Saturday, July 24, 2010

ឡាន​មន្ទីរពេទ្យ​បុក​មនុស្ស​ស្លាប់ ២ នាក់​របួស ៣ នាក់​

CEN
ដោយ : គិរី
តាកែវ: មនុស្ស ២ នាក់ បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង ៣ នាក់​ទៀត​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ឡាន​របស់​មន្ទីរពេទ្យរដ្ឋ​មួយ​នៅ​ភ្នំពេញ និង​ម៉ូតូ កាលពី​យប់​ថ្ងៃ​ទី​២៣ កក្កដា ២០១០ វេលា​ម៉ោង ១៧ និង ៣០ នាទី នៅតាម​បណ្តោល​ផ្លូវជាតិលេខ ៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤៨-៤៩ ត្រង់​ចំណុច​ភូមិ​ច្បារមន ឃុំ​កុមារា​ជា ស្រុក​បាទី ខេត្តតាកែវ ។​

​ ​លោក ង៉ាន់ សារិ អធិការ​ស្រុក​បាទី​បានឲ្យដឹងថា ឡាន​ម៉ាក​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ 2C-7312 ជា​កម្មសិទ្ធិ​របស់​មន្ទី​រ​ពេទ្យ​រដ្ឋ​មួយ បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ។ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ ។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​សេ ៥០ ពណ៌​សំបក​ឪឡឹក​គ្មាន​ស្លាក​លេខ ជិះ​មាន​គ្នា ៥ នាក់ បើកបរ​ឆ្លងកាត់​ថ្នល់​ពី​ទិសខាងកើត បត់​ទៅ​ទិស​ខាងត្បូង​បើកបរ​ដោយ​ឈ្មោះ ប៊ុក វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​រូង ឃុំ​ក្រាំង​លា​វ ស្រុក​បាទី ស្លាប់​នៅ​កន្លែងកើតហេតុ ។ រី​ឯ​អ្នកជិះ​ពីក្រោយ​មាន​គ្នា ៤ នាក់ ឈ្មោះ នួន ពៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ​ដែរ ឈ្មោះ នួន អាន់ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ឈ្មោះ អ៊ិម ភេទ​ស្រី អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ សុំ មុំ ភេទ​ស្រី អាយុ​៥២​ឆ្នាំ រងរបួស​ធ្ងន់ ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​ ​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​ឡាន​បើក​មកពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង​យ៉ាង​លឿន ដល់​ចំណុចកើតហេតុ​ក៏​វាក់​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​មាន​គ្នា ៥​នាក់ កំពុង​ធ្វើដំណើរ​ឆ្លងកាត់​ថ្នល់​បណ្តាលអោយ​ឡាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង ។ ចំណែក​ឡាន​បង្ក​បើក​បង្ហួស​បាន​ចំងាយ​ជាង ២០០០ ម ទើប​ឈប់​ហើយ​អ្នកបើកបរ​ក៏​រត់គេចខ្លួន​បាត់​ទៅ ៕

No comments: