Saturday, August 29, 2009

ម៉ូតូវ៉េវ បុកឡិចស៊ីសរបួសធ្ងន់២នាក់

ដោយ៖ សុផល
២៨/ ០៨ /២០០៩
ទាំងរថយន្តបង្កហេតុ និងម៉ូតូរងគ្រោះ ត្រូវសមត្ថកិច្ចប៉ូលិសអូសយកមករក្សាទុកនៅខណ្ឌ
ដង្កោ ដើម្បីរងចាំម្ចាស់ទាំងសង្ខាងចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់

រថយន្ត ឡិចស៊ីស (Lexus) បង្កហេតុមួយគ្រឿងបែកកង់ចត​​ នៅតាមចិញ្ចើមថ្នល់ ដោយគ្មាន
ភ្លើងសញ្ញា នៅពេលយប់ក៏ត្រូវបានម៉ូតូវ៉េវមួយគ្រឿង បើកមកបុកចំពីខាងក្រោយ បណ្តាលឲ្យអ្នកជិះម៉ូតូ
ទាំង២នាក់រងរបួសធ្ងន់ ។ ហេតុការណ៍ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង កាល
ពីវេលាម៉ោង២២ ថ្ងៃទី២៨ ខែសីហា នៅចំណុចមុខនាយកដ្ឋានអន្តោប្រវេសន៍ ទល់មុខព្រលានយន្ត
ហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះក្នុងករណី
គ្រោះថ្នាក់ចរាចរណ៍នោះទី១.ឈ្មោះ សយ សុគន្ធ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រៃញាត ឃុំព្រៃ
ញាត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយរបួសធ្ងន់ ទី២.ឈ្មោះដួង សំណាង ភេទប្រុស អាយុ
២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិឃុំខាងលើ ឯម៉ូតូម៉ាកវ៉េវ-អ៊ី ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ
1L 4879 រីឯរថយន្តបង្កហេតុម៉ាក ឡិចស៊ីស ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2I 5557 អ្នក
បើកបររត់គេចខ្លួនបាត់ ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុខាងលើបានបែកកង់
ឈប់តាមចិញ្ចើមថ្នល់ ដោយគ្មានភ្លើងសញ្ញា បែរក្បាលទៅលិច ស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក
វ៉េវ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ម៉ូតូបានបុក
រថយន្តយ៉ាងខ្លាំងបណ្តាលឲ្យអ្នកបើកបរទាំងពីរនាក់ រងរបួសធ្ងន់ដោយសារតែ គ្មានភ្លើងសញ្ញា
សម្គាល់ ។

សាក្សីរូបនោះបានបន្តថា ក្រោពេលហេតុការណ៍បានកើតឡើងហើយ ជនរងគ្រោះទាំងពីរនាក់
ត្រូវបានគេដឹកយកមកជួយសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យកាល់ម៉ែត ហើយរថយន្ត និងម៉ូតូត្រូវបាន
ប៉ូលិសចរាចរខណ្ឌដង្កោ អូសយកមករក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាម
ផ្លូវច្បាប់ ៕

No comments: