Friday, August 7, 2009

ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត ទំនើប​បុក​ផ្ទះ​លក់​បបរស​

ដោយ : សុ​ពិសិដ្ឋ (ថ្ងៃទី 7 សីហា 2009)
CEN News
ភ្នំពេញ: បុរស​ម្នាក់​ដែល​សាក្សី​អះអាងថា ជា​មន្ត្រី​ប៉ូលិស​ក្រសួង​មហាផ្ទៃ ហើយ​ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​បុក​ផ្ទះ​លក់​បបរ​សម្តុំ​អតីត​ពេទ្យ​ចិន បណ្តាលឲ្យ​របួស​ស្រាល ២ នាក់ ខូច​ម៉ូតូ​ចត​ស្ងៀម ២ គ្រឿង និង​បែក​ចាន​ឆ្នាំង​មួយចំនួនទៀត ។​

​ហេតុការណ៍​គ្រោះថ្នាក់​ខាង លើ​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង ៥ និង ៣០ នាទី​ព្រលឹម ថ្ងៃទី​៧ សីហា​នេះ នៅ​ផ្ទះ​លក់​បបរស​យីហោ​សូ ឈឿន ផ្ទះ​លេខ​៣៣៨ Eo ផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ម្ចាស់ផ្ទះ​ជា​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ។​

​ប៉ូលិស​មូលដ្ឋាន​បានឲ្យដឹងថា រថយន្ត​បង្ក​គ្រោះថ្នាក់​ម៉ាក Toyota Tacoma X-RUNNER ពីរ​បាំង​កន្លះ ពុំទាន់​មាន​ស្លាក​លេខ​ពណ៌​ខ្មៅ បើកបរ​ដោយ​មន្ត្រីប៉ូលិស​ម្នាក់ បាន​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់ ។​

​សាក្សី​និយាយថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើក​យ៉ាង​លឿន​តាម​មហាវិថី​ ព្រះមុនីវង្ស​ពី​ត្បូង ទៅ​ទិស​ខាងជើង ហើយ​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​លក់​បបរស​តែម្តង ។ បន្ទាប់​ពី​គ្រោះថ្នាក់​បុរស​ដែល​បើក​រថយន្ត បាន​ព្យាយាម​ឡើង​ជិះ​ម៉ូតូឌុប​ចាកចេញ ដោយ​ធុំក្លិន​ស្រា​ហួង​តែម្តង ។​

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច ពិនិត្យ​ឃើញ​របួស​មនុស្ស ២ នាក់​ស្រាល ខូច​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ មួយគ្រឿង និង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌ ក្រហម​មួយ​គ្រឿង និង​ចានឆ្នាំង ម្ហូបអាហារ​មួយចំនួន ។​

​មួយសន្ទុះ​ក្រោយមក មាន​មន្ត្រី​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ជា​ច្រើន​នាក់​មក​សម្របសម្រួល​ស​ង​ថ្លៃ​ ការខូចខាត ព្រមទាំង​យក​ស្រា​បៀរ ២ កេស និង​ទឹកកក​អនាម័យ​ទុក​ក្នុង​រថយន្ត​បង្ក​យកចេញ​ទៅ​បាត់ ៕
អានបនែ្ថម

No comments: