងជាក្រុមគ្រួសារតែមួយបានជិះរថយន្ដកូរ៉ូឡា ស៊េរី៩៣ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ឆ-៥៥៨៥ ភព២ ដែលបានបើកបរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្ដសៀមរាប (បើកបរពីលិចទៅកើត) ។
មូលហេតុដែលបណ្ដាឱ្យជួបគ្រោះថ្នាក់ដ៏មហន្ដរាយ នេះមិនទាន់មានការបញ្ជាក់អះអាងជាផ្លូវការនោះទេ តែតាមមន្ដ្រីប៉ូលិសជំនាញខាងចរាចរណ៍ ស្រុកប្រាសាទបាគង បានសន្និដ្ឋានថា យោងតាមការត្រួតពិនិត្យ គឺរថយន្ដកូរ៉ូឡាទំនងជាបើកវ៉ាយានយន្ដណាមួយ តែវ៉ាមិនផុតក៏ជ្រុលចូលមកទ្រូងផ្លូវខាងឆ្វេង ខណៈរថយន្ដស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច បើកមកបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុកចំពីមុខយ៉ាងពេញទំហឹងតែម្ដង ។ មហន្ដរាយនេះ ធ្វើឱ្យរថយន្ដស៊ីទែនដឹកប្រេងធ្លាក់ពីផ្លូវចូលទៅវាលស្រែចំងាយ ប្រមាណ១០ម៉ែត្រ។ រីឯរថយន្ដកូរ៉ូឡាខ្ទេចមុខសល់តែគូទបន្ដិចខ្ទាតធ្លាក់ចុះពី ផ្លូវផងដែរ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដស៊ីទែនដឹកប្រេង បានគេចខ្លួនបាត់ ដោយទុកចោលរថយន្ដនៅកន្លែងកើតហេតុ។
ចំពោះសពអ្នករងគ្រោះទាំង៦នាក់ ដែលក្នុងនោះមានស្ដ្រី៣នាក់ គឺគេអាចយកចេញបានតែ៥នាក់ទេ ចំណែកសពស្ដ្រីម្នាក់ត្រូវបានកៀបជាប់នៅផ្នែកខាងស្ដាំរថយន្ដដែល រហូតដល់ម៉ោង៧កន្លះយប់ទៅហើយ ក៏នៅមិនទាន់អាចយកចេញបាននៅឡើយទេ ហើយសមត្ថកិច្ចក៏កំពុងរកវិធីកាត់ដែកដើម្បីយកសពចេញ ។ លោកអនុសេនីយ៍ឯក ប៉ោ ចន្ថា នាយផ្នែកចរាចរស្រុកប្រាសាទបាគង បានឱ្យដឹងពីអត្ដសញ្ញាណគ្រួសារអាណិកជនដែលស្លាប់នេះជាឪពុកម្ដាយ និងកូន៤នាក់ ដែលបានទិញដី និងចុះឈ្មោះធ្វើសៀវភៅគ្រួសារ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ផងដែរ គឺឪពុកឈ្មោះផូ សៅឃុន ឆ្នាំកំណើត១៩៥២ ម្ដាយឈ្មោះកែវ ទីមូនឹក ឆ្នាំកំណើត១៩៥១ និងកូន៤នាក់ ១-ឈ្មោះផូ ឃុណ្ណារិទ្ធ ភេទប្រុស ឆ្នាំកំណើត១៩៨២, ២-ឈ្មោះផូ កែវរស្មី ភេទស្រី ឆ្នាំកំណើត ១៩៨៣, ៣-ឈ្មោះផូ ពុទ្ធារិទ្ធ ភេទប្រុស ឆ្នាំកំណើត១៩៨៥ និង៤-ឈ្មោះផូ មូនីកា ភេទស្រី ឆ្នាំកំណើត១៩៩០ ។នេះជាសោកនាដកម្មនៃគ្រួសារអាណិកជនខ្មែររស់នៅប្រទេសបារាំងដែល ស្មានមិនដល់ថា ទាំងឪពុកម្ដាយ និងកូនបានស្លាប់នៅពេលតែមួយបែបនេះឡើយ ។ សពត្រូវបានសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅមន្ទីរពេទ្យ ខេត្ដសៀមរាប ៕
No comments:
Post a Comment