Wednesday, July 21, 2010

គ្រោះថ្នាក់​ចរាចរ ២ លើក ស្លាប់ ២ របួសធ្ងន់ ២

CEN News
ភ្នំពេញ: យ៉ាងហោច​ណាស់​នៅ​រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​​កើតឡើង ២ លើក បណ្តាលឲ្យ​មនុស្ស ២ នាក់ ស្លាប់​ភ្លាមៗ និង ២ នាក់​ទៀត របួសធ្ងន់ ។​

* ករណី​ទី​១: វេលា​ម៉ោង ១១ និង ៣០ នាទី​ថ្ងៃ​ទី ១៩ កក្កដា​ទៅនេះ នៅ​ចំណុច​ផ្លូវ​ទំនប់​កប់​ត្រូវ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មាន​ករណី​រថយន្ត​ធុន​ធំ ១ បើក​កិន​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ។ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក ISUZU ពណ៌​ខៀវ ស្លាក​លេខ ក​៤៩៩៣ ភព​៣ អ្នកបើកបរ​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ីន ប៉ុង ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នា​គារ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​ស្លាប់​) បើក​ម៉ូតូ​ម៉ាក HONDA C100 ពណ៌​ក្រហម ស្លាក​លេខ ឃ ១៤៤៩ ភព​១ អ្នករួមដំណើរ​ម្នាក់​ទៀត ពុំ​ទាន់​ស្គាល់​អត្តសញាណ របួសធ្ងន់​ដេកពេទ្យ​ឯកជន ។​

​ មុន​កើតហេតុ រថយន្ត​បើក​ពី​កើត​ទៅ​លិច ហើយ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ដែល​ធ្វើដំណើរ​ច្រាសទិស ចំ​ពីមុខ​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​ភ្លាម និង​អ្នករួមដំណើរ​របួសធ្ងន់ ។ រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​ក្រុង ។​

* ករណី​ទី​២: វេលា​ម៉ោង ៦ និង ៥៥ នាទី​ល្ងាច​ថ្ងៃ​ដដែល នៅមុខ​ផ្ទះ​លេខ ២៩៤ ផ្លូវ​ចម្ការ​ដូង សង្កាត់​-​ខណ្ឌដង្កោ មាន​ករណី​រថយន្តបុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ។​

​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​កា​មម៉ាស់ ពណ៌​ស ស្លាក​លេខក ០៤៥២ ភព​៣ បើកបរ​ដោយ​ឈ្មោះ ភាព ពន្លក ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ស្នាក់​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ( ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ) បើក​ពី​ត្បូង​ទៅ​ជើង​បុក​ម៉ូតូ​ដែល​ធ្វើដំណើរ​ច្រាសទិស​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់ ។ ជនរងគ្រោះ​ឈ្មោះ លា​ម ធីតា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជា​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បើក​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ស្លាក​លេខ​មិន​ច្បាស់ ។

អ្នករួមដំណើរ​ពុំទាន់​ស្គាល់ឈ្មោះ ភេទ​ស្រី របួសធ្ងន់​ដេកពេទ្យ​ឯកជន ។ រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​សង់​ត្រាល់ ៕

No comments: