Wednesday, March 3, 2010

បើក​រថយន្ត​បោល​បំបុក​បង្គោល​ភ្លើង​អាជ្ញាធរ​អប្សរា ហើយ​ជ្រុល​ធ្លាក់​ប្រឡាយ

កម្ពុជាថ្មី
ខេត្ត ​សៀមរាប ៖ រថយន្ត​ឡង់​គ្រី​ស័រ​១​គ្រឿង រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ខណៈ​ពេល​ដែល ម្ចាស់​វា​បាត់​បង់​ស្មារតី​គ្រប់គ្រង ហើយ​បាន​បើក​បំបុក​ដើម​ឈើ​ខ្នាត​តូច​១​ដើម រួច​បាន​បន្ត​ជ្រុល​ទៅ​បុក​បំបាក់​បង្គោល​ភ្លើង​បំភ្លឺ​ ផ្លូវ​បាក់​រាប​ដល់​ដី រួច​ក្រឡាប់​៤​ទៅ​៥​ត្រឡប់​ទៀត ទើប​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ដែល​នៅ​អម​សង​ខាង​ផ្លូវ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ ២០១០ ស្ថិត​នៅ​លើ​ដង​ផ្លូវ​៦០​ម៉ែត្រ ទល់​មុខ​ហាង​រស្មី​អង្គរ។

បើ ​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ធ្វើ​ដំ ណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត នេះ​រេ​ចង្កូត​មក​ខាង​ឆ្វេង​ដៃ រួច​ក៏​បុក​ដើម​ឈើ​ហើយ​និង​បង្គោល​ភ្លើង​រួច​ក៏​ក្រឡាប់​ចូល​ក្នុង​ប្រឡាយ តែ​ម្ដង។ ភ្លាម​ៗ​នោះ​គេ​បាន​ឃើញ​មនុស្ស​២​នាក់​វារ​ចេញ​ពី​ក្នុង​រថយន្ត រួច​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ ទៅ សង្រ្គោះ​នៅ​គ្លីនិក​ឯកជន។

មន្រ្តី ​នគរបាល​ចរាចរ​ជើង​គោក ដែល​ចុះ​ធ្វើ​ការ​វាស់​វែង​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​បរ​មាន​ឈ្មោះ សេង គីម អាយុ​៣០​ឆ្នាំ ភេទ​ប្រុស រស់​នៅ​ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រ​និគម ខេត្ត​សៀម រាប រី​ឯ​អ្នក​រួម​ដំណើរ​ជាមួយ​ពុំ​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ឡើយ គ្រាន់​តែ​ដឹង​ថា ជា​អាណិក​ជន (អ្នក​មក​ពី​បរទេស) ត្រូវ​ជា​បង​ប្អូន​នឹង​គ្នា។ អ្នក​ទាំង​២​នាក់​របួស​ស្រាល​ដោយ​សារ​បាន​ពោង​សុវត្ថិ​ ភាព​រថយន្ត​ផ្ទុះ​ជួយ​ការពារ៕

No comments: