Sunday, April 18, 2010

មនុស្ស​២​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ ចរាចរណ៍​នៅ​ក្រចេះ

វិទ្យុអាស៊ីសេរី

មាន​មនុស្ស ២​នាក់​បាន​​ស្លាប់ និង​​៦​នាក់​ផ្សេង​ទៀតរង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​មួយ​ នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​វេលា​ម៉ោង​ប្រមាណ ១២ និង ២៥​នាទី ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១០​នេះ។

សាក្សី​មួយ​រូប​ឈ្មោះ សុខ សុភក្រ្តា ដែល​ស្ថិត​ក្នុង​រថយន្ត​នោះ បាន​និយាយ​ឲ្យ​ដឹង​ថា រថយន្ត​ក្រឡាប់​នោះ​ជា​ប្រភេទ Lexus ហើយ​បាន​ខូចខាត​ស្ទើរ​ទាំង​ស្រុង បន្ទាប់​ពី​ក្រឡាប់​ជា​ច្រើន​ជុំ។

ក្នុង​គ្រោះ​ថ្នាក់​ក្រឡាប់​ឡាន​នេះ មាន​អ្នក​បើកបរ​ម្នាក់ និង​ស្ត្រី​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​នោះ​មាន​របួស​ធ្ងន់​ជាង​គេ​ម្នាក់ របួស​បាក់​ដៃ​បាក់​ជើង​ចំនួន ៤​នាក់ និង​របួស​ស្រាល​ម្នាក់។

លោក សុខ សុភ្រ្តា និយាយ​អំពី​មូលហេតុ​នៃ​ការ​ក្រឡាប់​នោះ​ថា អាច​បណ្ដាល​មក​ពី​ការ​បែក​កង់​មុខ​ខាង​ឆ្វេង ៖ «ឡាន​ហ្នឹង​និយាយ​ទៅ​អត់​ ទាន់​ដឹង​ច្បាស់​ថា​មូលហេតុ​បែក​កង់ ឬ​មួយ​ក៏​ប៉ះ​គ្នា​អត់​ដឹង គ្រាន់​តែ​ច្បាស់ៗ អ្នក​ភូមិ​ហ្នឹង​គាត់​ថា ឡាន​ហ្នឹង​បែក​កង់។ ពួក​ខ្ញុំ​អត់​ទាន់​មាន​នរណា​ដឹង​ច្បាស់​ទេ ក្រឡាប់​ឡាន ដឹង​ខ្លួន​ឡើង​គឺ​នៅ​ក្រៅ​ឡាន។ ខ្ទាត​ចេញ​ពី​ឡាន​មក​ទាំង​អស់។ អត់​មាន​នរណា​នៅ​ក្នុង​ឡាន​ទេ»

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក ជួង សៀងហាក់ បាន​សន្និដ្ឋាន​អំពី​គ្រោះថ្នាក់​ជា​បឋម​លើ​ស្ថានភាព​​ជាក់​ស្ដែង​ថា ឡាន​បាន​បែក​កង់​និង​របូត​កាឡេ។

លោក ជួង សៀងហាក់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​សន្និដ្ឋាន​មិនមែន​ជា​ ឯកទេស ប៉ុន្តែ​ជា​ទម្លាប់​ដែល​ធ្លាប់​មាន​បទពិសោធន៍ ពីព្រោះ​ប្រភេទ Lexus ក៏​វា​មិន​ងាយ​នឹង​របូត​អា​ក្បាល​ត្រងោល​ហ្នឹង​បាន​ដែរ។ ប៉ុន្តែ​បើ​សិន​ណា​វា​បែក​កង់​ហើយ វា​រមួល​យ៉ាន់ គឺ​វា​ទៅ​ហើយ ព្រោះ​វា​ដូច​ដៃ​យើង​ដួល​ទៅ​វា​បត់​មក​ក្រោយ​វិញ​អ៊ីចឹង។ យើង​សន្និដ្ឋាន​អ៊ីចឹង ប៉ុន្តែ​យើង​មិន​មែន​ជា​អ្នក​បច្ចេកទេស​ទេ។ នេះ​ដោយសារ​ឃើញ​ជាក់​ស្ដែង វា​របូត​កាឡេ​ចេញ​ពី​យ៉ាន់​កង់​ហ្នឹង។ អ៊ីចឹង​យើង​គិត​ថា វា​បែក​ហើយ​បាន​បត់​អា​យ៉ាន់​ហ្នឹង​មក​ក្រោយ វា​ទៅ​មុខ​មិន​រួច។ វា​អូស​ប៉ុន្មាន​ត្រឡប់ ហើយ​ទៅ​ប៉ះ​ឡាន​កាមរី​៩១ គេ​ទៀត​នោះ»

លោក​មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​ដែល​ស្លាប់​នោះ លោក​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ហើយ​ក៏​មិនមែន​ជា​សមាជិក​គ្រួសារ​របស់​អ្នក​ស្លាប់​ម្នាក់​ទៀត និង​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត​ដែរ។

លោក ជួង សៀងហាក់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ម្នាក់​នោះ​ដូចជា​ស្ថិត​ ក្នុង​ក្រុម​គ្រួសារ​រួម​ដំណើរ​ជាមួយ​គ្នា។ ឯ​ម្នាក់​ទៀត​ស្រី​នេះ ដូច​ជា​អ្នក​សុំ​ជិះ អត់​ទាន់​រក​អត្តសញ្ញាណ អត់​ទាន់​រក​ស្អី​ឃើញ​ទេ»

អានបន្ថែម

No comments: