Friday, April 9, 2010

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា ស្លាប់​ម្នាក់​របួស ៤ នាក់

CEN News
ដោយ : សុ​ពិសិដ្ឋ
ភ្នំពេញ: សាក្សី​និយាយថា មន្ត្រីប៉ូលិស​ក្រុង​ភ្នំពេញ ២ នាក់ បើក​ប្រដេញ​ម៉ូតូ​ស្ទាវ​អត់​ពាក់​មួកសុវត្ថិភាព ក៏​ជួប​គ្រោះថ្នាក់​បុក​ម៉ូតូ ១ គ្រឿង ដែល​ធ្វើដំណើរ​ច្រាសទិស បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួស ៤ នាក់ ។​
​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០ នាទី​យប់​ថ្ងៃទី ៦ មេសា​នេះ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​មួយ ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ 6A សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ ។​
​ប៉ូលិស​និយាយថា ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ​ហួន អូន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅ​តាម​ការដ្ឋាន (​ប្រពន្ធ​ឈ្មោះ ឡូ សុខ​ភ័ណ្ឌ អាយុ ២៣ ឆ្នាំ​) ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​ណៃ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1I 5422 ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ ៣ នាក់ ទៀត​របួសធ្ងន់​ដេកពេទ្យ​កាល់ម៉ែ​ត ។​
​ចំណែក​ម៉ូតូ​ម្ខាង​ទៀត​ម៉ាក HONDA ពណ៌​ត្រួយ​ចេក ស្លាក​លេខ ន​ប​1 1380 បើកបរ​ដោយ​ឈ្មោះ ​កែវ វីចី អាយុ ២៤ ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌមានជ័យ អ្នករួមដំណើរឈ្មោះ ផន សុខជា អាយុ២៦ ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ពួកគេ​ជា​មន្ត្រីប៉ូលិស​ការិយាល័យ​អន្តរាគមន៍​ក្រុងភ្នំពេញ របួស​ធ្ងន់​ទាំង ២ នាក់ ដេកពេទ្យ​កាល់ម៉ែត ។​
​សាក្សី​និយាយថា ដំបូង​គេ​ឃើញ​មន្ត្រីប៉ូលិស ២ នាក់ ដេញ​ម៉ូតូ​ក្មេងស្ទាវ​មួយ​គ្រឿង ដែល​បើកបរ​អត់​ពាក់​មួកសុវត្ថិភាព និង​កញ្ចក់ តាម​ផ្លូវជាតិ​លេខ 6A ពី​លិច​ទៅ​កើត ។ លុះដល់​ចំណុច​ខាងលើ​ស្រាប់តែ​ម៉ូតូ​ណៃ​បើក​វ៉ា​រថយន្ត ១ គ្រឿង ចូល​ចំណែក​ផ្លូវ​ម្ខាង ក៏​បុក​ជាមួយ​ម៉ូតូ​ប៉ូលិស បណ្តាលឲ្យ​គ្រោះថ្នាក់​ធំ​តែ​ម្តង ។​
​បច្ចុប្បន្ន​ម៉ូតូ​ទាំង ២ រក្សាទុក​នៅ​សង់​ត្រាល់ ។ សព​តម្កល់​នៅ​វត្ត​ពោធិចិនតុង និង​អ្នករបួស​ដេក​ពាក្យ​កាល់ម៉ែ​ត ៕
អានបន្ថែម

No comments: