Saturday, September 4, 2010

ម៉ូតូ​បុក​គ្នា​បែរ​ជា​រង​គ្រោះ​ក្មេង​ប្រុស​រត់​លេង​លើ​ចិញ្ចើម​ផ្លូវ​លំ

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


ខេត្ត​កំពង់​ឆ្នាំង ៖ ក្មេង​ប្រុស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​​​កំពុង​រត់​លេង​ក្បែរ​ចិញ្ចើម​ផ្លូវ ​ក្រាល​ក្រួស​ក្រហម​ ហើយ​ត្រូវ​ម៉ូតូ​២​គ្រឿង​បុក​​គ្នា​នៅ​ក្បែរ​នោះ​ដែរ ដែល​ម៉ូតូ​ភាគី​ម្ខាង​​មាន​លី​ជើង​ម៉ាស៊ីន​ផង​នោះ បាន​ដួល​មក​សង្កត់​លើ​​ក្មេង​ប្រុស​រូប​​នោះ​បណ្តាល​​ឱ្យ​ផុង​លលាដ៍​ ​ហើយ​ត្រូវ​​បាន​ដឹក​​យក​ទៅ​​មន្ទីរ​ពេទ្យ​ឯ​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​ខេត្ត​មិន​មាន​លទ្ធ​ភាព​សង្គ្រោះ ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ​២៨ សីហា នៅ​មុខ​​សាលា​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

មន្ត្រី​ប៉ូលិស​ចរា​ចរ​ក្រុង​បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​​រង​គ្រោះ​រូប​នោះ​ឈ្មោះ​ថា ចេក អាយុ​៩​ឆ្នាំ មាន​ទី​លំនៅ​​ក្នុង​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ​ឆ្នាំង ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​​ពេល​កើត​ហេតុ​​បុរស​​ឈ្មោះ​ប៊ុន ចាន់​ អាយុ​៥២​ឆ្នាំ បាន​បើក​ម៉ូតូ​ម៉ាក​ C100 កូរ៉េ ពណ៌​ក្រហម ក្នុង​ទិស​ដៅ​ពី​​​ជើង​ទៅ​ត្បូង ​​កាត់​មុខ​វត្ត​យាយ​ទេព​ ដោយ​មាន​ឌុប​មនុសុ្ស​ម្នាក់​ទៀត​ពី​ក្រោយ​ដែល​មាន​លី​ជើង​ម៉ាស៊ីន​កាណូត​​នៅ ​​លើ​ស្មា​ផង ។​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​​ម៉ូតូ​បាន​រ៉េ​ចង្កូត​ទៅ​បុក​​​ម៉ូតូ​សង់​ កូរ៉េ​ដូច​គ្នា​ ដែល​បើក​បរ​ដោយ​ឈ្មោះ​គ្រឹប ចាន់ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ប្អេរ សង្កាត់​ប្អេរ ។ ពេល​បុក​នោះ​ជើង​ម៉ាស៊ីន​​បាន​វាត់​​ទៅ​ត្រូវ​កុមារ​រង​គ្រោះ​ដែល​កំពុង​រត់ ​លេង​តាម​ផ្លូវ​បណ្តាល​ឱ្យ​ផុង​លលាដ៍​របួស​​យ៉ាង​ធ្ងន់​ធ្ងរ​​ ហើយ​ត្រូវ​យក​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​ធំ​​ឯ​រាជ​ធានី​​ភ្នំពេញ ។

ចំណែក​ឈ្មោះ​គ្រឹប ចាន់ ក៏​រង​​របួស​បង្គួរ​ដែរ ព្រោះ​បាន​បោក​ត្រូវ​នឹង​ជើង​ម៉ាស៊ីន​ រីឯ​ម៉ូតូ​បាន​រង​ការ​ខូច​ខាត​ផ្នែក​​ខាង​មុខ​ធ្ងន់​ធ្ងរ​ដូច​គ្នា​ ។ ​ប្រភព​ដដែល​នេះ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​មាន​គ្រោះ​ថ្នាក់​នេះ​ ម៉ូតូ​ដែល​លីជើងម៉ាស៊ីន​​ដោយ​អ្នក​ជិះ​ពី​ក្រោយ​នោះ​ក៏​បាន​​បើក​​ទៅ​ប៉ះ​ នឹង​បុរស​ឈ្មោះ​គង់​ កូយ អាយុ​៥៤​ឆ្នាំ ជា​មេ​ភូមិ​កណ្តាល​ផង​ដែរ គឺ​ប៉ះ​នៅ​លើ​ខ្នង​ទំនប់​បារាំង ស្ថិត​នៅ​ក្នុង​​ភូមិ​ផ្សារ​ឆ្នាំង​ ​បណ្តាល​​ឱ្យ​មេ​ភូមិ​​រូប​​នោះ​របួស​ធ្ងន់​ ។ លុះ​ប៉ះ​មេ​ភូមិ​ហើយ​អ្នក​បើក​បរ​ទំនង​ប្រឹង​បើក​រត់​ក៏​បាន​មក​បុក​គ្នា​​​ ជា​មួយ​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​មុខ​វត្ត​យាយ​ទេព ទើប​ដួល​​បោក​ទៅ​លើ​ក្មេង​ប្រុស​បណ្តាល​ឱ្យ​​របួស​ធ្ងន់​បែប​នេះ ។​ ក្រោយ​ពី​កើត​ហេតុ​​ប៉ូលិស​ក៏​បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ​ប៊ុន ចាន់ ដែលបង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ​ ព្រោះ​ការ​ដឹក​ជញ្ជូន​របៀប​​នេះ​ គឺ​មិន​មាន​សុវត្ថិ​ភាព​ទាល់​តែ​សោះ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​មនុស្ស​ដល់​ទៅ​​ពីរ​កន្លែង ៕

No comments: