តើប៉ូលីសចរាចរណ៍ត្រូវធ្វើអ្វីខ្លះ? បើតាមការយល់ដឹងដ៏តិចតួចស្តួចស្តើងគឺ ពួកគាត់ធានាជួយសំរួលដល់ការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ ដាក់ទោសពិន័យចំពោះអ្នកដែលប្រព្រឹត្តិច្បាប់ចរាចរណ៍ ជាដើម ។ តែប្រសិនបើនៅក្នុងប្រទេសកម្ពុជាយើងវិញ ប៉ូលីសចរាចរណ៍គឺជាមនុស្សម្នាក់ដែលគេមិនចង់ជួបមិនចង់អោយឃើញបើ គេចបានត្រូវគេចចេញអោយឆ្ងាយ ។
ហេតុអ្វីបានជាដូច្នេះ? ពីព្រោះខ្ញុំគិតថាពួកគាត់ ចាំតែឆក់ឱកាសទៅលើអ្នកណាដែលពួកគាត់អាចគាបបានដើម្បីគាបយក ប្រាក់កាសបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះ???? តើពួកគាត់ពិតជាគួរអោយអាណិតដល់ថ្នាក់នេះឬ? ខ្ញុំក៏មិនដឹងច្បាស់ដែរថាតើពួកគាត់ទទួលបានប្រាក់ បៀវត្សរ៍ប៉ុន្មានក្នុងមួយខែ? ហើយខ្ញុំក៏មិនដឹងដែលថាលុយដែលគាត់ផាកបានដោយគ្មានវិក័យប័ត្រតើ វានឹងចរាចរណ៍ទៅនៅកន្លែងណានោះដែរ ។ ឬមកពីខ្ញុំមិនបានយល់ដល់ច្បាប់ចរាចរណ៍ត្រឹមត្រូវផងក៏មិនដឹង តែខ្ញុំព្យាយាមគោរពនៅភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ដែលខ្ញុំបានឃើញ??? (ពីព្រោះផ្លាកខ្លះបានបាំងនឹងដើមឈើ ឬក៏លាក់ទុកយ៉ាងស្រួល) ។ តែគ្រាន់តែពេលខ្លះខ្ញុំមិនបានចាប់អារម្មណ៍ ខ្ញុំក៏ក្លាយជាជនរងគ្រោះ ហើយក្លាយជាអ្នករួមចំណែកក្នុងការប្រព្រឹត្តអំពើពុករលួយទៀតផង ។
គឺកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០០៩ ខ្ញុំធ្វើដំណើរចេញពីការិយាល័យរបស់អង្គការក្នុងស្រុកមួយដែលមាន ទីតាំងនៅជិតសាលាសន្ធរម៉ុក ។ ពេលដែលខ្ញុំជិះចេញមកវិញ ខ្ញុំក៏ធ្វើដំណើរស្របនឹងសាលារួចក៏បត់ស្តាំបំណងត្រលប់មកធ្វើ ការវិញតាមបណ្តោយមហាវិថីម៉ៅសេទុង តែខ្ញុំក៏មិនបានចាប់អារម្មណ៍ថា ស្តុបកន្លែងនោះគេមិនអោយបត់ស្តាំ (តែបើបំពានភ្លើងចរាចរណ៍ទៅខាងមុខប្រហែលជាមិនខុស???) ។ ពេលនោះលោកប៉ូលីសក៏អោយខ្ញុំឈប់ ខ្ញុំតាំងចិត្តថាទាររកវិក័យប័ត្ររកអីអោយត្រឹមត្រូវម្តង មានអីគាត់ថាត្រូវយកប័ណ្ណសំគាល់ម៉ូតូ (ពាក់មី) ហើយត្រូវទៅបង់ពិន័យនៅកន្លែងណាមិនដឹងទេ ទំនងឆ្ងាយ ។ ខ្ញុំក៏ដក ១ដុល្លារជូនគាត់ គាត់ក៏អោយខ្ញុំជិះចេញមកវិញ ។
មានរឿងពីរដែលខ្ញុំឆ្ងល់ ទីមួយ ពេលដែលផាកពិន័យម៉េចក៏គាត់មិនអាចចេញវិក័យប័ត្រដោយខ្លួនឯងបាន? ចាំបាច់អោយខ្ញុំទៅកន្លែងណាផ្សេងធ្វើអី? បើសិនជាផាកកន្លែងនឹង ចេញវិក័យប័ត្រកន្លែងនឹងខ្ញុំមិនថាទេ តែដោយឃើញថាឆ្ងាយនឹងមិនចង់ចំនាយពេលច្រើនខ្ញុំក៏ បានប្រព្រឹត្តកំហុសមួយ ។ អ្នកដទៃទៀតប្រហែលជាគិតដូចជាខ្ញុំហើយ មានអ្នកតិចណាស់ដែលនឹងចង់ចំណាយពេលហើយទៅធ្វើតាម ក្បួនច្បាប់របស់ពួកគាត់នោះ ។ ទីពីរ ពេលបទស្តាំចឹងតើវាអាចនឹងបណ្តាលអោយមានគ្រោះថ្នាក់ឬ? ខ្ញុំមើលទៅដូចជាមិនអីទេ តែបើសិនជាខ្ញុំគិតខុសសូមជួយណែនាំ ។ ពេលបទស្តាំពេលកំពុងភ្លើងក្រហមវាខុសច្បាប់ ចុះអ្នកដែលបំពានភ្លើងក្រហមហើយទៅខាងមុខមិនខុសទេមែនទេ? ខ្ញុំមិនដែលឃើញប៉ូលីសណាពិន័យអ្នកដែលបំពានភ្លើងចរាចរណ៍ទៅខាងមុខនេះសោះ ។
នេះជាបទពិសោធន៍ផ្ទាល់ខ្លួនដែលចង់ចែករំលែក ខ្ញុំក៏ភ្លាត់ស្នៀតដែរ ខ្ញុំគួរតែមើលភ្លើងអោយបានត្រឹមត្រូវជាមុន មិនមែនផ្អែកលើទំលាប់ដែលធ្លាប់ទៅបាន ទៅបាននោះទេ ។
No comments:
Post a Comment