Wednesday, July 28, 2010

រថយន្ត​ដឹក​សិស្ស បុក​គូទ​គោ​យន្ត​ខ្ទាត​ធ្លាក់​ផ្លូវ​របួស​៧​នាក់

កម្ពុជាថ្មី
កំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង របស់​សាលា​ឯកជន​ឈ្មោះ​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សេតថិ៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទី​១០ សង្កាត់​កំពង់​ចាម ក្រុង​កំពង់ចាម ខណៈ​ពេល​ដែល​កំពុង​បើក​ដឹក សិស្ស​មក​កាន់​សាលា​រៀន បាន​បុក​គូទ​គោ​យន្ត​ពី​ក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​គោ​យន្ត​ខ្ទាត បត់​ក្បាល​មក​ក្រោយ ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ នៅ​ជាប់​ចិញ្ចើម​ផ្លូវ។ ឯ​រថយន្ត​ក៏​ហោះ​ចេញ​ពី​ផ្លូវ​ដែរ ក្នុង​នោះ​មនុស្ស​ជិះ​ទាំង​សង​ខាង​របួស​ធ្ងន់​ស្រាល​ចំនួន​៧​នាក់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​​១៣ និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០១០ នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៧ ខាង​ត្បូង​គល់​ស្ពាន​គីហ្សូណា ប្រហែល​១​គីឡូម៉ែត្រ ស្ថិត​ក្នុង​ភូមិ ទន្លេ​បិត​លើ ឃុំ​ទន្លេបិត ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។

លោក​អនុសេនីយត្រី ឆាយ វុទ្ធី នាយ​ផ្នែក​នគរបាល​សណ្ដាប់​ធ្នាប់​សាធារណៈ ស្រុក​ត្បូង​ឃ្មុំ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា រថយន្ត​របស់​សាលា​ឯកជន​ដែល​បាន​បុក​គូទ​គោ​យន្ត​ខាង​លើ​នេះ​ម៉ាក​សាំយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H3171 បើក​បរ​ដោយ​ឈ្មោះ​បឿ អៀ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន ទីលំនៅ​ភូមិ​បារាយ ឃុំ​ខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ លោក​បាន​បន្ត​ថា កូន​សិស្ស​ជិះ​មាន ប្រមាណ​១០​នាក់ មាន​៤​នាក់​រង​របួស​ស្រាល​ៗ។ចំណែក​អ្នក​ជិះ​គោ​យន្ត​មាន​គ្នា​៣​នាក់​របួស​ ទាំង​៣។

លោក​នាយ​ផ្នែក​បាន​បន្ត​ថា រថយន្ត​និង​គោ​យន្ត​បើក​ស្រប​ទិស​គ្នា ពេល​មក​ដល់​កន្លែង​កើត ហេតុ រថយន្ត​សាំយ៉ុង​របស់​សាលា​ឯកជន​ខាង​លើ បាន​បើក​វ៉ា​គោ​យន្ត ប៉ុន្តែ​យក​ចង្កូត​មិន​ផុត ក៏​បាន បុក​គោ​យន្ត​បណ្ដាល​ឲ្យ​គោ​យន្ត​ត្រឡប់​គូទ​ទៅ​មុខ​បត់​ក្បាល​មក​ក្រោយ ហើយ​ខ្ទាត​ធ្លាក់​ចូល​រណ្ដៅ ជ្រៅ​ដែល​នៅ​ជាប់​​និង​ចិញ្ចើម​ផ្លូវ​ខាង​ស្ដាំ​ដៃ។

ក្រោយ​ពេល​កើត​ហេតុ​​សមត្ថកិច្ច​បាន​ទូរស័ព្ទ​ហៅ​ឡាន​ សាមុយ​ មក​ដឹក​អ្នក​របួស​ទៅ​មន្ទីរ​ពេទ្យ​ក្រុង​កំពង់ចាម។ ចំណែក​រថយន្ត​និង​គោ​យន្ត​សមត្ថកិច្ច​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ ដ្ឋាន​នគរបាល​ស្រុក​ត្បូង​ឃ្មុំ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ៕

No comments: