Saturday, September 4, 2010

រថយន្ត FUSO បើក​កៀរ​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ដាច់​ចរន្ត​អគ្គិ​សនី​មួយ​យប់

គោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 3A-8251 ​បាន​បើក​កៀរ​ម៉ូតូ​​ហុងដា C125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពត 1A-1751 បណ្តាល​ឱ្យ​​អ្នក​បើក និង​អ្នក​រួម​ដំណើរ​រង​របួស ហើយ​រថយន្ត​​នោះ​ថែម​ទាំង​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បាក់​​ដល់​ដី ​និង​ដាច់​ភ្លើង​អគ្គិ​សនី​​មួយ​យប់ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៩ សីហា នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ប្ញស្សី​កែវ ។ ជន​រង​គ្រោះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ​ឈ្មោះ​ខក ឃីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្ម​ករ​សំណង់ ជា​អ្នក​បើក​ម៉ូតូ និង​​ឈ្មោះ​ហួន ភ័ណ្ឌ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្ម​ករ​សំណង់​ដែរ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​​ក្នុង​ភូមិ​ស្តៅ​កោង ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង ។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​ FUSO ​បើក​បរ​ដោយ​ឈ្មោះ​សុខ ខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ប្ញស្សី​កែវ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​កន្លែង​កើត​ហេតុ​បាន​​កៀរ​ម៉ូតូ​​ហុងដា C125 ​បណ្តាល​ឱ្យ​អ្នក​ជិះ​​ចំនួន​២នាក់​រង​របួស ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​​កៀរ​ម៉ូតូនោះ ធ្វើ​ឱ្យ​អ្នក​បើក​បរ​រថយន្ត​​​បាត់​បង់​ម្ចាស់​ការ ​ក៏​​រេ​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​​បុក​បង្គោល​ភ្លើង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ បាក់​ និង​ធ្លាក់​ខ្សែ​ភ្លើង​ និង​ខ្សែ​​​​ក្នុង​អុប​ទិក​មួយ​ចំនួន ​។ រថយន្ត​​បាន​ជាប់​​នៅ​បង្គោល​ភ្លើង​នោះ​។ នៅ​ល្ងាច​នោះ ភ្លើង​អគ្គិ​សនី​បាន​ដាច់​ជា​ច្រើន​ម៉ោង​ ។​ ប៉ូលិស​បាន​ស្ទូច​​រថយន្ត​​នោះ​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក ដើម្បី​​ឱ្យ​សង​ការ​ខូច​ខាត ៕

No comments: