បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុបន្ទាប់ពីរថយន្តសណ្តោងកុងតឺន័រ ១ គ្រឿង បានបើកមកបុកជនរងគ្រោះរូបនេះ ចំពីមុខទាំងកំរោល ហើយកៀបជាប់ក្រោមកង់ឡានអូសជិត ២០ ម៉ែត្រ បណ្តាលឲ្យស្លាប់ ។
គ្រោះថ្នាក់ នេះ កើតឡើងកាលពីវេលាម៉ោង ៥ និង ១០ នាទីល្ងាចថ្ងៃទី ៩ ឧសភា នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំនុចមុខសាលាកងរាជអាវុធហត្ថកំបូល ស្ថិតក្នុងភូមិគល់ ឃុំកន្ទោក ស្រុងអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ ភឿន ផៃ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរជាងសំណង់ រស់នៅឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា C100-2000 ពណ៌ស្លែ ពាក់ស្លាកលេខ ព.0445 ភព, ម៉ូតូនេះក៏ត្រូវរថយន្តកិនកៀបជាប់អូសជាមួយខ្ទេចអស់ទាំងស្រុង ។ ចំណែករថយន្តបង្កម៉ាក FUSO ពណ៌ក្រហម សណ្តោងកុងតឺន័រ ពាក់ស្លាកលេខ 9.0273 ភព៣ អ្នកបើកបររត់គេចខ្លួនបាត់ ។
បើយោងតាមសាក្សីនៅ កន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរក្នុងទិសដៅ ពីលិចមកកើត ហើយម៉ូតូជនរងគ្រោះជិះក្នុងទិសដៅពីកើតទៅលិចទិសដៅបញ្ច្រាសគ្នា ។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក បានបើកបរសសៀរៗឆ្លងផ្លូវទៅខាងឆ្វេងដៃរបស់ខ្លួន ទើបបណ្តាលឲ្យបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង នៅលើចំណែកផ្លូវអាទិភាពរបស់ម៉ូតូ បណ្តាលឲ្យស្លាប់តែម្តង ។
ប៉ូលិសចរាចរ ស្រុកអង្គស្នួល ចុះមកវាស់វែង នៅកន្លែងកើតហេតុ ហើយបានយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកមួយអន្លើរសិន ដើម្បីរងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ។
សពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អានបន្ថែម
No comments:
Post a Comment