Sunday, July 11, 2010

អ្នក​​​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី ស្លន់​ស្លោ​ពេល​ឃើញ​រថយន្ត​ដឹក​ត្រាក់​ទ័រ​​ថយ​​ក្រោយ

កម្ពុជាថ្មី
ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១០ អ្នក​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី រាប់​រយ​នាក់ នាំ​គ្នា​ភ័យ​ស្លន់​ស្លោ​ខ្លះ​ផ្ដួល​ម៉ូតូ​ចោល​រត់​យក​តែ​ប្រាស​អាយុ ព្រោះ​ឃើញ​រថយន្ត​ធំ​ដឹក គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ ដែល​កំពុង​រោទ៍​ម៉ាស៊ីន​ប្រឹង​ឡើង​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ហើយ​ឡើង​មិន​រួច​ក៏ រអិល​ថយ​ក្រោយ។

សាក្សី​មួយ​រូប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១០ នេះ​មាន​រថ​យន្ត​ធុន​ធំ​១​គ្រឿង បាន​ដឹក​គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ ដោយ​ធ្វើ​ដំណើរ​ពី​ផ្លូវ​ជាតិ​លេខ​២ ពី​សង្កាត់​ចាក់ អង្រែ​រួច​មក​ដល់​​គល់​ស្ពាន​អាកាស​រថយន្ត​នោះ​បាន​កាច់​ចង្កូត​មក​ឡើង​ ស្ពាន​ព្រះ​មុនីវង្ស​ថ្មី រថយន្ត នោះ​បាន​បន្ថយ​ល្បឿន​ព្រោះ​មាន​អ្នក​ដំណើរ​ច្រើន​កក​ស្ទះ​ផង​នោះ ហើយ​ពេល​រថយន្ត​ប្រឹង​បង្កើន កំលាំង​ឡើង​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​យ៉ាង​ត្រដាប​ត្រដួស ព្រោះ​គ្មាន​ដេប៉ា​ដើម្បី​ប្រឹង​ឡើង​ផង ណា​មួយ​ផ្ទុក​គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ​នៅ​ពី​លើ​ផង​ ធ្វើ​ឲ្យ​រថយន្ត​ប្រឹង​រហូត​ដល់​រលត់​ម៉ាស៊ីន រួច​រអិល​ថយ​ក្រោយ តែ​ពេល​នោះ​ព្រូ​ឡាន​ខាង​លើ​បាន​រត់​មក​យក​កំណល់​កល់​កង់​យ៉ាង​រហ័ស នៅ​តែ​ធ្វើ​ឲ្យ​រថយន្ត​បន្ត ថយ​ក្រោយ​ទៀត ធ្វើ​ឲ្យ​ប៉ូលិស​ចរាចរ​និង​ប៉ូលិស​យាម​ស្ពាន​នាំ​គ្នា​រត់​ត្របាញ់​ជើង ព្រម​ទាំង​បញ្ជា​ឲ្យ អ្នក​ធ្វើ​ដំណើរ​តាម​ក្រោយ​ឲ្យ​ចៀស ព្រោះ​ខ្លាច​រថយន្ត​កិន​នាំ​ឲ្យ​គ្រោះ​ថ្នាក់។ ប៉ូលិស​បាន​យក​កំណល់ កល់​កង់​រថយន្ត​ទើប​រថយន្ត​ឈប់ កុំ​អី​ពុំ​ដឹង​មាន​អ្នក​ដំណើរ​ប៉ុន្មាន​ត្រូវ​រង​គ្រោះ​ដោយ​រថយន្ត​រអិល​ កិន នោះ​ទេ។

អ្នក​ធ្វើ​ដំណើរ​បាន​នាំ​គ្នា​និយាយ​ថា មូល​ហេតុ​ដែល​រថយន្ត​ខាង​លើ​ឡើង​ស្ពាន​មិន​រួច​បែប​នេះ ដោយ​សារ​ដឹក​ធ្ងន់​ជាង និង​ដេប៉ា​ឡើង​ស្ពាន​តិច​ផង​នោះ។ អ្នក​ធ្វើ​ដំណើរ​សំណូម​ពរ​ឲ្យ​តៃកុង​ឡាន ធំៗ​មុន​ចេញ​ដំណើរ​សូម​ពិនិត្យ​មើល​រថយន្ត​របស់​ខ្លួន​​ឲ្យ​ត្រឹមត្រូវ ដើម្បី​ចៀស វាង​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​តាម​ដង​ផ្លូវ៕

No comments: