Wednesday, August 5, 2009

ប្លន់​យក​រថយន្ត​បើកគេច ប៉ូលិស​បា​ញ់បំបែក​កង់​ចាប់បាន​ម្នាក់​

Njezn2i5mj
រថយន្ត​បើក​បុក​ដើមឈើ ​ពេល​ប៉ូលិស​បាញ់​បំបែក​កង់

Owjlywu0zw
ជនសង្ស័យ​ឈ្មោះ ញៀន ពិសា​ន​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 4 សីហា 2009)
CEN News
​ភ្នំពេញ​: បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក ២ នាក់ ត្រូវ​ប៉ូលិស​ ខណ្ឌ​ឫស្សីកែវ ​ឃាត់ខ្លួនបន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​យក​រថយន្ត​ពី​នាង​ម្នាក់​រួច​បើក​រត់ ហើយ​ត្រូវ​សមត្ថកិច្ច​បាញ់​បំបែក​កង់ ជ្រុល​បុក​ជាប់​នឹង​ដើមឈើ ។​

​ ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃ​ទី ០៣ សីហា​ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​កាល់​តិច ផ្លូវ​ជាតិលេខ 6 A ក្រុម​៦ ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ ។

​ ប៉ូលិស​និយាយថា រថយន្ត​ដែល​ត្រូវ​ចោរប្លន់​ម៉ាក តូ​យូ​តា ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់​ស្លាក​លេខ​ភ្នំពេញ 2J 1226 ម្ចាស់​រថយន្ត​ឈ្មោះ កាំ​ង ណៃ ភេទ​ស្រី អាយុ ២២ ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ ញៀន ពិសា​ន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រីឯ​បក្ខពួក​ម្នាក់​ទៀត​រត់គេចខ្លួន ។​

​ ប៉ូលិស​បន្តថា ខណៈពេល​នារី​រងគ្រោះ​ជិះ​រថយន្ត​ចូល​ស្ថានីយ៍​ប្រេង​កាល់​តិច ចាក់​ប្រេងសាំង ស្រាប់តែ​មាន​ជនល្មើស ២ នាក់ (​ថ្មើរជើង​) ដើរ​សំដៅ​រថយន្ត​ជនរងគ្រោះ រួច​ដក​កាំភ្លើងខ្លី ២ ដើម​ភ្ជង់​គំរាម ប្លន់​យក​រថយន្ត​បើក​ឆ្លងស្ពាន​ទៅ​លិច​តែម្តង ។ ជនរងគ្រោះ បាន​ប្តឹង​ប៉ូលិស​ភ្លាមៗ ។ ក្រោយមក​ប៉ូលិស​ប្រទះ​ឃើញ​រថយន្ត​ជនរងគ្រោះ ត្រូវ​ជនល្មើស​បើក​តាម​ផ្លូវជាតិ​លេខ ៥ ពី​ត្បូង​ទៅ​ជើង ។ ប៉ូលិស​បាន​រាយ​កម្លាំង​ស្ទាក់​តាមផ្លូវ ត្រូវ​ជនល្មើស​បើ​កបំ​បុក​ម៉ូតូ​ប៉ូលិស​ខូច​ខ្ទេច ១ គ្រឿង ហើយ​បើក​បុក​បា​រ៉ា​ស់ ដែល​ប៉ូលិស​ដាក់​ស្ទាក់ផ្លូវ ។ ដោយ​មិន​អាច​ឃាត់​រថយន្ត​បាន ប៉ូលិស​ក៏​សម្រេចចិត្ត​បាញ់​បំបែក​កង់​មុខ​ស្តាំ និង​កង់​ក្រោយ​ឆ្វេង ហើយ​រថយន្ត​ក៏​ជ្រុល​បុក​ដើមឈើ ១ ដើម​ នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ។ ជនល្មើស​បាន​រត់គេច​ខ្លួន​បន្លំ ក្នុង​ហ្វូង​ប្រជាពលរដ្ឋដែល​ឈរ​មើល ។ ពេលនោះ​ប្រជាពលរដ្ឋ​ឃើញ​ជនសង្ស័យ​ម្នាក់​ដោះអាវ ក៏​ឃាត់ខ្លួន​ប្រគល់ឲ្យ​ប៉ូលិស​តែម្តង ។​

​ ជុំវិញ​ករណី​នេះ ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​បក្ខពួក​សេសសល់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ៕

No comments: