កម្ពុជាថ្មី
កំពង់ឆ្នាំង ៖ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ វេលាម៉ោង១៧ នៅចំណុចរង្វង់មូលស្តាត ចាស់ ក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានករណីបង្កគ្រោះថ្នាក់ចរាចរ ដោយខ្លួនឯងមួយ បង្កឡើងដោយ ឈ្មោះ សុខ លីកុសល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យរបួសបែកមុខ ឈាមហូរពេញខ្លួន។
សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុគេបានឃើញក្មេង ទំនើងម្នាក់បើកម៉ូតូ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1A 7344 បើកបរពីត្បូងមកជើង ជាមួយម៉ូតូគុបជ្រុង ពណ៌ទឹកសមុទ្រ ពាក់ផ្លាក លេខ ក1179 ក.ឆ១។ មុនពេលកើតហេតុម៉ូតូC125 បានបើកជ្រែលេងម្ដងទៅឆ្វេង ម្ដងទៅស្ដាំ ក្នុងល្បឿនយ៉ាងលឿន ក្នុងរូបភាពឲ្យគេស្ញប់ស្ញែង តែចៃដន្យភ្លាត់ស្នៀតក៏ដួលខ្លួនឯងបែកចិញ្ចើមខាងស្ដាំ ហូរឈាមស្រោចខ្លួនសន្លប់មួយសន្ទុះធំ។ បន្ទាប់មកមិត្តភក្ដិរបស់គេជិះម៉ូតូគុប ក៏ឈប់ម៉ូតូ ជួយលើកមិត្តភក្ដិរងគ្រោះនោះយកទៅមន្ទីរពេទ្យខេត្ត តែពេលគេដឹងខ្លួនវិញ អ្នករងគ្រោះនោះចចេសមិនព្រមទៅពេទ្យទេ ក៏ស្ទុះមកលើកម៉ូតូបញ្ឆេះបំណងគេចខ្លួន តែត្រូវសមត្ថកិច្ចមកទាន់ឃាត់ម៉ូតូជាប់ យកទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាលក្រុង ដើម្បីអប់រំដល់អ្នកបើកបរទំនើងរូបនេះ៕
No comments:
Post a Comment