Wednesday, July 14, 2010

រថយន្ត​និង​ម៉ូតូ​បុក​គ្នា​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​បាក់​ភ្លៅ

កម្ពុជាថ្មី
ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ និង​មនុស្ស​២​នាក់​ផ្សេងទៀត ជិះ​ពី​ក្រោយ​រង​របួស​មធ្យម បន្ទាប់​ពី​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ​កើត​ឡើង រវាង​រថយន្ត​និង​ម៉ូតូ​ប៉ះ​ទង្គិច​គ្នា។

ឧប្បត្តិហេតុ នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១០ វេលា​ម៉ោង​១៦​និង​៥០​នាទី ល្ងាច នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ ឬស្សីកែវ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​មួយ​ចំនួន​បាន​បញ្ជាក់​ថា មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​មាន​រថយន្ត ១​គ្រឿង បើក​បរ​ក្នុង​ទិស​ដៅ​ពី​ព្រែក​ព្នៅ​មក​ភ្នំពេញ ក្នុង​ល្បឿន​មធ្យម ចំណែក​ភាគី​ខាង​ម៉ូតូ​បើក​បរ​ពី ភ្នំពេញ​ឆ្ពោះ​ទៅ​ព្រែក​ព្នៅ​ក្នុង​ល្បឿន​មធ្យម​ដូច​គ្នា ខណៈ​ពេល​នោះ​ភាគី​ខាង​ម៉ូតូ​ក៏​វ៉ាក់​អើ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ចត​នៅ​ខាង​ស្ដាំ​ដៃ​ខ្លួន ពេល​នោះ​ម៉ូតូ​ក៏​ងាក​ចង្កូត​មក​ឆ្វេង​បន្តិច ដើម្បី គេច​ពី​រថយន្ត​ដែល​ចត​នោះ រួច​ហើយ​ក៏​ប៉ះ​ទង្គិច​ជាមួយ​រថយន្តCAMRY ឆ្លាម ដែល​ធ្វើ​ដំណើរ​បញ្រ្ចាស់​ទិស​គ្នា​តែម្ដង។

បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរ​រួច​មក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​​ត្រូវ​​បាន​ប៉ូលិស​យក​មក​រក្សា​ទុក នៅ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់៕

No comments: