Wednesday, July 28, 2010

តែ​មួយ​ថ្ងៃ​ប៉ូលិស​ចរាចរ​ខេត្ដ​ឃាត់​ម៉ូតូ​១០៣​គ្រឿង​ផាកពិន័យ​គុណ​នឹង ​២​ដង

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


ខេត្ដកោះកុង ៖ ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ កក្កដា ២០១០ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បាន​ធ្វើការ​ឃាត់ ចាប់​ម៉ូតូ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ទីរួមខេត្ដ ដែល​ពុំ​បាន​ដាក់​កញ្ចក់ និង​អ្នកបើកបរ​ពុំ​បានពាក់មួក​សុវត្ថិភាព បាន​ចំនួន​១០៣​គ្រឿង ដើម្បីយក​មក​ធ្វើការ​ផាកពិន័យ ។ វិធានការ​នេះត្រូវ​បាន​ធ្វើ​ឡើង​តាម​បញ្ជា​លោក​ឧត្ដមសេនីយ៍ត្រី​សំ ឃី​ត​វៀន ស្នងការ​នគរបាល​ខេត្ដ និង​ជាការ​អនុវត្ដ​បទបញ្ជា​របស់​ស្រួ​ង​មហាផ្ទៃ ក៏​ដូច ជា​អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ ព្រោះសុទ្ធ​សឹង​ជា​ម៉ូតូ​ដែល​បាន​ផ្គើន​នឹង​សេចក្ដីណែនាំ របស់​ក្រសួងមហាផ្ទៃ​ស្ដី​ពី​សុវត្ថិភាព​ចរាចរណ៍​ ។

លោក​វរសេនីយ៍ត្រី​អ៊ុ​ក សុខា នាយ​រងការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាននគរបាល​ខេត្ដ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ម៉ូតូ​ដែលសមត្ថកិច្ច​របស់​លោក​បាន​ឃាត់​ចាប់​ទាំង​១០៣គ្រឿង​នោះ ត្រូវ​បាន​ចេញ​បង្កាន់ដៃ​ឱ្យទៅ​ម្ចាស់ យានយន្ដ​ហើយ​បាន​យក​ទៅ​រក្សា​ទុក​នៅ ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​ដើម្បី ឱ្យ​ម្ចាស់​យានយន្ដ​ចូលខ្លួន​មក​បង់ប្រាក់​ផាកពិន័យ និង​ចៀសវាង​មិន​ឱ្យ​កកស្ទះ​ចរាចរណ៍ នៅ​តាម​ដងផ្លូវ​សាធារណៈ​ផង ។ លោក​អ៊ុ​ក សុខា​បាន​បញ្ជាក់​ទៀត​ថា តាម​គោលការណ៍ទោចក្រយានយន្ដ​ដែល​ពុំ​មាន​ដាក់​កញ្ចក់​មើលក្រោយ ត្រូវ​ផាកពិន័យ​ចំនួន​៤​ពាន់​រៀល គុណនឹង​២​ដង ​ស្មើ​៨​ពាន់​រៀល ហើយ​ចំពោះ​អ្នក​បើកបរ​ដែល​មិន​មាន​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាក ពិន័យ​ចំនួន​៣​ពាន់​រៀល គុណ​នឹង​២​ដង ស្មើ​៦ពាន់​រៀល តែបើ​អត់​កញ្ចក់​ហើយ​អត់​មួក​ទៀត នោះ​ត្រូវ​បូក​បញ្ចូល​គ្នា​ទាំងអស់ ។

លោក​អ៊ុ​ក សុខា បាន​បន្ដ​ទៀត​ថា ចំពោះម៉ូតូ​ដែល​អត់​មាន​ស្លាក​លេខ​គ្រាន់តែ​ធ្វើការណែនាំ​តែ​មិន​ផាកពិន័យ​ ទេ ព្រោះ​មាន​ម៉ូតូ​ខ្លះកំពុង​ចូលខ្លួន​ទៅ​ធ្វើ​ស្លាក​លេខ​ហើយ​តែ​មិនទាន់​បាន​ ។ លោក​បន្ដ​ថា ចំនួន​ម៉ូតូ​ទាំង​១០៣គ្រឿង​នេះ មាន​ចំនួន​២០​គ្រឿង​អត់​មាន​កញ្ចក់មើល​ក្រោយ និង​៨៣​គ្រឿង អ្នកបើកបរ​មិនមាន​ពាក់មួក​សុវត្ថិភាព ហើយ​ថវិកា​ដែល​បានពី​ការ​ផាកពិន័យ​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ឱ្យ ក្រសួងមហាផ្ទៃ​ចំនួន​៦៥​ភាគរយ ចំណែក​មន្ដ្រីអនុវត្ដ​ទទួល​បាន​៣៥​ភាគរយ​ដែល​នេះ​ជា​គោលការណ៍​របស់​ ក្រសួងមហាផ្ទៃ​កំណត់​ ។

លោក​វរសេនីយ៍ត្រី​អ៊ុ​ក សុខា បាន​បញ្ជាក់ទៀត​ថា ការ​ឃាត់​ចាប់​ម៉ូតូ​ល្មើសច្បាប់​ចរាចរណ៍ទាំងនេះ គឺជា​វិធានការ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល កន្លង​មកសមត្ថកិច្ច​យើង​ធ្លាប់តែ​ធ្វើការ​ផាកពិន័យ​នៅ​លើ​ដងផ្លូវ​សាធារណៈ​ ប៉ុណ្ណោះ តែ ម្ចាស់​យានយន្ដ​ហាក់ដូច​មិន​មានការ​រាងចាល សោះ​ហេតុនេះ​បន្ទាប់​ពី​ពេល​នេះ​តទៅ​សមត្ថកិច្ច​របស់​លោក​នៅ​តែ​បន្ដ​ការ​ ឃាត់​ចាប់​ចំពោះ ម៉ូតូ​ល្មើស​បែប​នេះ​តាម​វិធានការ​ភ្លៀងរលឹម ៕

No comments: