Sunday, July 18, 2010

ជិះ​ម៉ូតូ​បញ្រ្ចាស​ទិស​បុក​គ្នា​ស្លាប់​ម្នាក់

កម្ពុជាថ្មី

ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជួយ​សង្រ្គោះ​បាន​បន្តិច​បន្ទាប់ ​ពី​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរ​ដោយ​ម៉ូតូ​១​គ្រឿង បើក​បញ្ច្រាស​ទិស​មក​បុក​ពេញ​ទំហឹង។

គ្រោះ​ថ្នាក់​ចរាចរ​នេះ បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​៣​និង​៥០​នាទី រំលង​អធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១០ នៅ​ចំណុច​ផ្លូវ​នេរុហ៍ កែង​ផ្លូវ​លេខ​៣៣៦ សង្កាត់​វាល​វង់ ខណ្ឌ​៧ មករា រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ ឈ្មោះ​គ្រី ជីវ័ន្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទី​លំ​នៅ​ផ្ទះ​លេខ ២៦ ផ្លូវ​ជាតិ​លេខ​៥ ភូមិ​ទី​៣ សង្កាត់ ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​អាយខុន ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ 5539 ប៉ុន្តែ​មិន​មាន​ពាក់​មួយ​ការពារ​សុវត្ថិភាព​នោះ​ទេ ដោយ​ឡែក​ភាគី​បង្ក​ហេតុ​មាន​ឈ្មោះ​ង៉ែត សុផាន់ ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របរ​ជា​អ្នក​ចម្រៀង មាន​ទី​លំនៅ​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​១៦ ភូមិ​សន្សំ កុសល​១ សង្កាត់​បឹង​ទំពន់ ខណ្ឌ​មានជ័យ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​គ្លីក​ពណ៌​ខ្មៅ​លាយ​លឿង ពាក់​ស្លាក លេខ​ភ្នំពេញ 1L9900។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ភ្លាម​ៗ​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​ស្នង​ការ រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍​វាស់​វែង​និង​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ជំនាញ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ។ ដោយ​ឡែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់​ញាតិ យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

No comments: