Saturday, September 4, 2010

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​បុក​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​ទាំង២

កោះសន្និភាព
ដោយ ៖ កោះឯករាជ្យ


រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​ពីរ​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​សន្លប់​បាត់​ស្មារតី​នៅ​នឹង​ កន្លែង​ ដោយ​សារ​ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​គ្នា​ពេញ​ទំហឹង​ ក្នុង​​ខណៈ​ពេល​ដែល​កំពុង​បើក​បរ​ធ្វើ​ដំណើរ​ច្រាស​​ទិស​គ្នា​តាម​ផ្លូវ​ ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។ ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​ និង​៥​នាទី​រសៀល​​ ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស៊្សី មុខ​ច្រក​ចូល​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដែល​បាន​បើក​បុក​​គ្នា​ពេញ​ទំហឹង ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំង​សង​ខាង​រង​របួស​ធ្ងន់​ធ្ងរ​នោះ មួយ​គ្រឿង​ម៉ាក យ៉ាម៉ាហា SIRIUS ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​កំពង់​ចាម 1E-8816 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Citi C100 កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ ព-៤៨៥៧ ភព១ ហើយ​អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ត​ សញ្ញាណ​ឡើយ ព្រោះ​នៅ​ពេល​ភ្លាមៗ​ នោះ​រង​របួស​ធ្ងន់​សន្លប់​បាត់​ស្មារតី​ទាំង​អស់​គ្នា ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ គេ​បាន​ឃើញ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​បើក​បរ​ធ្វើ​ដំណើរ​ច្រាស​​ទិស​គ្នា ដោយ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា SIRIUS ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ចំណែក​ឯ​ម៉ូតូ​​ម៉ាក Citi C100 កូរ៉េ បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ។ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ ម៉ូតូ​យ៉ាម៉ាហា SIRIUS បាន​បត់​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ ហើយ​ក៏​ត្រូវ​ម៉ូតូ​ C100 កូរ៉េ បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​សង​ខាង​តែ​ម្តង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​សង្គ្រោះ​បាន​ដឹ​ក​អ្នក​របួស​ទាំង​ពីរ​នាក់​នោះ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ ចំណែក​ឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​នូវ​ការ​ខូច​ខាត​ដូច​គ្នា​​ត្រូវ​បាន​ ប៉ូលិស​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដង្កោ រង់​ចាំ​ការ​ដោះ​ស្រាយ​​គ្នា​តាម​ផ្លូវ​ច្បាប់ ៕

No comments: