Sunday, April 18, 2010

មនុស្ស​៧​នាក់​ស្លាប់​និង​៥០​នាក់​របួស​នៅ​ រតនគិរី​ក្នុង​ពេល​ចូល​ឆ្នាំ

របាយការណ៍​ពី​ក្រុម​ប៉ូលិស​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា មនុស្ស ៧​នាក់​ស្លាប់ និង​ប្រមាណ​ជិត ៥០​នាក់​ផ្សេង​ទៀត​រង​របួស ដោយសារ​គ្រោះថ្នាក់​ដោយ​ឡែក​ៗ​ផ្សេង​គ្នា នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ រយៈពេល​បី​ថ្ងៃ​កន្លង​មក​នេះ។

ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតនគិរី លោក ហ៊ីង ថានសុគន្ធា បាន​រៀបរាប់​បែប​នេះ​ថា ៖ «គ្នា​អ្នក​នៅ​ហ្នឹង​កំពុង​តែ​វេទនា​ហ្នឹង​ ហើយ។ ទាំង​ខ្ញុំ​គ្មាន​ទៅ​ណា​រួច​ផង នៅ​ហ្នឹង​រហូត។ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​១៥​ហ្នឹង គ្រាន់​តែ​ចូល​ម្ដង​មួយ​ឆាវ​ៗ ពិបាក។ ដូច​យប់​មិញ​អី លេង​ប្រមាណ​ដល់​ម៉ោង ១២ ម៉ោង ១​អី​បាន​ហើយ ដេរ។ រវល់​អ៊ីចឹង​ហើយ មាន​អ្នក​វះ ឆ្លង​ទន្លេ​អត់​រួច​ទៀត!»

នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មេសា បុរស​ជនជាតិ​ភាគ​តិច​ទំពួន អាយុ ៣៥​ឆ្នាំ មួយ​រូប រស់​នៅ​ស្រុក​អូរ​ជុំ បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​បឹង​យក្ខ​ឡោម ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្លាប់។ មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១៧ មេសា​នេះ គេ​នៅ​មិន​ទាន់​ឃើញ​សាកសព​បុរស​នោះ​អណ្ដែត​ចេញ​ពី​ទឹក​មក​វិញ​នៅ​ឡើយ​ទេ។

សរុប​ករណី​ស្លាប់​ដោយ​លង់​ទឹក​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា នៅ​ខេត្ត​រតនគិរី គឺ​មាន​មនុស្ស​ស្លាប់​ចំនួន ៣​នាក់។ ស្លាប់​ដោយ​លង់​ទឹក​ក្នុង​បាក់​ខ្សាច់​នៅ​រមណីយដ្ឋាន​តាតៃ ស្រុក​លំផាត់ និង​ស្លាប់​នៅ​រមណីយដ្ឋាន​បឹង​យក្ខ​ឡោម។ ឯ ៤​នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​នោះ​មាន​មនុស្ស ២០​នាក់​របួស​ធ្ងន់ និង ២២​នាក់​ទៀត​របួស​ស្រាល។

ប៉ូលិស​ចរាចរណ៍​បាន​រាយ​ការណ៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មេសា នៅ​ស្រុក​អូរ​ជុំ​មាន​ករណី​ឡាន​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​ មនុស្ស​ម្នាក់។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៥ មេសា ជា​ថ្ងៃ​ទី​២ នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​មាន​គ្រោះថ្នាក់​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត ក្នុង​នោះ​មាន​ការ​ក្រឡាប់​គោ​យន្ត ២​ករណី នៅ​ស្រុក​បរកែវ និង​ស្រុក​លំផាត់ ដែល​បាន​សម្លាប់​មនុស្ស ៣​នាក់​ភា្លម​ៗ និង​របួស​សរុប ២០​នាក់។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី លោក ចាន់ សារិន បាន​បញ្ជាក់​ថា គោ​យន្ត​ច្នៃ​មួយ​គ្រឿង​បាន​ផ្ទុក​មនុស្ស​ជាង ៣០​នាក់ ជា​កម្មករ​ចម្ការ​កៅស៊ូ មាន​បំណង​មក​លេង​ក្រុង​បានលុង នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា បាន​ក្រឡាប់​ដោយសារ​បែក​កង់​នៅ​ចំណុច​ភូមិ​ផ្អរ ឃុំ​កិចុង ស្រុក​បរកែវ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ ២​នាក់​ទៀត​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ។

លោក ចាន់ សារិន បាន​បញ្ជាក់​ថា ៖ «មាន​ការ​របួស ៣០​នាក់​ដែល​របួស​ធ្ងន់។ ការ​ស្លាប់​នៅ​ទី​កន្លែង​នោះ ម្នាក់ ហើយ​មក​ដល់​មន្ទីរ​ពេទ្យ​ស្លាប់​ម្នាក់​ទៀត។ វា​បណ្ដាល​មក​ពី​បើក​បរ​គោ​យន្ត​ហ្នឹង​ខ្វះ​ការ​ត្រួត​ពិនិត្យ ធូរ​កង់​មុខ​ហើយ ខំ​បើក​លឿន​ទៅ ផ្ទុះ​ក្រឡាប់!»

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ករណី​ក្រឡាប់​គោ​យន្ត​ប្រភេទ​កន្ត្រៃ ផ្ទុក​មនុស្ស ១០​នាក់ នៅ​ចំណុច​ផ្លូវ​កោង​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ទឹក​ជ្រោះ ៧​ជាន់ បណ្ដាល​ឲ្យ​មនុស្ស​របួស​ធ្ងន់ ២​នាក់ និង​របួស​ស្រាល ៨​នាក់​កាល​ពី​ថ្ងៃ​ទី​១៥ មេសា។ ជាមួយ​គ្នា​ដែរ​មាន​បុរស ២​នាក់​បាន​ជិះ​ម៉ូតូ​បុក​គ្នា លើ​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹក​ជ្រោះ ៧​ជាន់ បណ្ដាល​ឲ្យ​របួស​ធ្ងន់​ម្នាក់​ផង​ដែរ។

លោក គង់ ស៊្រុន បាន​មាន​ប្រសាសន៍​ថា ៖ «មក​ពី​កាលេថង​ហ្នឹង​វា​ចង្កូត ​វែង។ ផ្លូវ​កន្លែង​ហ្នឹង​វា​រាង​កាច់​មែន សូម្បី​តែ​ខ្ញុំ​បើក​ឡាន​ទៅ​កន្លែង​ហ្នឹង​ក៏​ពិបាក​កាច់​ចង្កូត​ដែរ​ហ្នឹង»

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ទទូច​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ពិនិត្យ និង​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ចំពោះ​ការ​ប្រើប្រាស់​គោ​យន្ត​ច្នៃ​ជា​ ច្រើន ដែល​គេ​ដឹង​ថា មិន​មាន​សុវត្ថិភាព​គ្រប់គ្រាន់​បាន​ធ្វើ​ចរាចរណ៍ និង​ដឹក​ជញ្ជូន​ដែល​បង្ក​នូវ​គ្រោះថ្នាក់​ជា​ញឹកញាប់ និង​ស្នើ​ឲ្យ​គិតគូរ​អំពី​ការ​ពង្រឹង​ឲ្យ​មាន​ប័ណ្ណ​បើកបរ​ផង។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​អះអាង​ថា ៖ «ដល់​ពេល​វេលា​ហើយ សូម​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​មូលដ្ឋាន​ទាំង​អស់ ដែល​ប្រើប្រាស់​រថយន្ត​កែ​ច្នៃ​ហ្នឹង ត្រូវ​មាន​ប័ណ្ណ​បើកបរ ហើយ​ជា​ពិសេស ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ថ្លឹងថ្លែង​តាកេ​ឲ្យ​បាន​គ្រប់គ្រាន់»

នៅ​ខេត្ត​រតនគិរី​មាន​គោ​យន្ត​ច្នៃ​ប្រមាណ​ជាង ១០០​គ្រឿង មិន​ត្រឹម​តែ​ប្រើប្រាស់​នៅ​ក្នុង​ព្រៃ ឬ​ចម្ការ​នោះ​ទេ តែ​គេ​បាន​យក​មក​ប្រើ​ក្នុង​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ។ គេ​បាន​យក​មក​ដឹក​មនុស្ស​ច្រើន​ហួស​ហេតុ ពិសេស​នៅ​ពេល​មាន​ពិធី​បុណ្យ​កម្សាន្ត​សប្បាយ​ម្ដង​ៗ ហើយ​ជា​ញយ​ៗ​បាន​ក្រឡាប់​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​ជា​ច្រើន៕
អានបន្ថែម

No comments: