មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនា នៅទូទាំងប្រទេស
បានសម្លាប់មនុស្ស ១៥៣នាក់ ហើយបើប្រៀបធៀបនឹងខែកុម្ភៈ ចំនួនគ្រោះថ្នាក់
បានកើនឡើង ប៉ុន្តែអត្រាអ្នកស្លាប់បានថយចុះ។ កញ្ញាទូច រង្សី ធ្វើសេចក្តីរាយ
ការណ៍ពីរាជធានីភ្នំពេញមកថា គ្រោះថ្នាក់ចរាចរណ៍គឺកើតឡើងដោយសារអ្នក
បើកបរមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។
លោកព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាលេខាធិការ
ដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក មានប្រសាសន៍ថា គ្រោះថ្នាក់
ចរាចរណ៍នៅទូទាំងប្រទេសក្នុងខែមីនា ឆ្នាំ២០១០ កន្លងទៅនេះមានចំនួន
៥៣៩ លើក បានសម្លាប់មនុស្ស ១៥៣ នាក់, របួសធ្ងន់ ៥២៦ នាក់ និងរបួស
ស្រាល ៤៧៣ នាក់។ ប្រៀបធៀបទៅនឹងខែកុម្ភៈ គឺកើនឡើងនូវចំនួនគ្រោះថ្នាក់
និងចំនួនជនរងរបួសធ្ងន់ និងស្រាល តែចំនួនអ្នកស្លាប់បានថយចុះ ៧ ភាគរយ ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ មានចំនួន ៥៣៨ លើក បានសម្លាប់មនុស្ស ១៦៤
នាក់, របួសធ្ងន់ ៤៥៧ នាក់ និងរបួសស្រាល ៤៣៣ នាក់ ។
លោកបន្តថា មន្ត្រីសុវត្ថិភាពផ្លូវគោក មានផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្សព្វផ្សាយ ការអប់រំច្បាប់ចរាចរណ៍ និងប្រើ
កម្លាំងសមត្ថកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ នៅតាមផ្លូវសាធារណៈ ។
« សំឡេង »
មន្ត្រីអង្គការជនពិការអន្តរជាតិបែលហ្សិក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍
ដែលកើតមាននៅកម្ពុជា គឺភាគច្រើនអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍
បានត្រឹមត្រូវ បើកបរក្នុងភាពស្រវឹង បើកបរមានល្បឿនលឿនហួសការកំណត់
នៃច្បាប់។ នេះមានន័យថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាននៅក្នុងប្រទេស
កម្ពុជាកន្លងមក គឺកើតឡើងដោយសារកត្តាមនុស្សខ្លួនឯង ជាជាងគ្រោះថ្នាក់
ដែលកើតពីខុសបច្ចេកទេស នៃគ្រឿងម៉ាស៊ីន និងគ្រោះថ្នាក់ដែលកើតពីកត្តា
ធម្មជាតិ។
លោក ប៉ែន ឃុន អនុប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោក
នៃស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា នៅក្នុងខែមីនា
កន្លងទៅនេះ នៅរាជធានីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៧
លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ១៣ នាក់, របួសធ្ងន់ ៣៣ នាក់ និង
របួសស្រាល ១៦ នាក់។ ចំនួនគ្រោះថ្នាក់ និងចំនួនអ្នករបួសខាងលើនេះ
បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឃើញថាមានការថយចុះច្រើន តែចំនួនជន
រងគ្រោះដល់ស្លាប់មានចំនួនស្មើគ្នា។ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកុម្ភៈ
នាទីក្រុងភ្នំពេញ មានចំនួន ៥៧ លើក, របួសធ្ងន់ ៥៧ នាក់ និងរបួស
ស្រាល ៣៤ នាក់៕
No comments:
Post a Comment