Saturday, March 13, 2010

អ្នក​បើក​ត្រាក់ទ័រ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ផាក​ពិន័យ​ព្រោះ​គ្មាន​ប័ណ្ណ​បើកបរ

2010-03-12
ច្បាប់​បាន​កំណត់​និង​តម្រូវ​ឲ្យ​អ្នក​បើកបរ​យាន​យន្ត​គ្រប់​ប្រភេទ​មាន​ ប័ណ្ណ​បើកបរ ប៉ុន្តែ​កសិករ​ខ្លះ​នៅ​ស្រុក​មេមត់​មិន​សប្បាយ​ចិត្ត​ចំពោះ​ប៉ូលិស​ដែល​ចាប់ ​បង្ខំ​ពួក​គេ​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​ដ៏​ច្រើន​ដោយសារ​ពួក​គេ​ពុំ​មាន​ ប័ណ្ណ​បើកបរ​ត្រាក់ទ័រ។

កសិករ​នៅ​ខេត្ត​កំពង់ចាម​ដែល​មាន​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដី​បាន​ឲ្យ​ដឹង​ ថា ពួក​គេ​ពុំ​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​ច្បាប់​ដែល​តម្រូវ​ឲ្យ​អ្នក​បើក​ ត្រាក់ទ័រ​ភ្ជួរ​ដី​មាន​ប័ណ្ណ​បើកបរ​នោះ​ឡើយ ដោយ​ពួក​គេ​យល់​ថា ត្រាក់ទ័រ​ពុំ​មែន​ជា​យាន្ត​ចរាចរ​ដឹក​ជញ្ជូន​ប្រកប​អាជីវកម្ម​លើ​ដង​ផ្លូវ​ សាធារណៈ​ដូច​រថយន្ត​ផ្សេងៗ​ឡើយ។

លោក សាម៉េន នៅ​ស្រុ​កពញាក្រែក ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៩ មីនា លោក​ត្រូវ​បាន​ប៉ូលិស​ស្រុក​មេមត់​ឃាត់​ត្រាក់ទ័រ​លោក​សួរ​រក​ប័ណ្ណ​បើកបរ ព្រមទាំង​គំរាម​ផាក​ពិន័យ​ជា​ប្រាក់​ជា​ច្រើន​ម៉ឺន​រៀល​ទៀត​ផង នៅ​ពេល​ដែល​លោក​វិល​ត្រឡប់​មក​ពី​ភ្ជួរ​ដី​ចម្ការ​របស់​បង​ប្រុស​លោក​ក្នុង​ ឃុំ​ជាំគ្រវៀន កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក សាម៉េន បាន​បញ្ជាក់​ថា ៖ «ប៉ូលិស​ទៅ​សួរ​ខ្ញុំ​ថា មាន​ប័ណ្ណ​បើកបរ មាន​ពាក់មី​ដែរ​ឬ​មួយ​ក៏​អត់? គេ​ទារ ៦​ម៉ឺន​(រៀល) គេ​ចុះ​ឲ្យ ២​ម៉ឺន​រៀល ហើយ​ខ្ញុំ​សុំ​ឲ្យ​គេ​តែ ១៥.០០០ គេ​អត់​ព្រម​ទៀត! ហើយ​គាត់​ថា បើសិន​ខ្ញុំ​មិន​ឲ្យ​លុយ​ហ្នឹងទេ គេ​នឹង​ចាប់​ខ្ញុំ​យក​ទៅ​ដាក់​គុក!»

លោក សុខ ដារិទ្ធ អ្នក​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី​ម្នាក់​ទៀត​នៅ​ឃុំ​ជាំតាម៉ៅ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ពុំ​ធ្លាប់​ជួប​ប្រទះ​នូវ​បញ្ហា​បែប​នេះ​ទេ ដែល​លោក​គិត​ថា ការ​បើកបរ​ក្នុង​ចម្ការ​វា​មិន​ដូច​តាម​ផ្លូវ​ជាតិ​ឡើយ តែ​លោក​ថា នឹង​ខិតខំ​រៀបចំ​បំពេញ​សំណុំ​បែបបទ​កុំ​ឲ្យ​ជួប​បញ្ហា​នេះ។

លោក សុខ ដារិទ្ធ បាន​អះអាង​ថា ៖ «ការ​ភ្ជួរ​ដី​នៅ​តាម​ចម្ការ​ហ្នឹង មិន​ចាំបាច់​ប័ណ្ណ​បើកបរ​ក៏​បាន​ដែរ ព្រោះ​អី​នៅ​តាម​ជនបទ តាម​ចម្ការ តាម​ព្រៃ​អ៊ីចឹង។ អ្នក​ណា​ទៅ​មាន​លុយ​រៀន​យក​ប័ណ្ណ​បើកបរ​ឲ្យ​បាន​នោះ!»

