Saturday, September 4, 2010

ស្រវឹង​ជោ​កបើក​រថយន្ត​ឡិចស៊ីស​បុក​តោថ្ម​ស្លាប់ម្នាក់

កោះាន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ត​កំពង់​ចាម ៖ រថយន្ត​​ឡិចស៊ីសមួយ​គ្រឿងថ្មី​សន្លាងពណ៌.ស​ គ្មាន​ស្លាក​លេខ ​បាន​បោះ​ពួយ​ទៅ​បុក​ខឿនសំរាប់​ដាក់​តោថ្មនៅក្បាល​ស្ពាន​មាត់ឃ្មង់ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជីរោទី២ ស្រុក​ត្បូងឃ្មុំ យ៉ាងពេញ​ទំហឹង កាល​ពីវេលា​ម៉ោង​១ និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២៩ សីហា បណ្តាល​ឱ្យ​អ្នក​បើក​បរ​ដែល​ស្រវឹង​ស្រាផង​បានស្លាប់​មុនពេលនាំ ទៅ​ដល់​មន្ទីរ​ពេទ្យ​៧ «D» ។ តាម​មន្ត្រី​នគរ​បាល​ចរា​ចរស្រុក​ត្បូង​ឃ្មុំ​បាន​ឱ្យ​​​ដឹង​ថា អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​លី ហ៊ាង ភេទ​ប្រុស អាយុ​២៦ឆ្នាំ ​រស់​នៅ ភូមិ​សួងលិច សង្កាត់​សួង​ ក្រុង​សួង បាន​ចេញ​ពី​ផឹក​ស៊ី​នៅ​ក្លឹបផ្លា​ហ្សាក្នុងក្រុង​កំពង់​ចាម ។ បុរស​ឈ្មោះ​លី ហ៊ាង បើក​រថ​យន្ត​​តែម្នាក់​ឯង​ដោយ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ស្រា​ជោក​ជាំ​ លុះមក​ដល់​ភូមិ​ទួល​វិហារក៏បុកខឿនសំរាប់​ដាក់ទ្រ​តោថ្ម​ក្បាល​ស្ពាន​ មាត់ឃ្មង់ឡើង​ក្រពឹតរួញ​ក្រញង់តែ​ម្តង ។

លោក​គង់ ស៊ី​ហុង នាយ​ប៉ុសិ៍្ត​រដ្ឋ​បាល​ឃុំ​ជី​រោទី២បាន​ប្រាប់​តាម​ទូ​រស័ព្ទ​ថា ខណៈ​ពេល​ដែល​រថ​យន្ត​ឡិច​ស៊ីសបុកខឿន​តោថ្ម​នោះ​ គឺលាន់​ឮ​ខ្លាំង​ព្រោះ​ ជាពេល​រំលង​អធ្រា​ត្រ ​ហើយ​​រថ​យន្ត​ក៏​បានផ្ទុះពោង​សុវត្ថិ​ភាព​ដែរ ។ ដោយ​សារ កំលាំង​បុក​ខ្លាំង​ជា​ហេតុ​ធ្វើ​ឱ្យ​រថ​យន្ត​ខូច​ខាត​យ៉ាង​ដំណំ កៀប​អ្នក​បើកបរ​ជាប់​រងរបួស​ជា​ទំងន់ ហើយកំលាំងប៉ុសិ៍្ត​ និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​គាស់​ទាញ​ទំរាំ​​ចេញរួចត្រូវ​ចំណាយ​ពេល​ប្រមាណ​ ៣៥​នាទី​ និង​បាន​ហៅ​រថយន្ត​សា​មុយ​មក​ដឹក​ជា​បន្ទាន់​នាំទៅស​ង្គ្រោះ​​ តែ​ក៏​បាន​ស្លាប់​មុន​ពេលទៅ​ដល់មន្ទីរ​ពេទ្យ ។

មន្ត្រីនគរបាល​ចរា​ចរ​ស្រុក​ត្បូង​ឃ្មុំ​បញ្ជាក់ថា អ្នក​រង​គ្រោះ​ឈ្មោះលី ​ហ៊ាងមិន​ដឹង​ថា ផឹកស្រា​អស់​ប៉ុន្មាន​ទេ ដែលពេល​មកដល់​រង្វង់​មូល​ក្បាល​ស្ពាន​គី​ហ៊្សុណា​ បំរុង​នឹង​បុក​រង្វង់​មូលម្តង​ តែ​គេច​ទាន់ លុះ​ពេល​ទៅ​ដល់​ភូមិ​ទួល​វិហារ ក៏ បុក​ខឿន​បេតុង ​ដាក់ទ្រ​តោ​ថ្មយ៉ាង​ពេញ​ទំហឹង ដោយ​​ក្នុងរថ​យន្តជិះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ។ ក្រោយ​ឧប្បតិ្ត​ហេតុ​គ្រោះថ្នាក់​​នេះ រថ​យន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ត្បូង​ឃ្មុំ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ៕

No comments: