បាត់ដំបង ៖ យុវជនម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយពុំទាន់មានដំណោះស្រាយ បន្ទាប់ពី មានរថយន្តលុចស៊ីសមួយគ្រឿង ដែលអ្នកបើកបរអតីត ជាតំណាងរាស្រ្តគណបក្សនរោត្ដម រណឫទ្ធិ ប្រចាំខេត្តបាត់ដំបង បានបុកទាំងបំពានច្បាប់រួចរត់គេច ខ្លួនប៉ុន្តែត្រូវប៉ូលិសចាប់បាន។
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ២០១០ វេលាម៉ោង ១៧ត្រង់ចំណុចរង្វង់មូលស្រុកថ្មគោល លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
បើតាមសាក្សី ឃើញហេតុការណ៍បានបញ្ជាក់ថា ដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីសពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2L1998 បើកបរដោយឈ្មោះស៊ុត ឌីណាអតីតជាអ្នកតំណាងរាស្រ្ត គណបក្សនរោត្តម រណឫទ្ធិ ប្រចាំខេត្តបាត់ដំបង បច្ចុប្បន្នជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដោយ បានបើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កនោះបានឡើងជែងរថយន្ត មួយគ្រឿងទៀតក្នុងល្បឿនយ៉ាងលឿន តែបានបុកទៅលើម៉ូតូសិស្សសាលាម្នាក់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា នៅនឹងចិញ្ចើមថ្នល់ខាងស្ដាំរបស់ម៉ូតូ មិនត្រឹមតែប៉ុណ្ណោះ ការប៉ះទង្គិចនោះបានធ្វើឲ្យរថយន្តបែកស្ដុប បែកកញ្ចក់ និងបែកកង់មុខខាងឆ្វេងផងដែរ។ តែអ្នកបើកបរបានបើករត់ រហូតដល់ចំណុចភូមិប៉ោយសំរោង ទើបសមត្ថកិច្ចឈរជើងនៅគោលដៅនោះចាប់បាន។
ជនរងគ្រោះមាន ឈ្មោះពេជ្រ លាងហ៊ួត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅចំណុចកើតហេតុខាង លើ ចំណែកម៉ូតូដែលខ្ទេចនោះម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខបាត់ដំបង 1E2363។ ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត។ ចំណែករថយន្តបង្កត្រូវបានកំលាំង សមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋានស្រុកថ្មគោល។
ពាក់ព័ន្ធនឹង ទង្វើនេះ លោកអធិការរងនៅតែមានការលាក់លៀមជាមួយអ្នកសារព័ត៌មាន ថា រថយន្តនោះនៅក្នុងកន្លែងទេ។ តែធាតុពិតគឺត្រូវបានដោះលែងចេញបាត់ទៅហើយ៕
No comments:
Post a Comment