ទាក់ទិន​បញ្ហា​នេះ លោក វណ្ណា មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹង​ថា រាល់​អ្នក​បញ្ជា​យាន​យន្ត​គ្រប់​ប្រភេទ​ទាំង​អស់​ត្រូវតែ​មាន​ប័ណ្ណ​បើកបរ បើ​ខ្វះ​ខាត​លើ​ចំណុច​ណា​មួយ​គឺ​គេ​អាច​ផាក​ពិន័យ​បាន​ទៅ​តាម​ច្បាប់​កំណត់ ៖ «បើក​ត្រាក់ទ័រ ឡាន​កែច្នៃ គោ​យន្ត​អី​ហ្នឹង ត្រូវតែ​មាន!»

លោក អ៊ិន ហឿង ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់ បាន​បញ្ជាក់​ជូន​ថា ពុំ​មាន​ច្បាប់​ណា​មួយ​កំណត់​ឲ្យ​ទារ​ប្រាក់​ដ៏​ច្រើន​បែប​នោះ​ឡើយ ៖ «អា​ហ្នឹង​វា​មិន​ត្រូវ​ទេ អា​ហ្នឹង​ជា​បុគ្គល​ទេ។ ច្បាប់​គ្មាន​កំណត់​ស្អី​ដល់​ប៉ុណ្ណឹង​ទេ!»

លោក នាង សាវ៉ាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក បាន​កត់​សម្គាល់​ថា អ្នក​បើក​ត្រាក់ទ័រ​ឬ​ប្រភេទ​យាន​យន្ត​កែច្នៃ​ត្រូវតែ​មាន​ប័ណ្ណ​បើកបរ ប៉ុន្តែ​ចំពោះ​ការ​ខ្វះខាត​លោក​ថា ក៏​ពុំ​មាន​ច្បាប់​ណា​ឲ្យ​អនុវត្ត​ផាក​ពិន័យ​ជា​ប្រាក់​ហួស​ហេតុ​បែប​នេះ​ ទេ។

លោក នាង សាវ៉ាត បាន​មាន​ប្រសាសន៍​ថា ៖ «ត្រាក់ទ័រ​ក៏​វា​ទាក់ទង​ទៅ​ នឹង​ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​ដែរ។ តែ​បើសិន​ជា​មាន​ការ​ពិន័យ ត្រូវតែ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ថា​ពិន័យ​គាត់​យ៉ាង​ម៉េច? ហើយ​យ៉ាង​ណា​ក៏​វា​មិន ៦​-​៧​ម៉ឺន​(រៀល) គំរាម​គាត់​យក​ដាក់​គុក​អ៊ីចឹង​ទេ អា​ហ្នឹង​វា​ជា​រឿង​ខុស​ច្បាប់។ ការ​ធ្វើ​ផ្ទុយ​ពី​នីតិ​វិធី ខុស​សមត្ថកិច្ច​របស់​ខ្លួន វា​ជា​អំពើ​ពុក​រលួយ។ អា​ហ្នឹង​ត្រូវតែ​ហាម​ឃាត់ ត្រូវតែ​ចៀសវាង»

មន្ត្រី​នៃ​មន្ទីរ​ចរាចរណ៍​ខេត្ត​កំពង់ចាម​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ ចំនួន​ត្រាក់ទ័រ​មាន​តាម​តំបន់​ក្នុង​ខេត្ត ថា​មាន​ប័ណ្ណ​បើកបរ ឬ​មិន​មាន​ប័ណ្ណ​បើកបរ​នោះ មាន​ចំនួន​ប៉ុន្មាន​ឡើយ។ ឯ​អ្នក​បើក​ត្រាក់ទ័រ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឃុំ​នីមួយៗ​មាន​ត្រាក់ទ័រ​ភ្ជួរ​ដី​យក​ប្រាក់​ប្រមាណ​ពី​ជាង ១០​គ្រឿង ទៅ ២០​គ្រឿង ដែល​បាន​ភ្ជួរ​ដី​យក​ប្រាក់​ដោយ​គិត​ថ្លៃ​ឈ្នួល​តាម​ស្ថានភាព​ដី ពី ១០​ម៉ឺន​រៀល និង​លើស​នេះ​បន្តិច​បន្តួច​ក្នុង​មួយ​ហិកតា ហើយ​ភាគ​ច្រើន​គឺ​ពុំ​មាន​ប័ណ្ណ​បើកបរ​ឡើយ៕

No comments: