Friday, September 3, 2010

ប៉ូលិស​ចរាចរណ៏​និង​ប៉ូលិស​សណ្តាប់​ធ្នាប់​មាន​វិធាន​ការ​ក្តៅ​ជ្រុល

kmsdaily
ប៉ូលិស​ចរាច​រណ៏ និង​ប៉ូលិស​សណ្តាប់​ធ្នាប់​ត្រូវ​បាន​សាធារណ​មតិ​គ្រប់​មជ្ឈ​ដ្ឋាន​រិះគន់​ ដោយ​ត្រង់ៗ​ថា ជា​​អ្នក​​អនុវត្តន៌​​ច្បាប់​​តាម​​របៀប​​ហុត​​ទឹក សម្លឹង​កាក ឬ​អាច​និយាយ​បាន​ថា ជា​មនុស្ស​ដែល​ឃើញ​កន្ទេល​ធំ បន្លំដេកតែ​ម្តង។

ជាក់ស្តែងប្រជាពលរដ្ឋបានចង្អុលបង្ហាញថា ក្រុមមន្រ្តីប៉ូលិសចរាចរណ៏ដែលនៅតាមផ្លូវសាធារណៈ ពិសេស​គឺ​នៅតាមភ្លើងស្តុបស្ទើរពាសពេញទីក្រុងភ្នំពេញ បានព្យាយាមប្រើប្រាស់​តួនាទីរបស់​ខ្លួន​ទៅ​ជំរិតយកលុយពីអ្នក​ បើកបរយានយន្តគ្រប់ប្រភេទ។ ហើយក្នុងនោះអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺអ្នកបើកបរទោចក្រយានយន្ត (ម៉ូតូ) តែម្តង។

ពេលខ្លះប៉ូលិសចរាចរណ៏ ហេតុតែចង់កាក់ម៉ូតូដើម្បីផាកពិន័យ គឺពួកអស់លោកហ៊ានស្ទុះរត់កាត់មុខ​រថយន្ត (ឡាន) ដែលកំពុងតែបើកបរដោយមិនខ្លាចឡានបុកក្ស័យសង្ខារឡើយ។

ពេលខ្លះទៀតប៉ូលិសចរាចរណ៏បានប្រើអំពើហិង្សាទៅលើអ្នកបើកបរម៉ូតូយ៉ាងឃោរឃៅបំផុត រហូត​ដល់ថ្នាក់​វាយសំពងពីក្រោយ ឬស្ទាក់ផ្តួលម៉ូតូធ្វើឲ្យអ្នកបើកបរម៉ូតូដួលបែកមុខមាត់រលាត់ជើងដៃ ។ល។​និង។ល។

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញសូមផ្តល់ជាមតិខ្លះៗដល់អស់លោកប៉ូលិសចរាចរណ៏ដែលកំពុងតែប្រតិបត្តិ ​ការយ៉ាងក្តៅគគុកសព្វថ្ងៃនេះថា គួរតែពិចារណាឲ្យបានហ្មត់ចត់ផង មុន​នឹងប្រើប្រាស់​វិធានការក្តៅទៅលើអ្នក​ ក្រីក្រតូចតាចគ្មានខ្នងបង្អែកទៅតាមច្បាប់ចរាចរណ៏ដ៏ថ្មីសន្លាងនោះ។

ជាមួយគ្នានេះ អស់លោកប៉ូលិសផ្នែកសណ្តាប់ធ្នាប់ក៏ប្រើអំណាច និងតួនាទីរបស់ខ្លួនជ្រុលហួស​ហេតុដែរ ពោល​ គឺសូម្បីតែអ្នកលក់ដូរកំប៉ិកកំប៉ុកគ្រាន់នឹងទិញអង្ករកំប៉ុងយកទៅដាំបាយ​ចំអែត​ ក្រពះ ក៏អស់លោកមិនបន្ធូរដៃជា​ដាច់ខាត។

ជាក់ស្តែងគ្រាន់តែអ្នកលក់សណ្តែកដីមួយកញ្រ្ចែងនៅមុខព្រះបរមរាជវាំង និងអ្នកលក់ដូរ​កំប៉ិកកំប៉ុក​ដទៃទៀត​នៅម្តុំព្រះអង្គដងកើរ ក៏ពួកគេមិនលើកលែងឲ្យដែរ។ ហើយមានពេល​ខ្លះពួកគេបានប្រើ​កម្លាំងបាយចាប់កញ្ឆក់​ កញ្ឆែងធ្វើឲ្យកំពប់សណ្តែកដី ក៏ដូចជាអីវ៉ាន់ផ្សេងៗទៀត​អារាត់អារាយ​ពេញ​ផ្លូវយ៉ាងអាក្រក់មើលបំផុត។

ប្រជាពលរដ្ឋខ្មែរជាទូទៅយល់ឃើញថា អស់លោកក្រុមមន្រ្តីប៉ូលិសណ្តាប់ធ្នាប់គួរតែហ៊ានរៀបចំ​សណ្តាប់ធ្នាប់​ នៅកន្លែងលក់ដូរធំៗដូចជា នៅមុខភោជនីយដ្ឋានថ្មដា ផ្សារធំថ្មី និងទីដទៃទៀតដែល​តែង​តែធ្វើឲ្យបាត់បង់​សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃទើបជាការប្រសើរ។

គួរបញ្ជាក់ថា ច្បាប់ចរាចរណ៏មិនសាហាវដូចអ្នកអនុវត្តច្បាប់ចរាចរណ៏សព្វថ្ងៃនេះទេ។ ឯការរៀបចំ​សណ្តាប់​ ធ្នាប់ហាក់ដូចជាសាហាវលើសពីគោលការណ៏របស់សាលាក្រុងភ្នំពេញទៅទៀត ដែលគប្បី​ពិចារណាឡើងវិញ​ជាបន្ទាន់៕

No comments: