Monday, May 3, 2010

គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ស្លាប់​១ របួសធ្ងន់​១​នៅ​ខេត្ដបន្ទាយមានជ័យ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ដបន្ទាយមានជ័យ ៖ យ៉ាង​ហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀតរង​របួសធ្ងន់ នៅ​ក្នុង​ឧប្បត្ដិហេតុ​គ្រោះថ្នាក់ចរាចរណ៍​ពីរ​លើក​នៃ​ថ្ងៃ​ទី​១ ឧសភា ២០១០ ក្នុងភូមិ​សាស្ដ្រ​ខេត្ដបន្ទាយមានជ័យ។ តាម​មន្ដ្រី​នគរបាល​ចរាចរ​ខេត្ដ​បានឱ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍លើក​ទី​១ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​ស្ពានទឹកថ្លា ចំងាយ​២០០​ម៉ែត្រ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ រវាង​ក្បួនម៉ូតូ​ធុន​យក្ស​ចំនួន​១៩​គ្រឿង ដែល​ធ្វើ​ដំណើរទេសចរណ៍​ទៅ​កាន់​ខេត្ដសៀមរាប ហើយមាន​ម៉ូតូ​១​គ្រឿងក្នុង​ចំណោម​ម៉ូតូ​ទាំង​១៩គ្រឿង បាន​បើក​កៀរ​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​មមួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ លិចទៅកើត។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ង៉ិ​ក ច​ន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី បើកបរ​ម៉ូតូម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី២០១០ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ ១​C​-៧៧៧៩ ។

ចំណែក​អ្នកបើកបរ​ម៉ូតូ​ក្នុងដំណើរ​ទេសចរណ៍​ឈ្មោះ​សុ​រ៉ា ផា​ន់​សា​ងៀ​មសាក់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ស្រុក​មឿង ខេត្ដ​អាំ​ណាត​ចៈ​រ៉ើ​ន ប្រទេស​ថៃ ជា​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅកាន់​ខេត្ដសៀមរាប បើកបរ​ម៉ូតូ​យក្ស​ម៉ាក BMW ធុន​១១៥០ CC ពណ៌​ខៀវ​-​ស ពាក់ស្លាក​អក្សរ​ថៃ​លេខ៥៥៥ ។ ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​ទាំង​២គ្រឿង បាន​បើក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ក្នុង​ល្បឿន​លឿន​ដូច​គ្នា លុះ​មក​ដល់ចំណុច​ខាងលើ​ដែល​ជា​ផ្លូវ​កោង អ្នកបើកបរម៉ូតូ​ហុងដា​ឌ្រី​ម បាន​បើក​ងាក​មក​ខាងស្ដាំ​ដៃរបស់​ម៉ូតូ​ធំ បណ្ដាល​ឱ្យ​ម៉ូតូ​ធំ​កៀរ​ដួល ។ ពេល​នោះ​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម បានខ្ទាត​ចេញពី​ម៉ូតូ​ទៅ​បោក​ក្បាល​នឹង​បង្គោលរនាំង​ដែក​ផ្លូវ​កោង​ធ្វើ​ឱ្យ ​បែក​មួក​សុវត្ថិភាព និង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែងកើតហេតុ ឯ​ម៉ូតូ​ខ្ទាត​ជាប់​នឹង​រនាំង​ដែកចំណែក​ម៉ូតូ​ធំ​នោះ​ខូចខាត​បន្ដិចបន្ដួច ហើយអ្នកបើកបរ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ។ មន្ដ្រី​នគរបាល​ចរាចរ​ដដែល​បាន​បន្ដទៀត​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច សពជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​តាម​រថយន្ដ​សង្គ្រោះរបស់​ស្នងការដ្ឋាន​យក​ទៅ​ ប្រគល់​ជូន​ក្រុមគ្រួសារ​សព​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ ក្រុមហ៊ុន អង្គរ​ធី​ខេ​អែន ត្រា​វ៉ែ​ល រ៉ាប់រង​ដោះស្រាយ​។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ នាវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៦ ជិត​ស្ពាន​សាលា​ក្រៅស្ថិត​នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុងសិរី​សោភ័ណ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយលើក​ទៀត ដោយ​រថយន្ដ​បុក​ជាមួយ​គោ​យន្ដកន្ដ្រៃ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ តាម​មន្ដ្រីនគរបាល​ចរាចរ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុមាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ម៉ុង​តេ​រ៉ូ​មី​ត​ស៊ុ​យប៊ី​ស៊ី ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២​C​-៦៨៦៤ បើកបរ​ដោយ​ស្ដ្រី​ឈ្មោះ​អាន់​ណា អាយុ​៣៧​ឆ្នាំ ជនជាតិ​អេ​ស្ប៉ា​ញ មុខងារទីប្រឹក្សា​មជ្ឈមណ្ឌល​កុមារ​កំព្រា ដែល​មានទីស្នាក់ការ​នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​គោ​យន្ដ​កន្ដ្រៃ ដែលបើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ខណៈ​គោយន្ដ​បត់​មក​ខាងឆ្វេង​ដៃ​គន្លង​ផ្លូវ​រថយន្ដ​។ ក្នុង​ហេតុការណ៍​នេះបណ្ដាល​ឱ្យ​អ្នកបើកបរគោ​យន្ដ​កន្ដ្រៃ ឈ្មោះ​គង់ សូល ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក រង​របួសធ្ងន់ ហើយ​ត្រូវ​បានរថយន្ដ​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាលខេត្ដ ដឹក​យក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ចំពោះគោ​យន្ដ​កន្ដ្រៃ​ដាច់​កង់​ផ្នែក​ខាងស្ដាំ និង​រថយន្ដ​ខូចខាត​ផ្នែក​ខាង​មុខ​ហើយ​ត្រូវ​បានសមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ ទុក​ដើម្បី​ធ្វើការដោះស្រាយ​ ។

អានបន្ថែម

No comments: