Sunday, August 2, 2009

ការរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ចាប់​ផ្តើម​នៅថ្ងៃ​ទី​១​សីហា​នេះ


ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 01/08/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 01/08/2009 11:21 ម៉ោងសកល

បន្ទាប់ ​ពី​បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ តែ​មិន​បាន​ជោគ​ជ័យ​គួរ​ជាទី​ពេញចិត្ត​អស់​​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ អាជ្ញាធរ​បាន​កំណត់​យក​ថ្ងៃទី​១​សីហា​នេះ​ជាថ្ងៃ​ចាប់ផ្តើម​​យុទ្ធនាការ​ ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ក្នុង​ការ​ចាត់​វិធានការ​ក្តៅ​ចំពោះ​អ្នក​បើក ​បរ​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍។​ យានយន្ត​ទាំង​ឡាយ​ណា​ដែល​មិន​គ្រប់​លក្ខណៈនឹង​​ត្រូវ​គេ​រឹបអូស​ដើម្បី​​ បង្ខំ​​ឲ្យ​ម្ចាស់​បំពេញ​លក្ខខណ្ឌ​ច្បាប់។

ចាប់ពី​ថ្ងៃទី​១​សីហា​នេះ​ត​ទៅ​ យានយន្ត​ទាំង​ឡាយ​ណា​ដែល​មិន​ព្រម​បំពេញ​តាម​​លក្ខខណ្ឌ​របស់​អាជ្ញាធរ​មិន​ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើចរាចរ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ទៀត​ឡើយ។​ សមត្ថកិច្ច​នគរបាល​នឹង​រឹបអូស​យានយន្ត​ទាំងនោះ​យក​ទៅ​ទុក​មួយ​​កន្លែង​ ដើម្បី​បង្ខំ​ឲ្យ​អ្នកបើកបរ​បំពេញ​លក្ខខណ្ឌ​​ច្បាប់​មុន​នឹង​ទទួល​បាន​ យានយន្ត​របស់​​ពួកគេ​មកវិញ។

យានយន្ត​ដែល​គ្មាន​ស្លាក​លេខ​ គា្មនកញ្ចក់​​មើលក្រោយ​ គ្មានភ្លើង​គ្រប់គ្រាន់​ និង​​អ្នក​បើកបរ​ដែល​មិនព្រម​ពាក់​មួក​សុវត្ថិភាព​ គឺជា​គោលដៅ​នៃ​ការរឹបអូស។​ បើយោង​​តាម​ប្រសាសន៍​របស់​លោក​ នេត្រ ​សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ក្នុង​យុទ្ធនាការ​​ដំបូងនេះ​សមត្ថកិច្ច​នឹង​ មិន​ផាក​ពិន័យ​ពី​អ្នកបើកបរ​ទេ​ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​ពួកគេ​​បំពេញ​ លក្ខខណ្ឌ​​ច្បាប់​ឲ្យបាន​គ្រប់គ្រាន់​ទើប​អាច​ទទួល​បាន​យានយន្ត​របស់​ខ្លួន​ ​មកវិញ។

វិធានការ​នេះ​ត្រូវ​បាន​គេ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ និង​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ។​ កាល​ពី​​ជាង​មួយ​ខែមុន​នេះ​លោក​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ និង​ជា​​ប្រធាន​គណៈ​បញ្ជាការ​​ត្រួត​ពិនិត្យ​ការអនុវត្តន៍​ច្បាប់ចរាចរណ៍​ បាន​ចេញ​សារាចរណ៍​​ណែនាំ​ជា​សាធារណៈ​​មួយ​ស្តីពី​បញ្ហា​នេះ​ ដោយ​កំណត់​យក​ថ្ងៃទី​១​សីហា​នេះ​ធ្វើជា​​ឱសានវាទ។​ លោក​បាន​អំពាវនាវ​ឲ្យ​មន្ត្រីរាជការ​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ ​គោរព​ច្បាប់​ចរាចរណ៍។

គ្រោះថ្នាក់​ចរាចរណ៍​គឺជា​សោកនាដកម្ម​ដ៏​ធំធេង​មួយ​នៅ​កម្ពុជា។​ ជា​រៀងរាល់​ថ្ងៃ​​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​និង​រង​របួស​រាប់សិប​នាក់​ នេះ​នៅ​មិនទាន់​រាប់​បញ្ចូល​ការ​​ខូចខាត​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន​សន្ធឹក​ សន្ធាប់​ផងទេ។​ តួលេខ​ដ៏គួរ​ឲ្យ​ព្រឺ​ខ្លាច​នេះ​ មាន​​កម្រិត​ខ្ពស់ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។​ អាជ្ញាធរ​បាន​រក​ឃើញ​ថា​​ការ​មិន​​គោរព​ច្បាប់ចរាចរណ៍​របស់​អ្នក​បើកបរ​គឺជា ​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​កើត​​គ្រោះថ្នាក់​ចរាចរណ៍។

ប្រឈមមុខ​នឹង​បញ្ហានេះ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​​នគរបាល​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ ដើម្បី​កាត់បន្ថយ​សោកនាដកម្ម​នៃ​គ្រោះថ្នាក់​​ចរាចរណ៍។​ វិធានការ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ​គឺ​ជា​ផ្លែផ្កា​នៃ​អនុសាសន៍​របស់​នាយក​ រដ្ឋមន្ត្រី​ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​វា​នឹង​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា​នោះទេ៕


No comments: