ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ កាលពីឆ្នាំ២០០៣ ធនាគារអភិវឌ្ឍន៍អាស៊ីបានរកឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យប្រទេស កម្ពុជាខាតបង់ថវិកាអស់១១៦លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០០៩កន្លងមកថ្មីៗ នេះអង្គការជនពិការអន្ដរជាតិបែលហ្សិក បានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើ ឱ្យកម្ពុជាខាតបង់អស់២៤៨លានដុល្លារអាមេរិក ។ របាយការណ៍នេះបន្ដថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបណ្ដាលមកពីមូលហេតុច្រើន ដូចជា បើកបរហួសល្បឿនកំណត់ បើកបរក្នុងពេលស្រវឹង មិនគោរពអាទិភាព ជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសញ្ញា គំនូស និងភ្លើងស្ដុបជាដើម ។ របាយការណ៍នេះត្រូវបានទំលាយឱ្យដឹង កាលពីថ្ងៃទី១៩ កក្កដា នៅក្នុងពិធីប្រកាស បើកជាផ្លូវការនូវគំរោងសុវត្ថិភាពចរាចរណ៍ ដែលរៀបចំធ្វើឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមជំនួយឧបត្ថម្ភពីមូលនិធិប្ល៊ូមបឺក នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោកហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រសួងសុខាភិបាលបានសហការជាមួយ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការសុខភាព ពិភពលោក និងអង្គការជនពិការអន្ដរជាតិ បែលហ្សិក ប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ចងក្រងជារបាយការណ៍រួចធ្វើការ ផ្សព្វផ្សាយដល់គ្រប់ស្ថាប័នរដ្ឋ និងអង្គការដែលពាក់ព័ន្ធ ។លោកតូច ចាន់កុសល បានថ្លែងថា បញ្ហា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាក្ដីកង្វល់ដល់ រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែបញ្ហានេះ បានក្លាយជាគ្រោះមហន្ដរាយធំទី២ បន្ទាប់ពីជំងឺអេដស៍ ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១០ នេះ គ្រោះថ្នាក់ចរាចរណ៍បាន កើតមានចំនួន៣.០៤០ករណី មានជនរងគ្រោះ៦.៣៤៦នាក់ ក្នុងនោះស្លាប់៩៣១នាក់ របួសធ្ងន់២.៨៥៣នាក់ និងរបួសស្រាល ២.៥៦២នាក់ នេះមិនទាន់គិតទៅដល់ការបន្សល់ទុកនូវកុមារកំព្រា ស្ដ្រីមេម៉ាយ ជនពិការ ធ្វើឱ្យមានការប៉ះពាល់ដល់គោល នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។
លោកតូច ចាន់កុសល បានបន្ដថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរយៈកិច្ចប្រជុំ អន្ដរជាតិថ្នាក់រដ្ឋមន្ដ្រី ក្រសួងដឹកជញ្ជូនស្ដីពីបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីក្រុង ម៉ូស្គូ សហព័ន្ធរុស្ស៊ី កាលពីខែ វិច្ឆិកា ឆ្នាំ២០០៩ កន្លងទៅនេះ មូលនិធិប្ល៊ូមបឺក បានជ្រើសរើសកម្ពុជា ក្នុងចំណោមប្រទេស១០ក្នុងពិភពលោករួមមាន ប្រទេសកម្ពុជា វៀតណាម ចិន រុស្ស៊ី ទួរគី ម៉ិចស៊ីកូ កេនយ៉ា ឥណ្ឌា ប្រេស៊ីល អេហ្ស៊ីប ដើម្បីផ្ដល់ជំនួយក្នុងគំរោងការងារ សុវត្ថិភាពចរាចរណ៍ ។ តាមរយៈគំរោងនេះ កម្ពុជាផ្ដោតសំខាន់ទៅលើការអនុវត្ដច្បាប់ទាក់ទងទៅនឹងការពាក់មួក សុវត្ថិភាព និងការបើកបរក្នុងពេលស្រវឹង ដែលបញ្ហាទាំង ពីរនេះបានបង្កឱ្យមានអ្នកស្លាប់ច្រើន ហើយ គំរោងនេះចាប់ផ្ដើមពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ក្នុងទឹកប្រាក់ចំនួន១២៥លានដុល្លារអាមេរិក សំរាប់ប្រទេសទាំង១០ខាងលើ ក្នុងនោះកម្ពុជាទទួលបាន២១៣.៥០០ដុល្លារអាមេរិកសំរាប់អនុវត្ដ ក្នុងឆ្នាំទី១ ទៅលើតំបន់គោលដៅចំនួន៣ គឺរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងកំពង់ស្ពឺនៅឆ្នាំ២០១០ ។
អង្គការសុខភាពពិភពលោកបានធ្វើការ ប៉ានប្រមាណថា នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ចំនួន១លាន៣សែននាក់ និងរបួស ពី២០លានទៅ៥០លាននាក់ ហើយគេរំពឹងថា អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរា ចរណ៍នេះនឹងអាចកើនទៅដល់២លាន៤សែននាក់ នៅឆ្នាំ២០៣០ ។ លំដាប់លេខរៀង នេះនឹងឈានពីលំដាប់ទី៩ ទៅលំដាប់ទី៥ នៅឆ្នាំ២០៣០ បន្ទាប់ពីជំងឺស្ទះសរសៃឈាម បេះដូងជំងឺសរសៃឈាមខួរក្បាល ជំងឺសួត និងជំងឺផ្លូវដង្ហើម ។ គួរបញ្ជាកថា អង្គការ HANDICAP ក៏បានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពីការបង្កើតផែនការ សកម្មភាពមួកសុវត្ថិភាព និងការបើកបរក្នុងពេលស្រវឹងនៅសណ្ឋាគារអ៊ីមភើរៀលកាលពីថ្ងៃទី២០ កក្កដា ផងដែរ ដែលសិក្ខាសាលានោះមានការចូលរួមពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអង្គ ការជាតិ-អន្ដរជាតិ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានាជាច្រើនទៀត ៕
No comments:
Post a Comment