ភ្នំពេញ ៖ រថយន្តម៉ាកកាមរី គូថស្វិត១គ្រឿង ដែលគេដឹងថា បានដឹកចាស់ទុំពេញរថយន្ត ដើម្បីទៅដណ្ដឹងកូនគេ ត្រូវបានទទួលរងដោយការវាយបំបែកកញ្ចក់ខាងក្រោយខ្ទេច ក្នុងខណៈពេលដែលរថយន្ត១គ្រឿងនេះ ម្ចាស់របស់វាបញ្ជាទៅបុកម៉ូតូ២គ្រឿង ហើយជ្រុលទៅបុកផ្ទះគេយ៉ាង ពេញទំហឹងរួចមកនោះ។
ហេតុការណ៍គ្រោះ ថ្នាក់ចរាចរខាងលើ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១០ វេលាម៉ោង ១០និង៣០នាទីនៅចំណុចផ្ទះលេខ៨ ផ្លូវគឹមអ៊ិលស៊ុង សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក។
រថយន្តបង្កពាក់ស្លាកលេខ ឆ.៣៧៩៤ ភព២ បើកបរដោយឈ្មោះតូច ធី អាយុ៤៨ឆ្នាំ មុខរបរ បុគ្គលិកធនាគារជាតិកម្ពុជា ស្នាក់នៅផ្ទះលេខ៨៩ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។រថយន្តបង្កមួយគ្រឿងនេះបានកំពិតអស់ផ្នែកមុខ និងបែកកញ្ចក់ផ្នែកខាងក្រោយ ដោយការវាយបំផ្លាញពីម្ចាស់ផ្ទះរងគ្រោះ។
ចំណែកម្ចាស់ផ្ទះរងគ្រោះត្រូវបានគេ ស្គាល់ឈ្មោះណៃ ចន្នី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ រ៉ឺម៉ក ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កបានដឹកចាស់ទុំចំនួន៥នាក់ ដើម្បីទៅដណ្ដឹងកូនក្រមុំគេនៅម្ដុំរង្វង់មូលកាំកូស៊ីធី ដោយបើកបរតាមបណ្ដោយផ្លូវគឹមអ៊ិលស៊ុង ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់មកដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលចង្កូតទៅបុក ម៉ូតូដែលបើកបរស្របទិសគ្នា បណ្ដាលឲ្យដួល២គ្រឿង និងរងរបួសមនុស្សម្នាក់ជាមធ្យម។ ខណៈ នោះរថយន្តជ្រុលចង្កូតទៅបុកផ្ទះគេបន្ថែមទៀត បណ្ដាលឲ្យផ្ទះឈើជញ្ជាំងស័ង្កសីខូចខាតអស់មួយ ចំនួន។ ក្នុងស្ថានភាពបែបនេះ បានធ្វើឲ្យម្ចាស់ផ្ទះ ឈ្មោះណៃ ចន្នី ខឹងសម្បារនិងរថយន្តបង្កយ៉ាង ខ្លាំងរហូតយកឈើរឹងស្ទុះទៅវាយបំបែកកញ្ចក់រថយន្តផ្នែកខាងក្រោយ បែកខ្ទេចអស់ និងគំរាមឲ្យ ម្ចាស់រថយន្តសងការខូចខាតថែមទៀត។
No comments:
Post a Comment