Sunday, July 11, 2010

ក្រុម​គ្រួសារ​អាណិកជន​ខ្មែរ​រស់នៅ ប្រទេស​បារាំង​៦​នាក់​ស្លាប់​ក្នុង​រថយន្ដ​គួរ​ឱ្យ រន្ធត់​លើ​ផ្លូវជាតិ​លេខ​៦






កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ដសៀមរាប ៖ យ៉ាង​ហោច​ណាស់មនុស្ស​៦​នាក់ បាន​ស្លាប់​ក្នុង​ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បំផុត​រវាង​ រថយន្ដ​កូ​រ៉ូ​ឡា និង​រថយន្ដ​ស៊ី​​ទែន​ដឹក​ប្រេង លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​៥ កក្កដា នៅ​ចំណុច​ភូមិ​រកា​កំបុត ឃុំត្រ​ញំ​ង​ធំ ស្រុក​ប្រាសាទបាគង ។ អ្នក​ដែល​រងគ្រោះ​ទាំង​៦​នាក់​នេះ គឺជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង និង​ជា​ក្រុម​គ្រួសារ​តែ​មួយបាន​ជិះ​រថយន្ដ​កូ​រ៉ូ​ឡា ស៊េរី​៩៣ ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ឆ​-៥៥៨៥ ភព​២ ដែល​បានបើកបរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ដសៀមរាប (​បើកបរ​ពី​លិចទៅ​កើត​) ។

មូលហេតុ​ដែល​បណ្ដា​ឱ្យ​ជួប​គ្រោះថ្នាក់​ដ៏មហន្ដរាយ​ នេះ​មិន​ទាន់​មានការ​បញ្ជាក់​អះអាង​ជា​ផ្លូវការ​នោះ​ទេ តែ​តាម​មន្ដ្រី​ប៉ូលិសជំនាញ​ខាង​ចរាចរណ៍ ស្រុក​ប្រាសាទបាគង បាន​សន្និដ្ឋាន​ថា យោង​តាម​ការ​ត្រួតពិនិត្យ គឺរថយន្ដ​កូ​រ៉ូ​ឡា​ទំនងជា​បើក​វ៉ា​យានយន្ដ​ណាមួយ តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចូល​មក​ទ្រូងផ្លូវខាងឆ្វេង ខណៈ​រថយន្ដ​ស៊ីទែន​ដឹក​ប្រេងរបស់​ក្រុមហ៊ុន​សា​វី​ម៉ិច បើក​មក​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែ​ម្ដង ។ មហន្ដរាយ​នេះ ធ្វើ​ឱ្យ​រថយន្ដស៊ីទែន​ដឹក​ប្រេង​ធ្លាក់​ពី​ផ្លូវ​ចូល​ទៅ​វាលស្រែចំងាយ​ ប្រមាណ​១០​ម៉ែត្រ​។ រីឯ​រថយន្ដ​កូ​រ៉ូ​ឡាខ្ទេច​មុខ​សល់​តែ​គូទ​បន្ដិច​ខ្ទាត​ធ្លាក់​ចុះ​ពី​ ផ្លូវ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបររថយន្ដ​ស៊ីទែន​ដឹក​ប្រេង បាន​គេចខ្លួន​បាត់ ដោយ​ទុក​ចោល​រថយន្ដ​នៅ​កន្លែង​កើតហេតុ​។

ចំពោះ​សព​អ្នក​រង​គ្រោះ​ទាំង​៦​នាក់ ដែលក្នុង​នោះ​មាន​ស្ដ្រី​៣​នាក់ គឺ​គេ​អាច​យក​ចេញបាន​តែ​៥​នាក់​ទេ ចំណែក​សព​ស្ដ្រី​ម្នាក់​ត្រូវ​បានកៀប​ជាប់​នៅ​ផ្នែក​ខាងស្ដាំ​រថយន្ដ​ដែល​ រហូត​ដល់​ម៉ោង​៧​កន្លះ​យប់​ទៅ​ហើយ ក៏​នៅ​មិនទាន់​អាច​យក​ចេញ​បាន​នៅឡើយ​ទេ ហើយសមត្ថកិច្ច​ក៏​កំពុង​រក​វិធី​កាត់​ដែក​ដើម្បី​យកសព​ចេញ ។ លោក​អនុសេនីយ៍ឯក ប៉ោ ច​ន្ថា នាយ​ផ្នែក​ចរាចរ​ស្រុក​ប្រាសាទបាគង បានឱ្យដឹង​ពី​អត្ដសញ្ញាណ​គ្រួសារ​អាណិកជន​ដែលស្លាប់​នេះ​ជា​ឪពុក​ម្ដាយ និង​កូន​៤​នាក់ ដែលបាន​ទិញ​ដី និង​ចុះ​ឈ្មោះ​ធ្វើ​សៀវភៅ​គ្រួសារ នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ផង​ដែរ គឺ​ឪពុក​ឈ្មោះ​ផូ សៅ​ឃុន ឆ្នាំកំណើត​១៩៥២ ម្ដាយ​ឈ្មោះ​កែវ ទី​មូ​នឹក ឆ្នាំកំណើត​១៩៥១ និង​កូន​៤​នាក់ ១-​ឈ្មោះ​ផូ ឃុ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨២, ២-​ឈ្មោះ​ផូ កែវ​រស្មី ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៣, ៣-​ឈ្មោះ​ផូ ពុទ្ធា​រិ​ទ្ធ ភេទ​ប្រុស ឆ្នាំកំណើត​១៩៨៥ និង​៤-​ឈ្មោះ​ផូ មូ​នី​កា ភេទស្រី ឆ្នាំ​កំណើត​១៩៩០ ។នេះ​ជា​សោកនាដកម្ម​នៃ​គ្រួសារ​អា​ណិ​កជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ដែល​ ស្មាន​មិនដល់​ថា ទាំង​ឪពុក​ម្ដាយ និង​កូន​បាន​ស្លាប់​នៅពេល​តែ​មួយ​បែប​នេះ​ឡើយ ។ សព​ត្រូវ​បានសមត្ថកិច្ច​បញ្ជូន​មក​រក្សា​ទុក​នៅ​មន្ទីរពេទ្យ ខេត្ដសៀមរាប ៕

No comments: